ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

តើកម្ពុជាបង្ហាញជំហរអ្វីខ្លះ ក្នុងកិច្ចប្រជុំវេទិកាតំបន់អាស៊ានលើកទី ២៧?

១៥ កញ្ញា ២០២០ | ព័ត៌មានជាតិ

កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅនេះ រដ្ឋមន្ត្រីការបរទេសអាស៊ាន បានបន្តបើកកិច្ចប្រជុំវេទិកាតំបន់អាស៊ាន ដោយបានផ្ដោតទៅលើទិសដៅនាពេលអនាគត។ សេចក្ដីប្រកាសព័ត៌មាន ចេញផ្សាយនៅថ្ងៃអាទិត្យម្សិលមិញ ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងអំពីការបញ្ជាក់ជំហររបស់កម្ពុជា ជុំវិញបញ្ហាមួយចំនួន ដែលអាស៊ាន និងពិភពលោក កំពុងជួបប្រទះ ដូចជា បញ្ហាកូវីដ១៩ ការប្រជែងមហាអំណាច ជំហរគ្មានយោធាបរទេស បញ្ហានុយក្លេអ៊ែរ និងបញ្ហាសមុទ្រចិនខាងត្បូង។

 


ពេញមួយថ្ងៃទី១២ខែកញ្ញាកន្លងទៅ ប្រមុខការទូតអាស៊ានដោយមានវៀតណាមជាប្រធានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូពីទីក្រុងហាណូយ បានបន្តបើកកិច្ចប្រជុំចំនួន៣ គឺកិច្ចប្រជុំវេទិកាតំបន់អាស៊ានលើកទី២៧ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានសហភាពអឺរ៉ុប និងជាមួយឥណ្ឌា។ 


បើនិយាយត្រឹមក្របខណ្ឌកិច្ចប្រជុំវេទិកាតំបន់អាស៊ាន ក្រសួងកាបរទេសកម្ពុជាបានឲ្យដឹងថានៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសង្កត់ធ្ងន់លើបញ្ហាប្រឈមផ្នែកសន្តិសុខដ៏សំខាន់២ គឺជំងឺរាតត្បាតកូវីដ-១៩ និងការប្រកួតប្រជែងរវាងប្រទេសមហាអំណាច និងការផ្តាច់ខ្លួនជាឯកតោភាគី ពីការប្តេជ្ញាចិត្តអន្តរជាតិ ក្នុងពេលមួយដែលពិភពលោកត្រូវការកិច្ចខិតខំប្រឹងប្រែងរួមគ្នាបន្ថែមទៀត។ 

 


សូមបញ្ជាក់ បច្ចុប្បន្ន អាមេរិក និងចិន ត្រូវបានមេឃើញថាកំពុងស្ថោតនៅលើសង្វៀនប្រជែងអំណាច និងឥទ្ធិពលជាងគេជាងឯង ហើយបើនិយាយពីក្រុមប្រទេសមហាអំណាចនោះ អាមេរិកហាក់បានឈរខ្ពស់ត្រដែតជាងគេនាប៉ុន្មានឆ្នាំចុងក្រោយនេះ ពាក់ព័ន្ធនឹងការដកខ្លួនចេញពីកិច្ចព្រមព្រៀងអន្តរជាតិនានា ដូចជាកិច្ចព្រមព្រៀងស្ដីពីការប្រែប្រួលអាកាសធាតុជាដើម។

 


នៅក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការចៀសវាងការកាន់ជើងភាគីណាមួយ ក្នុងបរិបទនៃការប្រកួតប្រជែងរបស់ប្រទេសមហាអំណាច និងការធ្លាក់ក្នុងអន្ទាក់នៃការប្រកួតប្រជែងនេះ ដោយអះអាងកម្ពុជាចងចាំអំពីសោកនាដកម្ម ពីអតីតកាលដ៏សោកសៅ ដែលខ្លួនបានធ្លាប់ឆ្លងកាត់ ហើយក៏បានបញ្ជាក់សាជាថ្មីនូវគោលការណ៍រដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា អំពីអព្យាក្រឹតភាពអចិន្រ្តៃយ៍ និងការមិនចូលបក្សសម្ព័ន្ធ ដែលមិនអនុញ្ញាតឱ្យកម្ពុជាមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួន ឬចូលរួមក្នុងសម្ព័ន្ធមិត្ត និងសន្ធិសញ្ញាយោធាណាមួយឡើយ។

 


ពាក់ព័ន្ធនឹងបញ្ហានុយគ្លែអ៊ែរ ប្រមុខការទូតកម្ពុជាបានបញ្ជាក់ប្រាប់រដ្ឋមន្ត្រីការបរទេសអាស៊ានថាកម្ពុជាគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីសម្រេចឱ្យបាននូវការរំសាយអាវុធនុយក្លេអ៊ែរប្រកបដោយសន្តិភាព ភាពពេញលេញ ភាពដែលអាចត្រួតពិនិត្យបាន និងភាពមិនអាចត្រឡប់ក្រោយវិញបាន នៅក្នុងឧបទ្វីបកូរ៉េ ជាពិសេស តាមរយៈវេទិកាតំបន់អាស៊ាន។ 


ចំពោះបញ្ហាសមុទ្រចិនខាងត្បូង កម្ពុជាក្នុងនាមជារដ្ឋមិនទាមទារអធិបតេយ្យ មានសេចក្តីប្រាថ្នារួមដើម្បីឱ្យសមុទ្រចិនខាងត្បូងនៅតែជាសមុទ្រនៃសន្តិភាព ស្ថិរភាព និងវិបុលភាព។ បើតាមឯកឧត្តម ប្រាក់ សុខុន កម្ពុជាលើកទឹកចិត្តគ្រប់ភាគីអនុវត្តសេចក្តីថ្លែងការណ៍DOC) ឱ្យបានពេញលេញ និងមានប្រសិទ្ធភាព។

 


សម្រាប់កម្ពុជាដែលមិនស្ថិតក្នុងជម្លោះ យន្តការនេះ ជាមធ្យោបាយមួយដើម្បីពង្រឹងភាពជឿជាក់ ទំនុកចិត្ត ការសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តកិច្ចសន្ទនារវាងភាគីដែលពាក់ព័ន្ធដោយផ្ទាល់ និងការដោះស្រាយជម្លោះដោយសន្តិវិធី ដោយអនុលោមទៅតាមច្បាប់អន្តរជាតិ៕

អត្ថបទ៖ រ៉េន រតនៈ     រូបភាព៖ ក្រសួងការបរទេស
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024