ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

ទំហំនៃការជួញដូរភាគហ៊ុននៅកម្ពុជាធ្លាក់ពី១៥ម៉ឺនដុល្លារមកនៅត្រឹម១៣ ម៉ឺនដុល្លារក្នុងមួយថ្ងៃ

០៩ ​វិច្ឆិកា ២០២០ | សេដ្ឋកិច្ច

អ្នកជំនាញនៅក្នុងទីផ្សារមូលបត្រកម្ពុជាបានឲ្យដឹងថា បើទោះបីជានៅឆ្នាំ២០២០ នេះមានក្រុមហ៊ុនជាច្រើនមកប្រកាសចុះបញ្ជីនៅក្នុងផ្សារមូលបត្រកម្ពុជាក៏ដោយ តែការជួញដូរភាគហ៊ុនមានការធ្លាក់ពីទំហំជួញដូរជាមធ្យមខ្ទង់១៥ម៉ឺនដុល្លារ មកនៅត្រឹម១៣ ម៉ឺនដុល្លារ ក្នុងមួយថ្ងៃ។

 


ឯកឧត្តម ហុង សុខហួ អគ្គនាយកផ្សារមូលបត្រកម្ពុជាបានប្រាប់ភីអិនអិននៅថ្ងៃនេះថា ការជួញដូរភាគហ៊ុនមានការធ្លាក់ចុះនាពេលនេះ គឺស្របគ្នាទៅនឹងស្ថានការនៃវិបត្តិជំងឺសកល បញ្ហាគ្រោះទឹកជំនន់ និងនៅប៉ុន្មានថ្ងៃចុងក្រោយនៃការបោះឆ្នោតនៅសហរដ្ឋអាមេរិក។

 

 

ក្នុងនោះ គេសង្កេតឃើញថា ផ្សារភាគហ៊ុនៅកម្ពុជាមានការធ្លាក់ដូចគ្នាដែរ ប៉ុន្តែក៏មិនបានរំពឹងថា ផលប៉ះពាល់នេះ ដោយសារតែការបោះឆ្នោតនៅអាមេរិកនោះដែរ ពីព្រោះក្រុមហ៊ុនដែលបានចុះបញ្ជីនៅក្នុងផ្សារភាគហ៊ុនកម្ពុជាមិនសូវជាមានការពាក់ព័ន្ធនឹងសហរដ្ឋអាមេរិកនោះឡើយ។

 


ឯកឧត្តមបញ្ជាក់ថា យើងពិតជាពិបាកធ្វើការសន្និដ្ឋានថា បញ្ហានេះវាជាប់ទាក់ទងនឹងផ្សារភាគហ៊ុននៅកម្ពុជា ដែរឬយ៉ាងណានោះទេ ប៉ុន្តែ ការជួញដូរភាគហ៊ុនមានការធ្លាក់ចុះនេះ គឺវាកើតឡើងស្របពេលជាមួយគ្នាតែម្តង ពោលគឺនៅក្នុងឆ្នាំ២០២០ នេះទំហំនៃការជួញដូរ ភាគហ៊ុនជាមធ្យមក្នុងមួយថ្ងៃមានចំនួនត្រឹម ១៣ ម៉ឺន ដុល្លារប៉ុណ្ណោះ ខណៈកាលពីឆ្នាំ២០១៩ ការជួញដូរមានរហូត ១៥ម៉ឺនដុល្លារក្នុងមួយថ្ងៃ។

 


ឯកឧត្តម ហុង សុខហួ បានឲ្យដឹងទៀតថា ខណៈវិស័យផ្សេងៗទៀតនៅតែដំណើរទៅមុខដោយរលួន ដូច្នេះ ឯកឧត្តម នៅតែមានគំនិតសុទិដ្ឋិនិយមចំពោះផ្សារមូលបត្រកម្ពុជាថា នឹងនៅតែអាចរីកចម្រើនទៅមុខទៀតដែរ ដែលជាក់ស្តែង ផ្សារភាគហ៊ុនកម្ពុជានៅតែមានក្រុមហ៊ុនថ្មីៗចាប់អារម្មណ៍មកចុះបញ្ជី និងកំពុងធ្វើការងារជាមួយគ្នាជាបន្តបន្ទាប់ ដោយនៅដើមឆ្នាំ២០២១ នឹងមានក្រុមហ៊ុនថ្មីចំនួន២ បន្ថែមទៀតចូលផ្សារភាគហ៊ុនកម្ពុជា។


បើតាមឯកឧត្តម ហុង សុខហួ នៅឆ្នាំ២០២០ នេះមានក្រុមហ៊ុន ដែលបានមកចុះបញ្ជីមានចំនួន ៧ ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនដែលចុះបញ្ជីលក់ភាគហ៊ុនមានចំនួន ៣ ក្រុមហ៊ុន និងក្រុមហ៊ុនលក់សញ្ញាបណ្ណមានចំនួន ៤ ក្រុមហ៊ុន។

 

ដោយឡែកនៅឆ្នាំ២០២១ រំពឹងមានក្រុមហ៊ុន ៤ទៅ៥ ក្រុមហ៊ុន បន្ថែមទៀត ដែលទាំងអស់នេះជាសញ្ញាបង្ហាញថា ផ្សារភាគហ៊ុននៅកម្ពុជាបន្តការរីកចម្រើនទៅមុខជាលំដាប់ ខណៈសាធារណជនចាប់ផ្តើមយល់ដឹងកាន់តែច្បាស់អំពីផ្សារភាគហ៊ុន។

 

 

 

អ្នកជំនាញគូសបញ្ជាក់ថា វិស័យអចលនទ្រព្យហាក់បង្ហាញសញ្ញានៅទ្រឹង ដូច្នេះអ្នកវិនិយោគផ្នែកអចលនទ្រព្យ ក៏ចាប់ផ្តើមធ្វើពិពិធកម្មវិនិយោគរបស់ពួកគេ ដោយបង្វែខ្ទង់វិនិយោគរបស់ខ្លួនទៅវិនិយោគវិស័យផ្សេងៗវិញ ដូច្នេះផ្សារភាគហ៊ុនក៏អាចជាជម្រើសមួយសម្រាប់ពួកគាត់ដែរ៕

 

 

 

 

អត្ថបទ ស៊ឺន សុន និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024