ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

អង្គការ ហាសេណះ និងសមាគមគ្រូពេទ្យអ៊ីស្លាមកម្ពុជា បន្តចែកអំណោយកង់ដល់សិស្សស្រីក្រីក្រ នៅខេត្តកណ្ដាល

១៥ កញ្ញា ២០២០ | ព័ត៌មានជាតិ

អង្គការ ហាសេណះ ប្រទេសអាល្លឺម៉ង់ និងសមាគមគ្រូពេទ្យអ៊ីស្លាមកម្ពុជា បានបន្តចែកអំណោយកង់ដល់សិស្សស្រីក្រីក្រ នៅខេត្តកណ្ដាល ដើម្បីសម្រួលដល់ការលំបាក ក្នុងការទៅសាលារៀនរបស់សិស្សស្រីទាំងនោះ ខណៈថ្មីៗនេះក្រសួងអប់រំយុវជន និងកីឡា បានបើកសាលារៀនឡើងវិញ ក្រោយបិទទ្វារជាច្រើនខែ ដោយសារកូវីដ-១៩។

 


រយៈពេល ២ថ្ងៃជាប់គ្នាមកនេះ អង្គការ ហាសេណះ (HASENE) របស់ប្រទេសអាល្លឺម៉ង់ រួមជាមួយសមាគមគ្រូពេទ្យឥស្លាមកម្ពុជា បានចែកអំណោយកង់ចំនួន ១០០ គ្រឿងរួចហើយ ដល់សិស្សស្រី ចំនួន ១០០ នាក់ មកពី ១០០គ្រួសារ ក្នុងខេត្តកណ្ដាល។ ក្នុងនោះ កង់ ៥០គ្រឿង បានប្រគល់ជូនសិស្សស្រី នៅភូមិមេត្រីលើ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល និង ៥០គ្រឿងទៀត ប្រគល់ជូនសិស្សស្រី នៅភូមិចាមលើ ឃុំព្រែកថ្មី ស្រុកកោះធំ។ 

 


អ្នកតំណាងរាស្ដ្រខេត្តកណ្ដាល ឯកឧត្ដម សុះ មុះសិន ក្រោមកិច្ចសហការយ៉ាងល្អរបស់អង្គការ HASENE (ហាសេណះ) ប្រទេសអាល្លឺម៉ង់ ជាមួយ សមាគមគ្រូពេទ្យអ៊ីស្លាមកម្ពុជាបានផ្ដល់ជំនួយឧបត្ថម្ភ ជាកង់ជូនដល់សិស្សជានារី សម្រាប់ជួយសម្រួលទុក្ខលំបាកដល់ពួកគេ ដែលមានទីលំនៅឆ្ងាយពីសាលារៀន ។ ឯកឧត្ដមសង្ឃឹមថា កង់ដែលបានផ្ដល់ជូនសិស្សនារីនាពេលនេះ នឹងជួយអោយពួកគេបានទៅរៀនទាន់ពេលវេលា និងមិនសូវហត់នឿយដូចពីមុន។


ជាពិសេស ឯកឧត្ដមសង្ឃឹមថា សិស្សានុសិស្សទាំងអស់ នឹងខិតខំរៀនសូត្រ ក្លាយជាពលរដ្ឋល្អក្នុងសង្គម ហើយងាកមកជួយសហគមន៍ និងសង្គមជាតិវិញ ព្រមទាំងចៀសឆ្ងាយពីគ្រឿងញៀន។

 


ថ្លែងក្នុងឱកាសចែកអំណោយដល់សិស្សនារីមកពីគ្រួសារក្រីក្រទាំងនោះ ក្នុងនាម ជាប្រធានសមាគមគ្រូពេទ្យឥស្លាមកម្ពុជា ឯកឧត្ដម សុះ មុះសិន  បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមទាំងអស់ ចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីត១៩ តាមការអំពាវនាវរបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល។ ទោះបីជាប្រទេសកម្ពុជាមិនមានការឆ្លងជំងឺនេះជាទ្រង់ទ្រាយធំ ប៉ុន្តែឯកឧត្តមថាពលរដ្ឋមិនត្រូវភ្លេចខ្លួន និងធ្វេសប្រហែលឡើយ ។ ជាពិសេសសម្រាប់សិស្សានុសិស្សដែលទើបតែចូលរៀនឡើងវិញកាលពីពេលថ្មីៗនេះ។

 


សូមបញ្ជាក់ថា បន្ទាប់ពីចែកអំណោយកង់ជូនដល់សិស្សជានារីចំនួន១០០នាក់ មកពី១០០គ្រួសារហើយនោះ អ្នកតំណាងរាស្ត្រ និងគណៈប្រតិភូក៏បានឆ្លៀត ទៅពិនិត្យទីតាំងលក់ចាប់ហ៊ួយ ពិនិត្យទីតាំងផ្ទះចាស់ទ្រុឌទ្រោម របស់ប្រជាពលរដ្ឋផងដែរ ព្រមទាំងបានសន្យាជួយដោះស្រាយ៕

អត្ថបទ៖ សំ ជំនាញ រូបភាព៖ និន សុខលី

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024