ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

គណៈកម្មការចម្រុះ សម្រេចបញ្ឈប់​អ្នកគ្រប់គ្រងអង្គការសុវណ្ណកុមារ ​

១៨ មករា ២០២១ | ព័ត៌មានជាតិ

​គណៈកម្មការអន្តរក្រសួង បានសម្រេច​ដំណើរការនីតិវិធី ដើម្បី​បញ្ឈប់ជាបណ្តោះអាសន្ននូវតួនាទីរបស់អ្នកគ្រប់គ្រងអង្គការក្រៅរដ្ឋាភិបាលមួយ ឈ្មោះ អង្គការសុវណ្ណកុមារ។ ការសម្រេចនេះ បន្ទាប់ពីអ្នកគ្រប់គ្រង បច្ចុប្បន្ន និង អ្នកគ្រប់គ្រងចាស់ មានទំនាស់នឹងគ្នា ចេះតែរីករាលដាល តាំងពីដើមឆ្នាំ​២០២០ មក។ ​ប្រធានគណៈកម្មការ​ បានលើកឡើងថា វិធានការនេះ ធ្វើឡើង ដើម្បីសម្រួលស្ថានការណ៍ ក្នុងអង្គការសុវណ្ណកុមារ ដែលចេះតែឡើងកម្តៅខ្លាំងទៅៗ ហើយកុមារ ក៏ចេះតែពាក់ព័ន្ធ​ជ្រៅទៅៗ នៅក្នុងបណ្តឹងរបស់ភាគីទាំង​២។

 


នៅពេលសួរថា ហេតុអ្វីបានជាគណៈកម្មការអន្តរក្រសួង ឈានដល់សម្រេចចិត្តបញ្ឈប់ជាបណ្តោះអាសន្ននូវតួនាទីរបស់អ្នកគ្រប់គ្រងបច្ចុប្បន្ន នៃ អង្គការសុវណ្ណកុមារ នេះ ឯកឯត្តម តូច ចាន់នី អគ្គនាយកបច្ចេកទេស នៃ ក្រសួងសង្គមកិច្ច និង ជាប្រធានគណៈកម្មការអន្តរក្រសួងដោះស្រាយវិវាទអង្គការសុវណ្ណកុមារ ភី អិល ស៊ី បានឆ្លើយថា ដើម្បី សម្រួលស្ថានការណ៍ក្នុងអង្គការដែលកំពុងក្តៅទៅៗ និង ដើម្បី កុំឱ្យកុមារត្រូវបានភាគីជម្លោះណាមួយ ប្រើជាឈ្នាន់ ។ ឯកឧត្តម តូច ចាន់នី ថ្លែងយ៉ាងដូច្នេះបន្ទាប់ពីកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងដោះស្រាយវិវាទអង្គការសុវណ្ណកុមារ ភី អិល ស៊ី នាព្រឹកថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២១ នេះ នៅឯទីស្តីការរបស់ក្រសួងសង្គមកិច្ច ។

 


សូមជ្រាបថា អង្គការសុវណ្ណកុមារ ភិ អិល ស៊ី ដែលកន្លងមក ត្រូវបានក្រសួង និងអ្នកពាក់ព័ន្ធទទួលស្គាល់ថាជាអង្គការ ស្តង់ដារអន្តរជាតិ ចាប់ផ្តើមមានការប្រែប្រួលបន្ទាប់ពី អ្នកគ្រប់គ្រងបច្ចុប្បន្នគឺលោក Bradley James Gordon   ចូលមកបណ្តេញអ្នកគ្រប់គ្រងចាស់គឺលោក សុធា អារុណ ចេញពីការងារ និង បញ្ឈប់បុគ្គលិកមួយចំនួន គឺជាអ្វីដែលភាគីលោក សុធា អារុណ និង បុគ្គលិកដែលត្រូវបានបញ្ឈប់នោះហៅថាជាទង្វើដែលមិនអាចទទួលយកបាន ព្រោះទង្វើរបស់លោក Bradley James Gordon គឺជាការបំពានច្បាប់យ៉ាងធ្ងន់ធ្ងរ ។

 


បន្ទាប់មកលោក Bradley James Gordon បានដាក់ពាក្យប្តឹងលោក សុធា អារុណ ទៅតុលាការ ថាបានបំពានលើកច្បាប់ជាច្រើន ដូចជាការប្រព្រឹត្តអំពើពុករលួយ បំពានផ្លូវភេទលើកុមារ និង បណ្តែតបណ្តោយឱ្យមានអំពើហិង្សាលើកុមារជាដើម ។ ចាប់ពីពេលនោះមក ពោលគឺតាំងពីដើមឆ្នាំ ២០២០ មក ក៏មានការប្តឹងផ្តល់គ្នាទៅវិញទៅមក ឡើងដល់តុលារយ៉ាងស្មុគស្មាញ និង ក្តៅគគុក រហូតប្តឹងដល់អង្គភាពប្រឆាំងអំពើពុករលួយ ឬ ACU ។ ទោះយ៉ាងណា បន្ទាប់ពីការហៅមេធាវីភាគីចុងចោទទៅសាកសួររហូតមកដល់ពេលនេះ គេមិនទាន់ឃើញ ACU ចោទប្រកាន់ចុងចោទនៅឡើយទេ ។  

 


បញ្ហាក៏រីករាលដាលកាន់តែធំទៅៗ ថែមទៀតនោះ គឺនៅពេលដែលភាគីដើមចោទ គឺលោក Bradley James Gordon បានយកកុមារមួយចំនួននៅក្នុងអង្គការសុវណ្ណកុមារ  ធ្វើជាសាក្សី គាំទ្របណ្តឹងរបស់គាត់ ប្រឆាំងលោក សុធា អារុណ ។ បន្ទាប់មក ក៏មានកុមារចេញមុខធ្វើជាសាក្សីការពារលោក សុធា អារុណ ដែលជារួមទៅ កុមារនៅក្នុងអង្គការសុវណ្ណកុមារ ត្រូវបានគេយកទៅពាក់ព័ន្ធក្នុងបណ្តឹងរបស់អ្នកគ្រប់គ្រងបច្ចុប្បន្ន ដែលជាដើមចោទ និង អ្នកគ្រប់គ្រងចាស់ ដែលជាចុងចោទ ។

 


អ្នកតាមដានអំពីបញ្ហាជម្លោះនៅអង្គការសុវណ្ណកុមារនេះ បានលើកឡើងថា តាមពិតទំនាស់ទាំងឡាយ គឺដោយសារបញ្ហាដី ដែលជាទីតាំងរបស់អង្គការសុវណ្ណកុមារ បច្ចុប្បន្នេះតែប៉ុណ្ណោះ ៕

 

អត្ថបទ៖ ខឿន សាឃាង     រូបភាព៖ ឆិល សុភ័ស្ត
 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024