ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

គ្រូត្បូងឃ្មុំបញ្ជាក់ទំនាក់ទំនងជាមួយលោក ស៊ុំ វណ្ណា

២៨ កក្កដា ២០២០ | កីឡា

លោក ផន រស្មីពេជ្រ គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសខេត្តត្បូងឃ្មុំបញ្ជាក់ថា លោកធ្លាប់ជាជំនួយការលោក ស៊ុំ វណ្ណា កាលនៅវេស្ទើនភ្នំពេញ ចុងឆ្នាំ២០១៦ និងដើមឆ្នាំ២០១៧ ហើយទោះបីលែងធ្វើការរួមគ្នា ក៏អ្នកទាំងពីរនៅបន្តទំនាក់ទំនងល្អរហូតដល់បច្ចុប្បន្ន។

 


គ្រូបង្វឹកក្រុមជើងឯកសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ២០១៩ បង្ហើបថា ទទួលបានការជួយពន្យល់ណែនាំច្រើនពីលោក ស៊ុំ វណ្ណា ជាពិសេសលើការរៀបចំក្រុម។ ដូច្នេះហើយបានជាលោកចាត់ទុកគ្រូបង្គោលភ្នំពេញក្រោនប្រៀបដូចជាបងប្រុសបង្កើតម្នាក់។


«ជាមួយបងវណ្ណា ខ្ញុំធ្លាប់ធ្វើគ្រូជំនួយគាត់នៅវេស្ទើន។ តាំងពីហ្នុងមក ខ្ញុំរាប់អានគាត់ដូចបង្កើតអ៊ីចឹង។ គាត់បានណែនាំខ្ញុំច្រើនពីការរើសកីឡាករ រៀបកីឡាករ តាក់ទិចក្រុម ពន្យល់កីឡាករខេត្តរបៀបម៉េច គាត់ប្រាប់ច្រើនណាស់។ ដំបូងខ្ញុំធ្វើការផ្នែកសម្ភារៈទេកាលនៅវេស្ទើន រៀបសម្ភារៈហាត់អ៊ីចឹងទៅ តែក្រោយមក គាត់ក៏ឲ្យខ្ញុំធ្វើគ្រូជំនួយផ្ទាល់តែម្ដងទៅ។”

 


លោក ផន រស្មីពេជ្រ បន្តថា ក្រោយចេញពីវេស្ទើនភ្នំពេញ លោកបានចូលរួមក្រុមការងារគ្រូប្រចាំជម្រើសខេត្តត្បូងឃ្មុំ អំឡុងឆ្នាំ២០១៨ ហើយ២០១៩ក៏រួមចំណែកលើកពានក្រុមនេះលើកពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ខណៈលោកផ្ទាល់ក៏ជាប់ជាគ្រូល្អផងដែរ។ 

 


នៅឆ្នាំ២០២០ នេះ គ្រូបង្វឹកធ្លាប់សិក្សាវគ្គគ្រូកម្រិត C បានដឹកនាំត្បូងឃ្មុំឡើងវគ្គផ្ដាច់ព្រ័ត្រសាជាថ្មី ដោយត្រូវប៉ះព្រៃវែង នៅថ្ងៃពុធ ទី២៩ ខែកក្កដា នាពហុកីឡដ្ឋានជាតិ៕

អត្ថបទ និងរូបភាព ៖ សុវណ្ណ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024