ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

អង្គការសង្គមស៊ីវិលចំនួន ៩ ស្នើសុំចំនួន ៧ចំណុច ដើម្បីលុបបំបាត់អំពើហិង្សាលើស្ត្រី

១១ ធ្នូ ២០២០ | ព័ត៌មានជាតិ

នៅថ្ងៃទី១០ ខែធ្នូនេះ គឺជាថ្ងៃបញ្ចប់ហើយនៃយុទ្ធនាការ ១៦ ថ្ងៃនៃភាពសកម្មនិយម ដើម្បីលុបបំបាត់អំពើហិង្សាផ្អែកលើយេនឌ័រ។ អង្គការសង្គមស៊ីវិល ចំនួន ៩ ដែលបានធ្វើយុទ្ធនាការរយៈពេល ១៦ថ្ងៃ ដែលត្រូវបានធ្វើឡើង តាមប្រព័ន្ធអនឡាញ ដោយសារតែជំងឺកូវីដ ១៩ នេះ បានចេញសេចក្តីថ្លែងការណ៍រួមមួយ មាន ៧ ចំណុច ដើម្បីលុបបំបាត់អំពើហិង្សាលើស្ត្រី។ ក្នុងនោះ ក៏មានកិច្ចការមួយចំនួន ត្រូវបាន រាជរដ្ឋាភិបាល បាន និងកំពុងធ្វើរួចទៅហើយ។

 


ទី ១. សូមរាជរដ្ឋាភិបាលផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែ ចំនួន ៤០ ដុល្លារ អំឡុងពេលការរីករាលដាល នៃ ជំងឺកូវីដ ១៩ ដល់កម្មករនយោជិតគ្រប់វិស័យទាំងក្នុង និងក្រៅប្រព័ន្ធ។

ទី ២. ស្នើអាជ្ញាធរមូលដ្ឋាន រួមទាំងក្រសួងការងារ ក្រសួងសុខាភិបាល និង ក្រសួងសេដ្ឋកិច្ច សម្រួលលក្ខខណ្ឌចុះបញ្ជីបេឡារបបសន្តិសុខសង្គម ដើម្បី ទទួលបានប័ណ្ណសមធម៌សុខាភិបាល សម្រាប់កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ និង កសិករខ្នាតតូច ជាពិសេសសូមធានាថា កម្មករស្ត្រីមានផ្ទៃពោះ អាចប្រើសេវាសុខាភិបាលដោយមិនអស់ថ្លៃ និង ទទួលបានប្រាក់ឧបត្ថម្ភ ដើម្បី សម្រួលជីវភាពប្រចាំថ្ងៃបន្ថែមទៀត។

ទី ៣. ស្នើរដ្ឋាភិបាល និង នយោជក ចាត់វិធានការទប់ស្កាត់ និង លុបបំបាត់អំពើបៀតបៀនផ្លូវភេទ និង ការរើសអើងផ្អែកលើយេនឌ័រ ក្នុងពិភពការងារ របស់អង្គការអន្តរជាតិខាងការងារ ។

 

 

ទី ៤. ស្នើរដ្ឋាភិបាលរឹតបន្តឹង និង ពង្រឹងការអនុវត្តច្បាប់ ដើម្បី បញ្ឈប់អំពើហិង្សា បង្កឡើងដោយដៃគូស្និទ្ធស្នាល និង អំពើហិង្សាផ្អែកលើយេនឌ័រគ្រប់រូបភាព បង្កើនការផ្តល់សេវាឆ្លើយតប ជាពិសេសអំឡុងពេលវិបត្តិកូវីដ ១៩ ដែលផ្តោតការយកចិត្តទុកដាក់ ដោះស្រាយបញ្ហាសុខុមាលភាពផ្លូវកាយ ផ្លូវចិត្ត និង ធានាថា ជនរងគ្រោះទទួលបានយុត្តិធម៌ ។

ទី ៥. ស្នើរដ្ឋាភិបាលការពារសិទ្ធិដីធ្លីកសិករដោយចាត់វិធានការបន្ទាន់ ដើម្បី ដោះស្រាយជម្លោះដីធ្លីដែលអូសបន្លាយរ៉ាំរ៉ៃ ។

ទី៦.ស្នើរដ្ឋាភិបាលដាក់បញ្ចូលកសិករទៅក្នុងច្បាប់ស្តីពីកិច្ចគាំពារសង្គម។

ទី ៧. ស្នើក្រុមហ៊ុនបញ្ជាទិញ និង អ្នកផ្គត់ផ្គង់ រៀបចំកញ្ចប់ថវិកាសង្គ្រោះបន្ទាន់ តាមរយៈការផ្តល់ប្រាក់ឧបត្ថម្ភបន្ថែម ពីលើប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ៤០ ដុល្លារ ដែលរាជរដ្ឋាភិបាលផ្តល់ឱ្យដល់កម្មករនយោជិតក្នុងវិស័យវាយនភណ្ឌកាត់ដេរ។

 


សូមជម្រាបថា អង្គការសង្គមស៊ីវិលទាំង ៩ ដែលចេញសេចក្តីថ្លែងការណ៍រួមនេះ មានដូចជា សហព័ន្ធសហជីពចំណីអាហារ និង សេវាកម្មកម្ពុជា , សហព័ន្ធសហជីព កម្ពុជា និង អង្គការ ActionAid Cambodia ជាដើម។


ម្យ៉ាងទៀត សេចក្តីថ្លែងការណ៍រួមនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីអង្គការសង្គមស៊ីវិលទាំង ៩ បានធ្វើយុទ្ធនាការ ១៦ ថ្ងៃ នៃ ភាពសកម្មនិយម ដើម្បី លុបបំបាត់អំពើហិង្សាផ្អែកលើយេនឌ័រ ដែលត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី ២៥ ខែ វិច្ឆិកា ដល់ថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០២០ នេះ ក្នុងគោលបំណងអំពាវនាវឱ្យចាត់វិធានការទប់ស្កាត់ និង លុបបំបាត់រាល់ទម្រង់ នៃ អំពើហិង្សាប្រឆាំងស្ត្រី និង ក្មេងស្រី នៅថ្នាក់ជាតិ និង អន្តរជាតិ។

 


ម្យ៉ាងទៀត ក៏គប្បីកត់សម្គាល់ថា រាល់ការស្នើសុំរបស់អង្គការសង្គមស៊ីវិលខាងលើនេះ ក៏ត្រូវបានរាជរដ្ឋាភិបាលធ្វើជាច្រើនណាស់មកហើយដែរ ដែលក្នុងនោះមានជាអាទិ៍ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និង ងាយរងគ្រោះអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ ១៩ ដែលបានអនុវត្តរយៈពេល ៦ ខែ មកហើយ និង បានចំណាយថវិកាយ៉ាងហោចណាស់ ១៦៥ លានដុល្លារអាមេរិក , កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និង កុមារក្រោមអាយុ ២ ឆ្នាំ ក្នុងគ្រួសារក្រីក្រ ដែលរហូតមកដល់ពេលនេះ ចំណាយថវិកាអស់ប្រមាណជា ១០ លានដុល្លារអាមេរិក និង កម្មវិធីឧបត្ថម្ភថវិកាដល់កម្មករក្នុងវិស័យវាយនភណ្ឌកាត់ដេរ និង វិស័យទេសចរណ៍ដែលបានព្យួរការងារប្រមាណជាជាង ៥ នាក់ផ្សេងទៀត៕

 

អត្ថបទ៖ ខឿន សាឃាង         រូបភាព៖ ឯកសារ
 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024