ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

កម្ពុជា សម្រេចពន្យារពេលរៀបចំវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២១ ​​ ​​

១៣ ​វិច្ឆិកា ២០២០ | ព័ត៌មានជាតិ

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចលើកពេល​រៀបចំ​វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ​២០២១ (ASEAN Tourism Forum 2021) ដែលគ្រោង នឹងរៀបចំនាខែមករាខាងមុខ។ វេទិកាទេសចរណ៍អាស៊ាន ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នឹង​រៀបចំនៅដើមឆ្នាំ២០២២ វិញ។ ការសម្រេចពន្យារពេលនេះ ដោយសារតែភាពមិនច្បាស់លាស់នៃជំងឺកូវីដ-១៩។

 

 

កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ក្រសួងទេសចរណ៍ បានសរសេរលិខិត​ស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាល ដើម្បី​ពន្យារពេលរៀបចំវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២១ ដែលរួមមាន ការតាំងពិព័រណ៍ និងកិច្ចប្រជុំផ្សេងៗ ទៅរៀបចំ​នៅដើមឆ្នាំ២០២២​។

 

 

ចំពោះ​ការស្នើសុំនេះ ត្រូវបានសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចារឯកភាព កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០​។ ដូច្នេះហើយ ទើបនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ​ទីស្តីការគណៈរដ្ឋមន្ត្រី បានចេញលិខិត ជម្រាបជូន​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍  ដោយលើកឡើងថា​រាជរដ្ឋាភិបាល យល់ព្រម​៖ ទី១- អនុញ្ញាតលើកការរៀបចំវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ​២០២១ ទៅរៀបចំនៅដើមឆ្នាំ២០២២ អាចអំឡុងខែមករា ឬខែបន្តបន្ទាប់ ជំនួសវិញ។ ទី២-ចំពោះការប្រជុំថ្នាក់រដ្ឋមន្រ្តីទេសចរណ៍អាស៊ាន និងថ្នាក់ស្ថាប័នទេសចរណ៍ជាតិអាស៊ាន​ អនុញ្ញាតឲ្យក្រសួងទេសចរណ៍ រៀបចំកិច្ចប្រជុំជាបន្តបន្ទាប់ តាមប្រព័ន្ធវីដេ​អូ ខនហ្វើរិន ដើម្បីសម្រេចឯកសារមួយចំនួន ក្នុងនាមជាម្ចាស់ផ្ទះ។

 

 

វេទិកាទេសចរណ៍​អាស៊ាន ​បង្កើតឡើង កាលពីឆ្នាំ១៩៨១ ជាព្រឹត្តិការណ៍ដ៏ធំ ដែលប្រទេសសមាជិកអាស៊ាន ប្ដូរវេនគ្នា រៀបចំ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ និងធ្វើឲ្យតំបន់អាស៊ាន ក្លាយជាគោលដៅទេសចរណ៍តែមួយ ប្រកបដោយភាពទាក់ទាញ៕

 

​អត្ថបទ និងរូបភាព៖ ក្រុមការងារព័ត៌មាន PNN

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024