ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

ការជួញដូរភាគហ៊ុននៅក្នុងវិស័យមូលបត្រកម្ពុជា រក្សាបានកំណើនល្អ ក្នុងត្រីមាសទី ៤ ចុងឆ្នាំ ២០២០ 

០៣ មីនា ២០២១ | សេដ្ឋកិច្ច



អ្នកជំនាញនៅក្នុងវិស័យមូលបត្រកម្ពុជា បានអះអាងថា វិស័យមូលបត្រកម្ពុជា គឺមានការថមថយចុះបន្តិច អំឡុងពេលនៃវិបត្តិមេរោគកូវីដ១៩ ក្នុងឆ្នាំ ២០២០ តែយ៉ាងណា វិស័យមួយនេះ នៅតែធ្វើបានល្អ នៅក្នុងត្រីមាសទី ៤ ចុងឆ្នាំ ២០២០ ដោយទំហំនៃការជួញដូរ មានការកើនឡើង ៧%។

 

គណៈកម្មការមូលបត្រកម្ពុជា កាលពីថ្ងៃទី ២ ខែមីនា កន្លងទៅនេះ បានផ្លាស់ប្តូរឈ្មោះទៅជា និយ័តករមូលបត្រកម្ពុជាហើយ ហើយនៅក្នុងរបាយការណ៍ថ្មីចុងក្រោយរបស់ខ្លួន បានបង្ហាញឲ្យដឹងថា នៅក្នុងត្រីមាសទី ៤ ឆ្នាំ ២០២០កន្លងទៅ ទំហំជួញដូរភាគហ៊ុននៅលើទីផ្សារមូលបត្រកម្ពុជា គឺមនាជាង ៣លាន ៦សែនភាគហ៊ុន ដែលមានទំហំទឹកប្រាក់សរុបជាង ៣លាន ៤សែនដុល្លារអាមេរិក។

 


ក្នុងនោះ ការជួញដូរជាមធ្យមប្រចាំថ្ងៃមានជិត ៦ម៉ឺនភាគហ៊ុន ដែលមានតម្លៃប្រមាណ ៥ម៉ឺន ៥ពាន់ដុល្លារអាមេរិក។តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ជាអ្នកកាន់កាប់ចំណែកនៃការជួញដូរធំជាងគេបំផុត ក្នុងត្រីមាសទី ៤ ឆ្នាំ ២០២០នេះ ដែលមានទំហំដល់ទៅ ៧៩% នៃការជួញដូរមូលបត្រកម្មសិទ្ធិសរុប។

 


ដោយឡែកទំហំមូលធនូបនីយកម្មទីផ្សារសរុប នៅចុងត្រីមាសទី ៤ ឆ្នាំ ២០២០ មានតម្លៃជាង ២ពាន់ ៤រយលានដុល្លារអាមេរិក ហើយចំនួន វិនិយោគិន ដែលចូលរួមជួញដូរ មានជាង ១៨០០នាក់ ដែលជនជាតិខ្មែរមានចំនួន ៩៣% នៃវិនិយោគិនសរុប។

 


ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា ធ្លាប់បានបញ្ជាក់ប្រាប់ដល់ ក្រុមការងារសេដ្ឋកិច្ចភីអិនអិន ឲ្យបានដឹងថា បើទោះបីជា វិបត្តិមេរោគកូវីដ១៩ បានធ្វើឲ្យ ទំនោរសេដ្ឋកិច្ចសកល មានការថមថយចុះបន្តិច កាលពីឆ្នាំ២០២០ សម្រាប់ឆ្នាំថ្មី ២០២១នេះ វិស័យមូលបត្រកម្ពុជា រំពឹងថានឹងមានភាពល្អប្រសើរឡើងវិញ ដោយសង្ឃឹមថាមានក្រុមហ៊ុនចុះបញ្ជីថ្មីៗ ការចូលរួមកាន់តែច្រើនពី សំណាក់វិនិយោគិនសាធារណៈ និងការបើកដំណើរការទីផ្សារមូលនិធិ នឹងធ្វើឲ្យសកម្មភាពទីផ្សារកាន់តែកើនឡើង និងសកម្មជាងមុន។

