ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

ក្រុមបាល់ទាត់ CFA ប្រមូលបានថវិកាជាង១៦០០ដុល្លារជួយក្មេងស្រីកើតមហារីកខួរឆ្អឹង

០៩ កក្កដា ២០២០ | កីឡា

តំណាងក្រុមបាល់ទាត់មិនមែនអាជីព Cambodian Fan Club All Stars បាននាំយកថវិកា១៥៤៥ដុល្លារអាអាមេរិក និងប្រាក់រៀលខ្មែរ៤៥ម៉ឺនរៀល សរុបជាង១៦០០ដុល្លារយកទៅជួយក្មេងស្រីក្រីក្រ សន សារ៉ាត់ ដែលមានជំងឺមហារីកខួរឆ្អឺងបណ្ដាលឲ្យហើមជើងខ្លាំង។ 

 


ការប្រគល់ជូននេះធ្វើឡើងនៅព្រឹកថ្ងៃពុធ ទី០៨ ខែកក្កដា នាមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត បន្ទាប់ពីប្រមូលបានថវិកាក្នុងកាប្រកួតមិត្តភាពសប្បុរសធម៌ជាមួយក្រុមនាយពាក់មី កាលថ្ងៃសៅរ៍ ទី០៤ ខែកក្កដា និងពីសប្បុរសជនជាច្រើនទៀត។ 

 

 


លោក សន គីមសឿន និងអ្នកស្រី ជូ រី ដែលជាឪពុកម្ដាយក្មេងស្រី សន សារ៉ាត់ បានរៀបរាប់ពីជំងឺរបស់កូនស្រី និងទុក្ខលំបាកក្នុងគ្រួសារបែបនេះ៖ «(ប្ដី) ជីវភាពខ្វះខាតខ្លាំង។ រាល់ថ្ងៃខ្ញុំជាជាងសំណង់ មួយខែ ឬកន្លះខែអីហ្នឹងបានមកផ្ទះម្ដង។ បើអត់មានបងប្អូនសប្បុរសជនជួយហ្នឹង ប្រាកដជាទ័លខ្លាំងហើយ។ (ប្រពន្ធ) ខ្ញុំរាល់ថ្ងៃលក់ត្រកួនតិចតួច ចិញ្ចឹមកូន៣នាក់។ ដំបូង គ្រាន់តែឈឺជើងធម្មតាៗទេ ៤-៥ខែហើយ គ្រាន់តែលេបថ្នាំបំបាត់ការឈឺចាប់ធម្មតា តែយូរទៅ ក៏ចេះតែហើមទៅៗ ដល់ពេលទៅពិនិត្យ គេថា មហារីកខួរឆ្អឹង»។


ចំណែក លោក អៀង ពិសិដ្ឋ គ្រូបង្វឹកក្រុម Cambodian Fan Club All Stars បញ្ជាក់ថា ដោយសារតែឃើញកុមារី សន សារ៉ាត់ មានជំងឺប្រចាំកាយ ហើយជីវភាពលំបាកខ្លាំងផងនោះ ទើបលោក និងសមាជិកបានមូលមតិគ្នារៀបចំការប្រកួតសប្បុរសធម៌នេះឡើង។

 


«ពួកយើងទាំងអស់គ្នាបានបង្កើតកម្មវិធីប្រកួតបាល់ទាត់សប្បុរសធម៌ដើម្បីជួយប្អូនស្រីដែលមានជីវភាពក្រីក្រ។ ចំពោះថវិកាដែលយើងប្រមូលបាននេះ ទោះមិនច្រើនដល់ថ្នាក់រ៉ាប់រងប្អូនស្រីទាំងស្រុងបានមែន តែក៏ជួយសម្រាលបន្ទុកបានខ្លះដែរ។ ខ្ញុំសូមអរគុណដល់សប្បុរសជនទាំងអស់ដែលបានជួយប្អូនស្រី»។

 


គួរដឹងដែរថា កុមារី សន សារ៉ាត់ មានស្រុកកំណើតនៅភូមិខ្សាច់ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល៕

អត្ថបទ និងរូបភាព ៖ សុវណ្ណ
 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024