ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

កិច្ចប្រជុំរដ្ឋមន្ត្រីការងារអាស៊ាន លើកទី២៦បានអនុម័តលើឯកសារសំខាន់ៗ ចំនួន៩

០៣ ​វិច្ឆិកា ២០២០ | ព័ត៌មានជាតិ

រដ្ឋមន្ត្រីការងារអាស៊ានទាំង១០ប្រទេស រួមនិងរដ្ឋមន្ត្រីការងារអាស៊ានបូកបី ដែលរួមមាន សាធារណរដ្ឋប្រជាមានិតចិន ប្រទេសជប៉ុន និងសាធារណរដ្ឋកូរ៉េ បានបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ដោយសម្រេចបានលទ្ធផលផ្កែផ្ការគួរអោយកត់សម្គាល់។ នេះបើយោងតាមក្រសួងការងារកម្ពុជា។

 


រដ្ឋមន្ត្រីការងារអាស៊ានទាំង១០ប្រទេស រួមនឹងរដ្ឋមន្ត្រីការងារអាស៊ានបូកបីសាធារណរដ្ឋប្រជាមានិតចិន ប្រទេសជប៉ុន និងសាធារណរដ្ឋកូរ៉េ បានភិក្សាគ្នាលើមូលបទ“ការលើកកម្ពស់កម្មករនិយោជិតអាស៊ាន ដើម្បីភាពប្រកួតប្រជែង ភាពធន់ និងភាពបត់បែន សម្រាប់អនាគតនៃការងារ” ដែលរៀបចំដោយប្រទេសឥណ្ឌូណេស៊ីក្នុងអាណត្តិជាជាប្រធានប្តូវេនអាស៊ាន។

 


នៅក្នុងឱកាសកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការងារអាស៊ានលើកទី២៦ រដ្ឋមន្ត្រីក្រសួងការងារកម្ពុជាឯកឧត្តម អ៊ិត សំហេង ក៏ត្រូវបានអញ្ជើញអោយចែករំលែកនូវទស្សនៈ និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជជីវៈ ក្នុងការកសាង និងអភិវឌ្ឍន៍ធនធានមនុស្ស និងកម្លាំងពលកម្មប្រកបដោយគុណភាព ដើម្បីឆ្លើយតបទៅនឹងនិន្នាកាសកល និងតំបន់ រួមមានការជឿនលឿននៃបច្ចេកវិទ្យា ការប្រែប្រួលប្រជាសាស្ត្រ និងការកើនឡើងនៃសេដ្ឋកិច្ចបៃតង និងផលប៉ះពាល់ពីជំងឺកូវីដ-១៩។

 


បន្ទាប់ពីការជជែក និងពិភាក្សាតាមប្រព័ន្ធវីដេអូ ជាលទ្ធផល រដ្ឋមន្ត្រីការងារអាស៊ាន បានអនុម័តលើឯកសារសំខាន់ៗមួយចំនួនរួមមាន៖ កម្មវិធីការងាររដ្ឋមន្ត្រីការងារអាស៊ានឆ្នាំ២០២១-២០២៥, ផែនការការងារ របស់ក្រុមការងារឧត្តមមន្ត្រីការងារអាស៊ាន ឆ្នាំ២០២១-២០២៥, ផែនការការងារ របស់ក្រុមការងារឧត្តមមន្ត្រីការងារអាស៊ាន+៣ ឆ្នាំ២០២១-២០២៥,ផែនការការងារ ASEAN-OSHNET ឆ្នាំ២០២១-២០២៥, បច្ចុប្បន្នភាពផែនការសកម្មភាព (២០១៨-២០២៥) នៃឯកច្ឆន្ទភាពអាស៊ានស្តីពីការការពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសក៍,ផែនទីបង្ហាញផ្លូវអាស៊ាន ដើម្បីការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារត្រឹមឆ្នាំ២០២៥, គោលការណ៍ណែនាំអាស៊ានអំពីការបញ្ជ្រាបយេនឌ័រទៅក្នុងគោលនយោបាយការងារ និងមុខរបរ ដើម្បីឆ្ពោះទៅរកការងារសមរម្យសម្រាប់ទាំងអស់គ្នា, គោលការណ៍ណែនាំអាស៊ាន ស្តីពីការវិលត្រលប់ និងការធ្វើសមាហរណកម្មប្រកបដោយប្រសិទ្ធភាពរបស់ពលករទេសន្តរប្រវេសក៍, និងគោលការណ៍ណែនាំអាស៊ាន ស្តីពីការគ្រប់គ្រងហានិភ័យសុខភាព និងសុវត្ថិភាពការងារ សម្រាប់សហគ្រាសធុនតូច និងមធ្យមនៅក្នុងរដ្ឋសមាជិកអាស៊ានផងដែរ។

 


សូមបញ្ជាក់ថា លទ្ធផលខាងលើនេះ គឺជាកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋសមាជិកអាស៊ានក្នុងការការពារ និងលើកកម្ពស់សុខមាលភាព និងផលប្រយោជន៍កម្មករនិយោជិតអាស៊ាន ជាពិសេសពលករទេសន្តរប្រវេសក៍អាស៊ាន ដើម្បីសម្រេចបានគោលដៅសហគមន៍សង្គម-វប្បធម៌អាស៊ានឆ្នាំ២០២៥ ជាសហគមន៍មួយដែលលើកកម្ពស់ និងជ្រោមជ្រែងប្រជាជនអាស៊ាន និងជាសហគមន៍មួយប្រកបដោយបរិយាប័ន្ន និរន្តរភាព ភាពធន់ និងប្រកបដោយជវភាព៕

 

អត្ថបទ និងរូបភាព៖ សំ ជំនាញ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024