ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

មន្ត្រី NGO ថាការចូលរួមតិចតួចក្នុងដំណើរការគម្រោងថវិកាសាធារណៈ ដោយសារកត្តា ៣ យ៉ាងសំខាន់ៗ

២៧ សីហា ២០២០ | ព័ត៌មានជាតិ

របាយការណ៍របស់អ្នកស្រាវជ្រាវឯករាជ្យ បានអះអាងថា ការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងដំណើរការគម្រោងថវិកាសាធារណៈនៅកម្ពុជា មានកម្រិតតិចតួចនៅឡើយ ដោយសារកត្តា ៣ យ៉ាងសំខាន់ៗ។ មន្ត្រីអង្គការក្រៅរដ្ឋាភិបាល បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ បង្កើនការតាមដានព័ត៌មាន និងចូលរួមបន្ថែមទៀត ព្រោះប្រជាពលរដ្ឋ គឺជាម្ចាស់មួយផ្នែក នៃថវិការបស់ជាតិ។

 


បើទោះជាមានច្បាប់មួយចំនួន បានបើកទូលាយឱ្យមានការចូលពីសាធារណជន ក្នុងដំណើរការថវិកាសាធារណៈក្តី ក៏ការពិតនៅតែមានប្រជាពលរដ្ឋតិចតួចប៉ុណ្ណោះ ដែលបានចូលរួមក្នុងដំណើរការ នៃគម្រោងថវិកាសាធារណៈ ហើយការចូលរួមទាំងកម្រិតជាតិ និងថ្នាក់ក្រោមជាតិ មានចំនួនតិចតួចស្តួចស្តើងនេះ ដោយសារកត្តា ៣ យ៉ាង សំខាន់ៗ គឺការផ្សព្វផ្សាយនៅមានកម្រិត យន្តការច្បាប់ និងការសម្របសម្រួលនៅមានកម្រិត ខណៈចំណាប់អារម្មណ៍ ចំណេះដឹង និងឆន្ទៈរបស់ប្រជាពលរដ្ឋ ក្នុងការចូលរួម ក៏នៅមានកម្រិត។ នេះគឺជាការលើកឡើងរបស់លោក អ៊ុក វណ្ណារ៉ា តំណាងវេទិកា នៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពី កម្ពុជា ឬ NGO Forum ថ្លែងនៅក្នុងពិធីដាក់ឱ្យដំណើរការ នៃការអង្កេតថវិកាសាធារណៈ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២០ នេះ ។

 


ត្រូវបានទទួលស្គាល់ជាទូទៅថា នៅក្នុងសង្គមប្រជាធិបតេយ្យ ការចូលរួមរបស់ប្រជាពលរដ្ឋ និងស្ថាប័នក្រៅរដ្ឋាភិបាល នៅក្នុងដំណើរការគម្រោងថវិកាសាធារណៈ គឺជាគន្លឹះដ៏សំខាន់បំផុតមួយក្នុងការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព ចីរភាព និង ចំគោលដៅ ។


របាយការណ៍ចាប់ពីឆ្នាំ ២០១៥ មក ដែលត្រូវបានផ្សព្វផ្សាយនៅក្នុងឱកាសខាងលើនេះ បានអះអាងថា ការចូលរួមជាសាធារណៈនៅកម្ពុជា ក្នុងដំណើរការគម្រោងថវិកាសាធារណៈ  មានពិន្ទុត្រឹមតែពី ៤ ទៅ ៨ ពិន្ទុប៉ុណ្ណោះ គឺទាបជាងបណ្តាប្រទេសនានានៅក្នុងតំបន់ ខ្ពស់ជាងតែប្រទេស មីយ៉ាន់ម៉ា ១ ប៉ុណ្ណោះ ។

 


ក្នុងន័យនេះ វេទិកាខាងលើបានផ្តល់អនុសាសន៍ថា រាជរដ្ឋាភិបាលភិបាល ក៏ដូចជាក្រសួងពាក់ព័ន្ធ ត្រូវបង្កើតឱ្យមានយន្តការ និង ផ្សព្វផ្សាយឱ្យបានទូលំទូលាយបន្ថែមទៀត ខណៈប្រជាពលរដ្ឋ ក៏ត្រូវធ្វើខ្លួនជាពលរដ្ឋសកម្មក្នុងការតាមដានព័ត៌មាន និងចូលរួមក្នុងដំណើរការនានា នៃ សង្គម ដោយរួមទាំងកិច្ចប្រជុំផ្សេងៗរបស់អាជ្ញាធរមូលដ្ឋាន ក្នុងគោលដៅមួយដែលលោក អ៊ុក វណ្ណារ៉ា ហៅថា ធ្វើខ្លួនជាកញ្ចក់សម្រាប់អាជ្ញាធរ ជាពិសេសអាជ្ញាធរមូលដ្ឋាន៕

អត្ថបទ៖ ខឿន សាឃាង     រូបភាព៖ ឆិល សុភ័ស្ត

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024