ថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២០

គ្រូទ័ព ថា នៅតែមានទំនុកចិត្តលើអ៊ុំ សេរីរ័ត្ន ទោះរបូតគ្រាប់បាល់ច្រើន

២៧ កក្កដា ២០២០ | កីឡា

ទោះរបូតគ្រាប់បាល់ច្រើនកន្លងមក លោក ទេព ឡុងរចនា គ្រូបង្គោលសមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទអះអាងថា នៅតែមានទំនុកចិត្តលើ អ៊ុំ សេរីរ័ត្ន ព្រោះគេជាអ្នកចាំទីមានបទពិសោធជាងគេក្នុងក្រុម ហើយថា លទ្ធផលមិនល្អទាំងឡាយ គឺជាទំនួលខុសត្រូវរួម មិនមែនរបស់បុគ្គលណាម្នាក់ឡើយ។

 


គ្រូបង្វឹកក្រុមតំណាងកងទ័ពបង្ហើបថា មួយរយៈនេះសេរីរ័ត្នមានបញ្ហាជង្គង់ខ្លះៗ ជាហេតុបានត្រឹមអង្គុយកៅអីបម្រុងអំឡុងជំនួបឈ្នះសូលទីឡូអង្គរ កាលថ្ងៃសៅរ៍ ទី២៥ ខែកក្កដា។ លោក ទេព ឡុងរចនា បញ្ជាក់ថា ចាំមើលស្ថានភាពបន្តទៀតសិនថាសេរីរ័ត្នអាចចូលលេងវិញបានឬអត់ក្នុងការប្រកួតបន្ទាប់។ 

 


«យើងមិនបោះបង់គាត់ទេ គ្រាន់តែគាត់នៅរាងឈឺជង្គង់បន្តិច អ៊ីចឹងគាត់នៅកៅអីបម្រុង។ យើងចាំតាមដានស្ថានភាពរបស់គាត់បន្តិចទៀតសិន។ យើងនៅតែមានទំនុកចិត្តលើគាត់ ព្រោះគាត់ជាអ្នកចាំទីមានបទពិសោធម្នាក់ក្នុងក្រុម»។

 


គួរដឹងដែរថា ចាប់ពីក្របខណ្ឌកំពូលកម្ពុជាដំណើរការឡើងវិញ អ្នកចាំទី អ៊ុំ សេរីរ័ត្ន បានបង្ហាញខ្លួនក្នុងជំនួបចាញ់ណាហ្គាវើលដ៍ ៤ទល់នឹង១ និងចាញ់បឹងកេត ៦ទល់នឹង១៕

អត្ថបទ និងរូបភាព ៖ សុវណ្ណ

Copyright © 2016 PNN NEWS. All Rights Reserved.