ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ឡាបូរ៉ាវី, ឈឿន និង ប៊ុន​ឆាយ ៣​នាក់​គត់​ មាន​បទ​ពិសោធ​ ប្រកួត​ទល់​ម៉ាល់ឌីវ​

៣០ តុលា ២០១៦ | កីឡា

 

ក្នុងចំណោម បញ្ជីកីឡាករកម្ពុជា ២២នាក់ ទៅលេង​ពានរង្វាន់ Bangabanhu Gold Cup 2016 នៅ​បង់ក្លាដេសនា​ពេលនេះ មាន​តែ ​៣​នាក់​គត់ ​ដែល​ធ្លាប់​មាន​បទពិសោធ ​ប្រកួតជាមួយ​ក្រុមជម្រើសជាតិ ​ម៉ាល់ឌីវ គឺ​ខ្សែប្រយុទ្ធ ឃួន ឡាបូរ៉ាវី, ខ្សែ​បម្រើ ឈិន ឈឿន និង​អ្នកចាំទី ប៉េង ប៊ុនឆាយ។ ក្នុងការប្រកួតវគ្គជម្រុះ AFC Challenge Cup 2012 ពូល C នៅម៉ាល់ឌីវ កាលពី ខែមីនា ឆ្នាំ២០១១ កម្ពុជា ប៉ះ ម៉ាល់ឌីវ នៅថ្ងៃបើកឆាក ហើយចាញ់ក្នុងលទ្ធផល ៤-០ មុនចាញ់ តាហ្ស៊ីគីស្ថាន ០-៣ និងចាញ់ កៀរស៊ីហ្ស៊ីស្ថាន ៣-៤ ក្នុងការប្រកួតចុងក្រោយ។ នៅយប់ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១១ ដែលកម្ពុជាចាញ់ ០-៤ កាលនោះដឹកនាំដោយលោក Lee Tae Hoon ដូចគ្នា ខ្សែប្រយុទ្ធ ឡាបូរ៉ាវី លេងក្នុងជម្រើស ១១នាក់ដំបូង ឯ ឈិន ឈឿន ប្ដូរចូលក្នុងតង់ទី២ ខណៈអ្នកចាំទី ប៉េង ប៊ុនឆាយ បម្រុង។ យ៉ាងណាក្ដី អ្វីៗខាងលើគ្រាន់ជាប្រវត្តិ ជួនពេលបាល់ទាត់កម្ពុជា បច្ចុប្បន្នកំពុងវិវឌ្ឍទៅមុខ យ៉ាងគួរឱ្យចាប់អារម្មណ៍។ យុវជនថ្មីៗជាច្រើននាក់ ផ្ដើមរះក្នុងពិភពបាល់ទាត់កម្ពុជា ដែលជាក្ដីសង្ឃឹម សម្រាប់បាល់ទាត់ជាតិ។

 

 

ប្រធានក្រុម ឡាបូរ៉ាវី អតីតម្ចាស់ស្បែកជើងមាស ពានរង្វាន់សម្ដេចហ៊ុនសែន ២​សម័យកាល និងស្បែកជើងមាស ​ខេមបូឌានលីគ ឆ្នាំ​២០១៣ ប្រាប់ Keiladaily ពីទីក្រុង Dhaka មកថា កម្ពុជាសង្ឃឹម ៦០ភាគរយ សម្រាប់ការប្រកួតទល់ នឹងម៉ាល់ឌីវ នៅម៉ោង៣:៤៥នាទី រសៀលនេះ ស្របពេល ម៉ាល់ឌីវ ទើបបញ្ចប់បេសកកម្ម ក្នុងពានរង្វាន់ អាស៊ីខាងត្បូង SAFF Suzuki Cup 2015 ម៉ាល់ឌីវ ក៏បញ្ចូលគ្នាចម្រុះទាំង ឈុតធំនិងយុវជន ដូចកម្ពុជាដែរ សម្រាប់ពានរង្វាន់ Bangabandhu Gold Cup របស់សហព័ន្ធកីឡាបាល់ទាត់ បង់ក្លាដេស ដែលកម្ពុជា ត្រូវបានអញ្ជើញឱ្យចូលរួម ជាលើកដំបូងក្នុង ឆ្នាំ២០១៦នេះ។ ក្នុងពាន SAFF Suzuki Cup 2015 កាលពីខែធ្នូកន្លងទៅ ម៉ាល់ឌីវ ឡើងដល់វគ្គពាក់កណ្ដាល ផ្ដាច់ព្រ័ត្រ ក្រោយស៊ី បង់ក្លាដេស ៣-១, ស៊ី ប៊ុយតង់៣-១ និងចាញ់ អាហ្វហ្គានីស្ថាន ១-៤ ក្នុងពូល ហើយនៅវគ្គពាក់កណ្ដាល ផ្ដាច់ព្រ័ត្រ ចាញ់ ឥណ្ឌា ដែលនៅទីបំផុត ក្លាយជាជើងឯក ដោយគ្រាប់បាល់ ២-៣។

