ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

អង្គការក្រៅរដ្ឋាភិបាល ធ្វើការលើវិស័យអភិវឌ្ឍន៍សំណូមពរមួយចំនួន ដល់រាជរដ្ឋាភិបាល

០៩ កញ្ញា ២០២០ | ព័ត៌មានជាតិ

បន្ទាប់ពីបានពិភាក្សាគ្នារយៈពេល ២ ថ្ងៃមក អង្គការក្រៅរដ្ឋាភិបាល ដែលធ្វើការលើវិស័យអភិវឌ្ឍន៍ បានទទួលស្គាល់ពីកិច្ចខិតខំ និងសមិទ្ធផលរបស់រាជរដ្ឋាភិបាល ប៉ុន្តែនៅមានសំណូមពរមួយចំនួន ជាពិសេសភាពប្រាកដប្រជា នៃប្រព័ន្ធព័ត៌មាន និងការចូលរួមរបស់ភាគីពាក់ព័ន្ធ។

 


ទី១-សូមបង្កើនសមត្ថភាពអ្នកចូលរួមត្រួតពិនិត្យលើក្របខ័ណ្ឌគោលនយោបាយរួមទាំងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក៏ដូចជាក្របខ័ណ្ឌច្បាប់ និង គោលនយោបាយនានា , ធានានូវប្រភពព័ត៌មាន និង ទិន្នន័យពាក់ព័ន្ឋដែលជួយសម្រួលដល់ការវិភាគនិងតាមដានផ្ទៀងផ្ទាត់ជាមួយចំណុចដៅ និង សុចនាករ , ធានានូវយន្តការ និង នីតិវិធីជាលក្ខណៈប្រព័ន្ធដែលបង្ករភាពងាយស្រួលដល់ការចូលរួមត្រួតពិនិត្យតាមដាន របស់សាធារណៈជនក៏ដូចជាអង្គការសង្គមស៊ីវិល , ធានានូវយន្តការទទួលបានទិន្នន័យ និង ព័ត៌មានត្រលប់ជាផ្លូវការពីក្រសួងស្ថាប័នពាក់ព័ន្ឋ។

 


ទី ២ សូមឱ្យមានប្រព័ន្ធប្រមូល និង គ្រប់គ្រងទិន្នន័យរួមថ្នាក់ជាតិ និង តាមក្រសួងជំនាញនានាដែលបម្រើផលប្រយោជន៍សម្រាប់តាមដាន និង ត្រួតពិនិត្យលើដំណើការ និង ការអនុវត្តតាមវិស័យដូចជា សិទ្ធិកុមារ សមភាពយេនឌ័រ ពិការភាព ការអប់រំ និង ផ្នែកសុខភាព ជាដើម , សូមបើកចំហព័ត័មានអំពីដំណើការ នៃ ការធ្វើរបាយការណ៍ ឬ ការធ្វើផែនការ ឱ្យអង្គការសង្គមស៊ីវិលចូលរួមគ្រប់ដំណាក់កាល និង ផ្តល់លទ្ធភាពក្នុងការផ្តល់ធាតុចូលជុំវិញវិស័យ ។ នេះគឺជាការស្នើសុំរបស់ លោក សឿង សារឿន នាយកប្រតិបត្តិអង្គការគណ:កម្មធិការសហរប្រតិបត្តិការ ដើម្បី កម្ពុជា ហៅកាត់ថា  CCC ។

 


ការលើកឡើងរបស់លោក សឿន សារឿន បែបនេះ គឺជាសំណូមពររួមរបស់ក្រុមអង្គការក្រៅរដ្ឋាភិបាលមួយចំនួន បន្ទាប់ពីបានពិភាក្សាគ្នារយៈពេល ២ ថ្ងៃ គឺថ្ងៃទី ៧ និង ទី ៨ ខែ កញ្ញា ឆ្នាំ ២០២០ នេះ ស្តីពីការឆ្លុះបញ្ចាំងលើការអនុវត្តក្របខណ្ឌគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព កម្ពុជា ២០១៦-២០៣០ និង ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ ដែល បានលើកប្រធានបទចំនួន ៣ គឺ ១ ភពផែនដី និង វិបុលភាព   ២,  មនុស្ស និង ទី ៣ គឺ សន្តិភាព និងភាពជាដៃគូ ។

 


លោក សឿង សារឿន បញ្ជាក់ថា តាមពិតអង្គការក្រៅរដ្ឋាភិបាលទាំងនេះ សុទ្ធតែបាន ទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និង សមិទ្ធផលនានាដែលបានសម្រេចកន្លងមក ប៉ុន្តែអ្វីដែលជាសំណូមពររបស់អង្គការក្រៅរដ្ឋាភិបាល ដូចដែលបានលើកមកនេះ ក៏ព្រោះតែផែនការ និង គោលដៅអភិវឌ្ឍន៍នានា ដែលបានដាក់ចេញខាងលើនោះ គឺជាផែនការ និង គោលដៅប្រកបដោយមហិច្ឆតា ដែលតម្រូវឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមកាន់តែច្រើនថែមទៀតជាមួយរាជរដ្ឋាភិបាល៕

អត្ថបទ៖ ខឿន សាឃាង រូបភាព៖ ឆិល សុភ័ស្ត
 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024