ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

កម្ពុជា នៅតែត្រូវបានរំខានដោយសំនួរច្រំដែលរបស់អាមេរិក ក្នុងកិច្ចប្រជុំកំពូលអាស៊ាន

១៧ ​វិច្ឆិកា ២០២០ | ព័ត៌មានជាតិ

កិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២០ ដែលមានវៀតណាម ជាម្ចាស់ផ្ទះ បានបិទបញ្ចប់ហើយ ដោយអាស៊ាន បានឈានទៅសម្រេចបានវឌ្ឍនភាពថ្មីៗមួយចំនួន ក្នុងនោះ ក៏មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាននៃប្រទេសដៃគូមួយចំនួនទៀតដែរ។ ដំណើរការកិច្ចប្រជុំអាស៊ានពេញមួយឆ្នាំនេះ ត្រូវបានរំខានដោយជំងឺកូវីដ១៩។ ដោយឡែកកម្ពុជា ក៏បានជួបបញ្ហាច្រំដែលមួយដែរ នោះគឺសំនួរដដែលៗរបស់អាមេរិក ពាក់ព័ន្ធនឹងក្ដីមន្ទិល ខ្លាចកម្ពុជាអនុញ្ញាតឱ្យកងទ័ពចិន ឈរជើង។

 

 

គឺនៅក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៥ ដែលបានធ្វើឡើងតាមប្រពន្ធ័វីដេអូកាលពីចុងសប្ដាហ៍កន្លងទៅនោះតែម្ដងដែលរាជរដ្ឋាភិបាលកម្ពុជា បានបន្តបង្ហាញការប្រតិកម្មខ្លាំងៗ ចំពោះការសម្តែងការព្រួយបារម្ភច្រំដែលៗរបស់សហរដ្ឋអាមេរិកទាក់ទងនឹងការចោទប្រកាន់ថាកម្ពុជាមានផែនការធ្វើជាម្ចាស់ផ្ទះសម្រាប់កងទ័ពជើងទឹក នៅមូលដ្ឋានកងទ័ពជើងទឹករាម។

 

 

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបទេសចេញផ្សាយនៅរសៀលថ្ងៃម្សិលមិញនេះ ប្រតិកម្មរបស់កម្ពុជា គឺបន្ទាប់ពីលោក រ៉ូបឺត អូប្រាយអិន ទីប្រឹក្សាសន្តិសុខជាតិអាមេរិក បានលើកឡើងថាអាមេរិកក៏មានការព្រួយបារម្ភផងដែរ អំពីផែនការរបស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះសំរាប់កងទ័ពជើងទឹកបរទេស និងបុគ្គលិករបស់គេ នៅឯមូលដ្ឋានកងទ័ពជើងទឹករាម នៅឈូងសមុទ្រថៃនិងថាវត្តមានកងទ័ពជើងទឹកបរទេសនៅកម្ពុជា នឹងធ្វើឱ្យប៉ះពាល់ដល់ដំណើរការ នៃការដោះស្រាយវិវាទដោយសន្តិវិធី ការលើកកម្ពស់សុវត្ថិភាពនាវាចរណ៍ និងសេរីភាពនៃការធ្វើនាវាចរណ៍និងការហោះហើរនៅក្នុងតំបន។

 

 

បើតាមក្រសួងកាបរទេស ក្នុងនាមជាតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឆ្លើយតបភ្លាមៗក្នុងន័យដើមថា ខ្ញុំចាំបាច់ត្រូវតែឆ្លើយតប ពីព្រោះការចោទប្រកាន់ម្តងហើយម្តងទៀត និងការផ្សព្វផ្សាយរឿងដែលគ្មានមូលដ្ឋានបែបនេះ អាចធ្វើឱ្យអន្តរាយដល់ការជឿទុកចិត្តគ្នា និងបង្កអរិភាពរវាងប្រទេសកម្ពុជា និងប្រទេសក្នុងតំបន់។ ដូចដែលខ្ញុំបានបញ្ជាក់រួចមកហើយ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧ ហើយនាយករដ្ឋមន្រ្តីរបស់ខ្ញុំ ក៏បានធ្វើការបញ្ជាក់ដូចគ្នានេះ ម្តងហើយម្តងទៀតថា កម្ពុជាគ្មាន ហើយថ្ងៃមុខក៏នឹងពុំមានដែរនូវមូលដ្ឋានយោធាបរទេសណាមួយនៅលើទឹកដីរបស់ខ្លួន។

 

 

ក្នុងនាមនាយករដ្ឋមន្ត្រីកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចបានអះអាងទៀតថា រាជរដ្ឋាភិបាលកម្ពុជាប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ឯករាជ្យ និងអព្យាក្រឹត តាមសេចកី្តចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលហាមឃាត់ដាច់ខាតនូវវត្តមានមូលដ្ឋានយោធាបរទេស នៅក្នុងប្រទេសកម្ពុជា និងថាកម្ពុជាស្វាគមន៍ចំពោះការផ្តល់ជំនួយ និងការបន្តផ្តល់ជំនួយពីសហរដ្ឋ អាមេរិក អូស្រ្តាលី កូរ៉េខាងត្បូង ជប៉ុន ចិន និងប្រទេសដទៃទៀត ដរាបណាជំនួយនេះមិនរារាំងកម្ពុជា ក្នុងការអនុវត្តសិទ្ធិអធិបតេយ្យរបស់ខ្លួន។

 

 

នេះមិនមែនជារឿងថ្មីទេ ដែលកម្ពុជាបានបកស្រាយចំពោះមន្ទិលសង្ស័យច្រំដែល និងដែលគ្មានភស្តុតាងអីភាគីអាមេរិក។ កាលពីចុងខែតុលា សម្តេចតេជោធ្លាប់បានបញ្ជាក់ដោយចាត់ទុកបរទេស និងជនជាតិខ្មែរមួយចំនួន ដែលរុញរឿងមូលដ្ឋានទ័ពចិននៅកម្ពុជា ថាជាអ្នកមានបំណងចង់ឈានទៅធ្វើរដ្ឋប្រហារ ហើយថាសម្តេចមានការធុញទ្រាន់ ដោយអះអាងថាកម្ពុជាមានតែចិនជាអ្នកវិនិយោគ តែគ្មានកងទ័ពចិន ពោលគឺបើចោទថាមានសូមបង្ហាញភស្តុតាង។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានបានបិទបញ្ចប់កាលពីថ្ងៃម្សិលមិញនេះ ដោយប្រទេសបន្តវេនជាប្រធានអាស៊ានបន្ទាប់ពីវៀតណាម គឺប្រុយណេ។ សម្ដេចតេជោបានខកខានចូលរួមកិច្ចប្រជុំនេះ ដោយសារត្រូវធ្វើចត្តាឡីសក្ដិ ក្រោយកើតមានព្រឹត្តិការណ៍៣វិច្ឆិកា៕

 

អត្ថបទ៖ រ៉េន រតនៈ​ រូបភាព៖ ឯកសារ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024