ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០២៤

ក្រសួងអប់រំ អនុញ្ញាតឱ្យដំណើរការ រថយន្តដឹកសិស្ស បណ្ណាល័យ និងអាហារដ្ឋាន សម្រាប់សាលាឯកជន

២៦ តុលា ២០២០ | ព័ត៌មានជាតិ

ឥឡូវនេះ ក្រសួងអប់រំ បានអនុញ្ញាតឲ្យដំណើរការឡើងវិញហើយ នូវសេវារថយន្តដឹកសិស្ស សេវាបណ្ណាល័យ សកម្មភាពអប់រំកាយ និងកីឡា និងសេវាអាហារដ្ឋាន នៅតាមគ្រឹះស្ថានសិក្សាឯកជន។ ប៉ុន្តែគ្រឹះស្ថានសិក្សាឯកជនទាំងនោះ ត្រូវតែអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ណែនាំផ្សេងៗ ដើម្បីការពារនូវការឆ្លងជំងឺកូវីដ១៩។ ចំណែកសាលារដ្ឋ ត្រូវរង់ចាំតទៅទៀតសិន។

 


លិខិតរបស់ក្រសួងអប់រំយុវជន និងកីឡា ចុះថ្ងៃទី២២ ខែតុលា ម្សិលម៉ិញនេះ បានថ្លែងថា ដើម្បីឆ្លើយតបតាមតម្រូវការចាំបាច់របស់គ្រឹះស្ថានសិក្សា សិស្សានុសិស្ស និងអ្នកអាណាព្យាបាល ក្នុងការប្រើប្រាស់សេវារថយន្តដឹកសិស្ស សេវាបណ្ណាល័យ សកម្មភាពអប់រំកាយ និង កីឡា និងសេវាអាហារដ្ឋាន ក្រសួងអប់រំ អនុញ្ញាតជាគោលការណ៍ឲ្យគ្រឹះស្ថានសិក្សាទាំងអស់ ដែលទទួលបានលិខិតអនុញ្ញាត ឲ្យបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ អាចដំណើរការនូវសេវាខាងលើនេះ ដោយត្រូវអនុវត្តតាមគោលការណ៍ប្រតិបត្តិស្តង់ដា SOP  ឲ្យបានម៉ឺងម៉ាត់ និង ខ្ជាប់ខ្ជួនបំផុត ប្រកបដោយស្មារតីទទួលខុសត្រូវ ។

 


ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និង កីឡា  បានប្រាប់ PNN នៅថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ២០២០ នេះ ថា ក្រសួងអប់រំ នឹងបន្តតាមដានពិនិត្យមើលយ៉ាងយកចិត្តទុកដាក់ ចំពោះគ្រឹះស្ថានសិក្សាទាំងឡាយ ដែលត្រូវបានអនុញ្ញាត ករណីគ្រឹះស្ថានសិក្សាណាមួយ មិនបានអនុវត្តតាមគោលការណ៍ ប្រតិបត្តិស្តង់ដា SOP ឱ្យបានត្រឹមត្រូវ និង ដោយខ្ជាប់ខ្ជួនទេនោះ ក្រសួងនឹងអនុវត្តវិធានការនានា ដែលនៅជាធរមាន។

 


ជាមួយគ្នានឹងការអនុញ្ញាតខាងលើនេះ ក្រសួងអប់រំ ក៏បានដាក់ចេញនូវគោលការណ៍ប្រតិបត្តិស្តង់ដា SOP សម្រាប់សេវារថយន្តដឹកសិស្ស សេវាបណ្ណាល័យ សកម្មភាពអប់រំកាយ និង កីឡា សកម្មភាពសិល្បៈ និង សេវាអាហារដ្ឋាន នៅតាមគ្រឹះស្ថានសិក្សាក្នុងបរិបទជំងឺកូវីដ ១៩ ដែរ ដែលក្នុងនោះមានដូចជាសម្រាប់រថយន្តដឹកសិស្ស ត្រូវរម្ងាប់មេរោគក្នុងរថយន្ត នៅមុនពេល និង ក្រោយពេលដឹកសិស្ស , បើកបង្អួច ឬ វាំងននរថយន្តឱ្យខ្យល់ចេញចូលបានល្អ ករណីរថយន្តបើកម៉ាស៊ីនត្រជាក់ ត្រូវរក្សាសីតុណ្ហភាពមិនឱ្យទាបជាង ២៤ អង្សាសេជាដើម ។

 


ចំណែកសេវាអាហារដ្ឋាននៅតាមសាលារៀនឯកជនវិញ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសេចក្តីណែនាំលេខ ១៨ ចុះថ្ងៃទី ២ ខែ ឧសភា ឆ្នាំ ២០១៩ ហើយឯកឧត្តម រស់ សុវាចា បានពន្យល់ឡើងវិញថា គោលការណ៍ប្រតិបត្តិស្តង់ដា SOP នេះ ដើម្បី ឱ្យគ្រឹះស្ថានសិក្សាអាចរៀបចំ និង ត្រៀមលក្ខណៈដំណើរការសេវានានា ក្នុងគ្រឹះស្ថានសិក្សាពេញលេញ ក៏ដូចជាការបន្តអភិវឌ្ឍគ្រឹះស្ថានសិក្សានីមួយៗ ឲ្យមាននិរន្តរភាព ធានាបាននូវសុវត្ថិភាព សុខភាពសម្រាប់បុគ្គលិកសិក្សា គ្រូបង្រៀន និង សិស្សានុសិស្សក្នុងបរិបទកូវីដ១៩ ហើយថាក្រសួងសង្ឃឹមយ៉ាងមុតមាំថា ប្រធានអង្គភាពថ្នាក់ជាតិ ថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡារាជធានីខេត្ត ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាគ្រប់កម្រិត គ្រប់ប្រភេទ ទាំងសាធារណៈ និងឯកជន អាជ្ញាធរពាក់ព័ន្ធ មាតាបិតា អ្នកអាណាព្យាបាលសិស្ស និងសិស្សានុសិស្ស នឹងចូលរួមអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដានេះ ