ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

ក្រសួងបរិស្ថាន៖ រដូវប្រាំងអំឡុងខែធ្នូដល់ខែមេសា ស្ថានភាពខ្យល់អាចប៉ះពាល់ដល់សុខភាព

១៤ ធ្នូ ២០២០ | ព័ត៌មានជាតិ

ក្រសួងបរិស្ថាន ដាក់ចេញវិធានការមួយចំនួន ដើម្បីការពារបញ្ហាការបំពុលខ្យល់។ ការបំពុលខ្យល់ ដែលក្រសួង បានដឹងថា ជារៀងរាល់ឆ្នាំ នៅពេលចាប់ផ្តើមឈានចូលដល់រដូវប្រាំង ជាពិសេស ក្នុងអំឡុងខែធ្នូ ដល់ខែមេសា ស្ថានភាពគុណភាពខ្យល់ ធ្លាក់ចុះគួរឲ្យបារម្ភ ដែលអាចជាហានិភ័យបង្កការប៉ះពាល់សុខភាព ប្រជាពលរដ្ឋ និងបរិស្ថាន។

 


ជារៀងរាល់ឆ្នាំនៅពេលចាប់ផ្តើមឈានចូលដល់រដូវប្រាំង ជាពិសេស ក្នុងអំឡុងខែធ្នូ ដល់ខែមេសា និងយោងតាមលទ្ធផលនៃការអង្កេតតាមដានគុណភាពខ្យល់ ដែលក្រសួងបរិស្ថានបានដំឡើងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តទាំងអស់បានបង្ហាញថា ស្ថានភាពគុណភាពខ្យល់មានការធ្លាក់ចុះគួរឱ្យបារម្ភ ជាពិសេសកំណើនកំហាប់ភាគល្អិតនិចលអណ្តែតក្នុងខ្យល់ (PM10 និង PM2.5) មានកម្រិតលើស្តង់ដាកំណត់ ដែលអាចជាហានិភ័យបង្កការប៉ះពាល់សុខភាព ប្រជាពលរដ្ឋ និងបរិស្ថាន។ នេះបើតាមការឲ្យដឹងពីក្រសួងបរិស្ថាន។

 


ក្រសួងបរិស្ថានបានបញ្ជាក់ថា តាមការអង្កេត ប្រភពនិងសកម្មភាពសំខាន់ៗដែលជាហេតុបង្កឱ្យមានកំណើនកំហាប់ភាគល្អិតនិចលនេះមានជាអាទិ៍៖ ការបញ្ចេញផ្សែងពីរោងចក្រឧស្សាហកម្ម ពីយានយន្តប្រើប្រាស់ ម៉ាស៊ូត ពីចំហះឥន្ធនៈផ្សេងៗ ពិសេសបញ្ហាភ្លើងឆេះព្រៃ ការដុតវាលស្មៅ ការដុតសំណល់កសិកម្ម ការដុតរានព្រៃ ការដុតគល់ជញ្ជាំង ការដុតសំណល់រឹងសំរាមនៅទីចំហ និងទីលានចាក់សំណល់ និងការហុយធូលីពីការដ្ឋានសំណង់ជាដើម។ 

 


ដូចនេះ ដើម្បីការពារបញ្ហាការបំពុលខ្យល់នៅតាមរាជធានី-ខេត្ត ក្រសួងបរិស្ថានបានណែនាំឲ្យអភិបាលរាជធានី-ខេត្ត ចូលរួមជំរុញការផ្សព្វផ្សាយដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងប្រជាពលរដ្ឋនូវវិធានការមួយចំនួនដូចជា៖ ១-ចាត់វិធានការទប់ស្កាត់បញ្ហាភ្លើងឆេះព្រៃ ការដុតសំណល់សំរាម សំណល់រឹងនៅតាមទីចំហ ការដុតសម្អាតសំណល់ការដ្ឋានសំណង់ និងការឆេះតាមទីលានចាក់សំរាម។ ២-ចាត់វិធានការទប់ស្កាត់ការហុយធូលីពីការដ្ឋានសំណង់ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងការហុយធូលីនៅតាមដងផ្លូវ និងទីសាធារណៈ។ ៣-អប់រំប្រជាពលរដ្ឋកុំឱ្យដុតសំរាម សំណល់រឹង ដុតវាលស្មៅដុតគល់ជញ្ជាំង និងការដុត សំណល់កសិកម្មផ្សេងៗទៀត។ ៤-ធ្វើការសម្អាតអនាម័យនៅតាមដងផ្លូវ និងទីធ្លាសាធារណៈឱ្យបានជាប់ជាប្រចាំ។ ៥-ត្រៀមមធ្យោយបាយបង្កាទប់ស្កាត់ជាមុនក្នុងករណីមានភ្លើងឆេះព្រៃជាយថាហេតុ។

 


តាមរយៈការជូនដំណឹងនេះ ក្រសួងបរិស្ថានស្នើឲ្យអភិបាល នៃគណៈអភិបាល រាជធានី -ខេត្ត ចូលរួមផ្សព្វផ្សាយ និងមានវិធានការទប់ស្កាត់ឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

 

អត្ថបទ៖ អឿន ភារ៉ា រូបភាព៖ ឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024