ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

ប្រជាកសិករដាំម្រេចកំពតតូចៗជាង ២០០ គ្រួសារសម្រេចចុះកិច្ចសន្យាលក់ម្រេច ទៅឲ្យ ក្រុមហ៊ុន EU Land and Pepper 

០១ ធ្នូ ២០២០ | សេដ្ឋកិច្ច

សមាគមន៍ម្រេចកំពតបានឲ្យដឹងថា នៅថ្ងៃនេះកសិករដាំម្រេចតូចៗស្ថិតនៅនៅខេត្តកំពតប្រមាណជិត ២០០ គ្រួសារបានសម្រេចចុះកិច្ចសន្យាលក់ម្រេចដែលខ្លួនផលិតបានទៅឲ្យក្រុមហ៊ុន EU Land and Pepper ដើម្បីនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស ស្របពេលដែលបច្ចុប្បន្នការនាំចេញម្រេចកំពតនៅកាន់ទៅកាន់ទីផ្សារសកលលោកនៅតែមានស្ថិរភាពល្អផងនោះ។

 

 

លោក ងួន ឡាយ ប្រធានសមាគមម្រេចកំពតបានប្រាប់ភីអិនអិននៅថ្ងៃនេះថា ដំណើរការនៃការចុះកិច្ចព្រមព្រៀងនេះធ្វើឡើងរយៈពេល២ ថ្ងៃ ដែលក្នុងរយៈពេលពេញមួយថ្ងៃថ្ងៃនេះមានប្រជាកសិករដាំម្រេចកំពតជិត ២០០គ្រួសារបានចុះកិច្ចព្រមព្រៀងលក់ទៅឲ្យក្រុមហ៊ុន EU Land and Pepper  បន្ទាប់ពីក្រុមហ៊ុននេះបានចុះកិច្ចព្រមព្រៀងគ្នារួចហើយកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ជាមួយសមាគមម្រេចកំពត។

 


លោក ងួន ឡាយ បញ្ជាក់ថា ចំនួនប្រជាកសិករអ្នកដាំម្រេចនៅខេត្តកំពតសរុបទាំងអស់ជាង២០០ គ្រួសារដែលនឹងចុះកិច្ចព្រមព្រៀងដើម្បីលក់ម្រេចទៅឲ្យក្រុមហ៊ុន EU Land and Pepper ដោយក្រុមហ៊ុននេះសន្យាថា នឹងទិញម្រេចពីប្រជាកសិករក្នុងឆ្នាំទី១ ឆ្នាំ២០២១ ចំនួន ១០តោន និងឆ្នាំ២០២២ ចំនួន ២០តោន ជាមួយនឹងតម្លៃ ម្រេច ខ្មៅ ១៥ ដុល្លារ ម្រេចក្រហម ២៥ ដុល្លារ  និងម្រេចស ២៨ដុល្លារក្នុងមួយគីឡូក្រាម។

 


លោក ងួន ឡាយអះអាងទៀតថា ក្នុងចំណោមក្រុមហ៊ុនដែលជាសមាជិកទាំង ៣៨ គឺមានតែក្រុមហ៊ុន EU Land and Pepper ទេ ដែលរំលេចខុសពីក្រុមហ៊ុនដទៃទៀត ខណៈដែលក្រុមហ៊ុននេះមានគោលដៅចំបងគឺជួយដល់ប្រជាកសិករក្រីក្រ។

 


បើតាមលោក ងួន ឡាយ ថា ម្រេចកំពតប្រមាណជា៥១ តោនត្រូវបាននាំចេញទៅកាន់ទីផ្សារបរទេសរួមមានសហភាពអឺរ៉ុប សហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង ហុងកុងនិងតៃវ៉ាន់ ដែលក្នុងនោះមានម្រេចខ្មៅ ម្រេចស និងម្រេចក្រហម និងក្រៅពីនោះគឺម្រេចដែលមានការកែច្នៃប្រលាក់អំបិលរួចមានការនាំចេញប្រមាណ៨តោនផងដែរ។

 


លោកបានបញ្ជាក់ទៀតថា ម្រេចកំពតនៅតែអាចនាំចេញបានដដែលបើទោះបីពេលនេះពិភពលោកកំពុងរងឥទ្ធិលពលនៃជំងឺកូវីដ១៩ ក្តី តែការនាំចេញម្រេចកំពតនៅតែអាចនាំចេញបានដោយមិនត្រូវបានប៉ះពាល់ដោយជំងឺកូវីដ នោះឡើយ ប៉ុន្តែសម្រាប់ទីផ្សារទេសចក្នុងស្រុកកំពុងរងផលប៉ះពាល់ជាខ្លាំង។


លោកងួនឡាយបានឲ្យដឹងទៀតថា តម្លៃម្រេចដែលប្រើឈ្មោះម្រេចកំពតនៅរក្សាតម្លៃដដែលគឺមិនមានការកើនឡើងឬធ្លាក់ចុះនោះទេពោលគឺម្រេចខ្មៅ ១គីឡូក្រាមថ្លៃ១៥ ដុល្លារ ម្រេចក្រហម ២៥ដុល្លារ និងម្រេចស ថ្លៃ២៨ដុល្លារ ខណៈម្រេចមិនបានប្រើឈ្មោះម្រេចកំពតវិញគឺមានតម្លៃ ចន្លោះពី ៧ពាន់រៀល ទៅ១ម៉ឺនរៀលក្នុងមួយគីឡូក្រាម ដែលតម្លៃនេះមានរយៈពេល៥ឆ្នាំហើយគិតមកដល់ឆ្នាំ២០២០នេះ៕

 

 

 

 

អត្ថបទ ស៊ឺន សុន និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024