 


អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា ក៏ធ្លាប់បានបង្ហើបឲ្យដឹងទៀតថា នៅក្នុងឆ្នាំ ២០២១ វិស័យមូលបត្រកម្ពុជា នឹងមានទីផ្សារថ្មីៗ និងឧបករណ៍ហិរញ្ញវត្ថុជាច្រើនប្រភេទទៀត សម្រាប់វិនិយោគិន ក៏ដូចជាក្រុមហ៊ុនបោះផ្សាយ មានជម្រើសកាន់តែច្រើនក្នុងការជួញដូរ ហើយទីផ្សារដែលគួរឲ្យចាប់អារម្មណ៍ជាងគេ គឺទីផ្សារ Future Commodities Exchange ដែលរំពឹងនឹងមាន ប្រតិបត្តិករ ចូលរួម នាពេលខាងមុខ។

 


ឯកឧត្តម ហុង សុហួរ អគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ក៏បានពន្យល់ប្រាប់ដល់ ក្រុមការងារសេដ្ឋកិច្ច ភីអិនអិន ឲ្យបានដឹងដែរថា កាលពីឆ្នាំ ២០១៩កន្លងទៅ ទីផ្សារមូលបត្រកម្ពុជា មានកំណើនខ្លាំងទាំងតម្លៃភាគហ៊ុន និងសកម្មភាពជួញដូរ តែចូលមកដល់ឆ្នាំ ២០២០ ហាក់បីជាមានការថមថយចុះបន្តិច ដោយសារតែវិបត្តិមេរោគកូវីដ១៩។

 


តែយ៉ាងណា ឯកឧត្តម ហុង សុហួរ មានសុទិដ្ឋិនិយមសម្រាប់ឆ្នាំ ២០២១នេះថា នៅពេលដែលស្ថានការណ៍កូវីដ១៩ អាចត្រូវបានគ្រប់គ្រង គួបផ្សំជាមួយការប្រើប្រាស់វ៉ាក់សាំង ដែលមានប្រសិទ្ធភាព នឹងធ្វើឲ្យ ទីផ្សារមូលបត្រកម្ពុជា ចាប់ផ្តើមលូតលាស់ជាបន្តទៀត។

 


អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតគឺ ច្បាប់ស្តីពី មូលបត្ររដ្ឋ ដែលប្រកាសដាក់ឲ្យប្រើប្រាស់ កាលពីចុងខែធ្នូ ឆ្នាំ ២០២០ ដែលអ្នកជំនាញចាត់ទុកថា វាជាការបើកផ្លូវថ្មីមួយទៀត សម្រាប់វិស័យហិរញ្ញវត្ថុនៅកម្ពុជា ដែលរាជរដ្ឋាភិបាលកម្ពុជា អាចកៀងគរប្រភពទុនពី សាធារណជន និងវិនិយោគិនជាស្ថាប័ន ដែលសល់សាច់ប្រាក់ទំនេរ អាចយកមកប្រើប្រាស់បាន។

 


ជាចុងក្រោយ នៅក្នុងឆ្នាំ ២០២១នេះ វិស័យមូលបត្រកម្ពុជា រំពឹងនឹងទទួលបាន ក្រុមហ៊ុនចុះបញ្ជីថ្មី ចំនួន ៤ ឬ ៥ បន្ថែមទៀត ដែលបច្ចុប្បន្នកំពុងតែដំណើរការ តាមនីតិវិធី ហើយគួររម្លឹកបន្តិចថា គិតត្រឹមដំណាច់ឆ្នាំ ២០២០ ចំនួនក្រុមហ៊ុនបោះផ្សាយលក់មូលបត្រកម្មសិទ្ធិមាន ៧ស្ថាប័ន ដែលប្រមូលដើមទុនបានប្រមាណ ១០១លានដុល្លារអាមេរិក ខណៈក្រុមហ៊ុនបោះផ្សាយលក់មូលបត្របំណុលមាន ៦ស្ថាប័ន និងប្រមូលដើមទុនបាន ១៤៣លានដុល្លារអាមេរិកពី ទីផ្សារមូលបត្រនៅកម្ពុជា៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024