ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

អ្នកជំនាញ៖ អំឡុងពេលនៃវិបត្តិកូវីដ ការវិនិយោគលើមូលបត្រ នៅតែមានឱកាសល្អ

២៧ តុលា ២០២០ | សេដ្ឋកិច្ច

បើទោះបីជា ប្រទេសកម្ពុជា កំពុងតែជួបនឹងបញ្ហាមេរោគកូវីដ១៩ និងចុងក្រោយនេះ គឺបញ្ហាគ្រោះទឹកជំនន់ក្តី អ្នកជំនាញនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុបានអះអាងថា ការវិនិយោគនៅក្នុងទីផ្សារមូលបត្រកម្ពុជា នៅតែមានឱកាសល្អ និងអាចចំណេញ ក៏ប៉ុន្តែវាក៏ទាមទារឲ្យ វិនិយោគិន និងសាធារណជន មានចំណេះដឹង និងជំនាញផ្នែកវិស័យមូលបត្រនេះ ទើបអាចចាប់យកឱកាសនេះបាន។

 


នៅក្នុង វគ្គបណ្តុះបណ្តាលដល់ វិនិយោគិន ក្នុងវិស័យមូលបត្រ ដែលសហការរៀបចំជាលើកដំបូងបង្អស់ដោយ វិស័យឯកជន និងស្ថាប័នរដ្ឋ ស្តីពី «ឱកាសចំណេញក្នុងការវិនិយោគលើមូលបត្រ» ឯកឧត្តម ឈុន សម្បត្តិ អគ្គនាយករងនៃគណៈកម្មការមូលបត្រកម្ពុជា បានថ្លែងឲ្យដឹងថា ការវិនិយោគទៅលើ មូលបត្រកម្មសិទ្ធិក្តី មូលបត្របំណុលក្តី សុទ្ធតែត្រូវការចំណេះដឹង និងជំនាញច្បាស់លាស់ ក៏ដូចជា យុទ្ធសាស្ត្រច្បាស់លាស់ ដើម្បីអាចចាប់យកឱកាសសក្តានុពលនៅក្នុងវិស័យមូលបត្របាន។

 


ឯកឧត្តម បន្តថា តាមរយៈការបង្កើតសកម្មភាព សិក្ខាសាលា និងវគ្គបណ្តុះបណ្តាល ដែលសហការជាមួយនឹងធនាគារអេស៊ីលីដា នឹងជម្រុញឲ្យមានកំណើនទីផ្សារមួយកម្រិតទៀត ជាពិសេសគឺបង្កើត និងបង្កើនទំនុកចិត្តដល់ វិនិយោគិន និងសាធារណជន ឲ្យកាន់តែចាប់អារម្មណ៍មកលើ ផ្សារមូលបត្រកម្ពុជា។

 


លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានគូសបញ្ជាក់ដែរថា នាពេលបច្ចុប្បន្ន ទីផ្សារមូលបត្រកម្ពុជា កំពុងតែមានភាពទាក់ទាញ ជាពិសេសនៅពេលដែលមានវត្តមានមូលបត្រកម្មសិទ្ធិរបស់ ធនាគារអេស៊ីលីដា បានទាក់ទាញ វិនិយោគិន និងសាធារណជន ឲ្យចាប់អារម្មណ៍មកលើ វិស័យមូលបត្រកាន់តែច្រើន ជម្រុញឲ្យមានសកម្មភាពជួញដូរ កាន់តែមមាញឹក និងទទួលបានអត្ថប្រយោជន៍ពី ការទិញ-លក់ មូលបត្រនេះ។

 

 

លោកបណ្ឌិត អ៊ិន ចាន់នី ក៏បានបន្ថែមថា ជាក់ស្តែង វិស័យធនាគារ និងហិរញ្ញវត្ថុ ពិតជាទទួលរងផលប៉ះពាល់ពី វិបត្តិមេរោគកូវីដ១៩ ក៏ប៉ុន្តែដោយសារតែមានការជួយគាំទ្រពី សំណាក់រាជរដ្ឋាភិបាលកម្ពុជា ទើបវិស័យមួយនេះ នៅដំណើរការល្អ មានហានិភ័យទាប និងអាចបន្តជួយគាំទ្រដល់អតិថិជនរបស់ខ្លួនថែមទៀតផង។


លោកស្រី ម៉ារ អមរា គណៈប្រធាននាយិកាប្រតិបត្តិហិរញ្ញវត្ថុនៃ ធនាគារអេស៊ីលីដា ភីអិលស៊ី បានលើកឡើងដែរថា មួយរយៈពេលចុងក្រោយនេះ ការទិញ-លក់មូលបត្រកម្មសិទ្ធិរបស់ធនាគារអេស៊ីលីដា ហាក់មានតម្លៃទាបជាងពេលមុនបន្តិច ដោយសារតែ វិនិយោគិនអាចមានតម្រូវការសាច់ប្រាក់បន្ទាន់ ក្នុងកាលៈទេសៈណាមួយ ក៏ប៉ុន្តែ លោកស្រី មានសុទិដ្ឋិនិយមខ្ពស់សម្រាប់ ភាពរីកចម្រើនលូតលាស់របស់ធនាគារអេស៊ីលីដា ក្នុងរយៈពេលវែង។

 


លោកស្រី ម៉ារ អមរា បន្តថា នាពេលបច្ចុប្បន្ន ធនាគារអេស៊ីលីដា ពុំទាន់មានផែនការពង្រីកដើមទុន តាមរយៈការបោះផ្សាយមូលបត្របន្ថែមនោះទេ តែធនាគារអេស៊ីលីដា នៅតែស្វាគមន៍ចំពោះ វិនិយោគិន ដែលមានបំណងចូលមកវិនិយោគលើ មូលបត្រដែលបានបោះផ្សាយរួចជាស្រេច។


គួរជម្រាបដែរថា កាលពីថ្ងៃទី ២៣ ខែតុលា កន្លងទៅនេះ ភាគហ៊ុនរបស់ធនាគារអេស៊ីលីដាជាង ៩ពាន់ ៥រយហ៊ុន ត្រូវបានជួញដូរ ក្នុងតម្លៃ ១ម៉ឺន ៧២០០រៀលក្នុងមួយហ៊ុន ដែលធ្វើឲ្យទំហំជួញដូរសរុប កើនដល់ ១៦៣លានរៀល ឬប្រមាណ ៤ម៉ឺនដុល្លារអាមេរិក៕

 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាព៖ សុខ ជួបរិទ្ធីបញ្ញា
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024