កម្ពុជាធ្លាប់ប៉ះម៉ាល់ឌីវ ៣ដង គឺក្នុងវគ្គជម្រុះ FIFA World Cup 2002 ពេលនោះកម្ពុជា ចាញ់ ​៦-០ ​នៅ​ក្រៅ​ដី ​ថ្ងៃ​ទី​១ ​ខែ​មេសា​ ឆ្នាំ​២០០១​ មុនស្មើ ១-១ នៅភ្នំពេញ ក្នុងជើងទី២ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០០១នោះ។ លើកចុងក្រោយ កម្ពុជា ត្រូវ ម៉ាល់ឌីវ ស៊ី ៤-០ កាល​ពី ថ្ងៃ​ទី២១​ ខែមីនា​ ឆ្នាំ២០១១ ​ក្នុង​វគ្គ​ជម្រុះពាន​រង្វាន់​ ក្រុមជម្រើសជាតិ ទ្វីបអាស៊ីកម្រិត ទី២។

៥ប្រកួត ចុងក្រោយរបស់ក្រុម ជម្រើសជាតិកម្ពុជា
-ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៥ កម្ពុជា ០-៦ ស៊ីរី ( FIFA WORLD CUP 2018 RUSSIA វគ្គជម្រុះតាម តំបន់អាស៊ីជុំ ទី២)
-ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៥ សិង្ហបុរី ២-១ កម្ពុជា ( FIFA WORLD CUP 2018 RUSSIA វគ្គជម្រុះតាម តំបន់អាស៊ីជុំ ទី២)

-ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ កម្ពុជា ៦-១ ប្រ៊ុយណេ ( ការប្រកួតមិត្តភាព កម្តៅសាច់ដុំ )
-ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ អាហ្គានីស្ថាន ៣-០ កម្ពុជា ( FIFA WORLD CUP 2018 RUSSIA វគ្គជម្រុះតាម តំបន់អាស៊ីជុំ ទី២)
-ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ កម្ពុជា ២-០ ( FIFA WORLD CUP 2018 RUSSIA វគ្គជម្រុះតាម តំបន់អាស៊ីជុំ ទី២)

 

៥ប្រកួត ចុងក្រោយរបស់ក្រុម ជម្រើសជាតិម៉ាល់ឌីវ
-ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ ម៉ាល់ឌីវ ០-១ ហុងកុង ( FIFA WORLD CUP 2018 RUSSIA វគ្គជម្រុះតាម តំបន់អាស៊ី )
-ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥ ម៉ាល់ឌីវ ៣-១ ប៊ូតាន់ ( SAFF SUZUKI CUP 2015 )
-ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥ បង់ក្លាដែស ១-៣ ម៉ាល់ឌីវ ( SAFF SUZUKI CUP 2015 )
-ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥ អាហ្គានីស្ថាន ៤-១ ម៉ាល់ឌីវ ( SAFF SUZUKI CUP 2015 )
-ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ ឥណ្ឌា ៣-២ ម៉ាល់ឌីវ ( SAFF SUZUKI CUP 2015 )

 

ប្រវត្តិជួបគ្នា រវាងក្រុមជម្រើសជាតិ ម្ពុជា & ក្រុមជម្រើសជាតិ ម៉ាល់ឌីវ៖
-ថ្ងៃទី ០១ ខែមេសា ឆ្នាំ២០០១ ម៉ាល់ឌីវ ៦-០ កម្ពុជា ( FIFA WORLD CUP វគ្គជម្រុះ )
-ថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០០១ កម្ពុជា ១-១ ម៉ាល់ឌីវ ( FIFA WORLD CUP វគ្គជម្រុះ )
-ថ្ងៃទី ២១ ខែមិនា ឆ្នាំ២០១១ ម៉ាល់ឌីវ ៤-០ កម្ពុជា ( AFC Challenge Cup )

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024