ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

អ្នកជំនាញ៖ វិស័យមូលបត្រនៅកម្ពុជា រំពឹងនឹងមានភាពប្រសើរឡើងវិញក្នុងឆ្នាំ ២០២១

០៧ មករា ២០២១ | សេដ្ឋកិច្ច

កាលពីឆ្នាំ ២០២០កន្លងទៅ វិបត្តិមេរោគកូវីដ១៩ បានជះឥទ្ធិពលដល់គ្រប់ផ្នែកនៃសេដ្ឋកិច្ចកម្ពុជា គួបផ្សំទាំង វិស័យមូលបត្រកម្ពុជា ដែលមានការថមថយចុះបន្តិច បើធៀបនឹងឆ្នាំ ២០១៩។

 

តែយ៉ាងណា សម្រាប់ឆ្នាំ ២០២១នេះ អ្នកជំនាញនៅក្នុងវិស័យមូលបត្រ រំពឹងថា ស្ថានការណ៍មេរោគកូវីដ១៩ នឹងមានភាពប្រសើរឡើងវិញ និងបើកឱកាសឲ្យ វិស័យមូលបត្រកម្ពុជា អាចធ្វើការអភិវឌ្ឍន៍ លូតលាស់ទៅមុខបាន។

 

ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា បានបញ្ជាក់ប្រាប់ដល់ ក្រុមការងារសេដ្ឋកិច្ចភីអិនអិន ឲ្យបានដឹងថា បើទោះបីជា វិបត្តិមេរោគកូវីដ១៩ បានធ្វើឲ្យ ទំនោរសេដ្ឋកិច្ចសកល មានការថមថយចុះ នៅឆ្នាំ ២០២១នេះ វិស័យមូលបត្រកម្ពុជា រំពឹងថានឹងមានភាពល្អប្រសើរឡើងវិញ ដោយសង្ឃឹមថាមានក្រុមហ៊ុនចុះបញ្ជីថ្មីៗ ការចូលរួមកាន់តែច្រើនពី សំណាក់វិនិយោគិនសាធារណៈ និងការបើកដំណើរការទីផ្សារមូលនិធិ នឹងធ្វើឲ្យសកម្មភាពទីផ្សារកាន់តែកើនឡើង និងសកម្មជាងមុន។


អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា ក៏ធ្លាប់បានបង្ហើបឲ្យដឹងទៀតថា នៅក្នុងឆ្នាំ ២០២១ វិស័យមូលបត្រកម្ពុជា នឹងមានទីផ្សារថ្មីៗ និងឧបករណ៍ហិរញ្ញវត្ថុជាច្រើនប្រភេទទៀត សម្រាប់វិនិយោគិន ក៏ដូចជាក្រុមហ៊ុនបោះផ្សាយ មានជម្រើសកាន់តែច្រើនក្នុងការជួញដូរ ហើយទីផ្សារដែលគួរឲ្យចាប់អារម្មណ៍ជាងគេ គឺទីផ្សារ Future Commodities Exchange ដែលរំពឹងនឹងមាន ប្រតិបត្តិករ ចូលរួម នាពេលខាងមុខ។

 

 


ឯកឧត្តម ហុង សុហួរ អគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ក៏បានពន្យល់ប្រាប់ដល់ ក្រុមការងារសេដ្ឋកិច្ច ភីអិនអិន ឲ្យបានដឹងដែរថា កាលពីឆ្នាំ ២០១៩កន្លងទៅ ទីផ្សារមូលបត្រកម្ពុជា មានកំណើនខ្លាំងទាំងតម្លៃភាគហ៊ុន និងសកម្មភាពជួញដូរ តែចូលមកដល់ឆ្នាំ ២០២០ ហាក់បីជាមានការថមថយចុះបន្តិច ដោយសារតែវិបត្តិមេរោគកូវីដ១៩។


តែយ៉ាងណា ឯកឧត្តម ហុង សុហួរ មានសុទិដ្ឋិនិយមសម្រាប់ឆ្នាំ ២០២១នេះថា នៅពេលដែលស្ថានការណ៍កូវីដ១៩ អាចត្រូវបានគ្រប់គ្រង គួបផ្សំជាមួយការប្រើប្រាស់វ៉ាក់សាំង ដែលមានប្រសិទ្ធភាព នឹងធ្វើឲ្យ ទីផ្សារមូលបត្រកម្ពុជា ចាប់ផ្តើមលូតលាស់ជាបន្តទៀត។


តួយ៉ាង ឯកឧត្តម រំពឹងថា នឹងមានក្រុមហ៊ុនចុះបញ្ជីថ្មី ចូលមកទីផ្សារមូលបត្របន្ថែមទៀត នៅក្នុងឆ្នាំ ២០២១នេះ ហើយចំពោះចំនួនវិនិយោគិនសាធារណៈ ដែលបានចុះឈ្មោះបង្កើតគណនីជួញដូរ ក៏មានការកើនឡើងជាបន្តបន្ទាប់ផងដែរ ប្រមាណ ២០០នាក់ក្នុងមួយថ្ងៃ ដែលសបញ្ជាក់ពី ចំណាប់អារម្មណ៍របស់សាធារណជន មកកាន់វិស័យមូលបត្រកម្ពុជា។


អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតគឺ ច្បាប់ស្តីពី មូលបត្ររដ្ឋ ដែលប្រកាសដាក់ឲ្យប្រើប្រាស់ កាលពីចុងខែធ្នូ ឆ្នាំ ២០២០ ដែលអ្នកជំនាញចាត់ទុកថា វាជាការបើកផ្លូវថ្មីមួយទៀត សម្រាប់វិស័យហិរញ្ញវត្ថុនៅកម្ពុជា ដែលរាជរដ្ឋាភិបាលកម្ពុជា អាចកៀងគរប្រភពទុនពី សាធារណជន និងវិនិយោគិនជាស្ថាប័ន ដែលសល់សាច់ប្រាក់ទំនេរ អាចយកមកប្រើប្រាស់បាន។

 


ទោះយ៉ាងណា ឯកឧត្តម ហុង សុហួរ ពុំអាចបញ្ជាក់អំពី ពេលវេលានៃការសម្រេចបោះផ្សាយ មូលបត្ររដ្ឋ នោះទេ តែឯកឧត្តម អាចពន្យល់បានថា មូលបត្ររដ្ឋ អាចជាជម្រើសថ្មី ក្នុងការកៀងគរប្រមូលទុន ដែលមានសុវត្ថិភាពខ្ពស់ និងមានកម្រិតសន្ទនីយភាពខ្ពស់ សម្រាប់វិនិយោគិន ពោលគឺ ងាយស្រួលក្នុងការទិញលក់ប្រកបដោយសុវត្ថិភាព។

 


សូមជម្រាបថា គិតត្រឹមដំណាច់ឆ្នាំ ២០២០ ចំនួនក្រុមហ៊ុនបោះផ្សាយលក់មូលបត្រកម្មសិទ្ធិមាន ៧ស្ថាប័ន ដែលប្រមូលដើមទុនបានប្រមាណ ១០១លានដុល្លារអាមេរិក ខណៈក្រុមហ៊ុនបោះផ្សាយលក់មូលបត្របំណុលមាន ៦ស្ថាប័ន និងប្រមូលដើមទុនបាន ១៤៣លានដុល្លារអាមេរិកពី ទីផ្សារមូលបត្រនៅកម្ពុជា៕
 

 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024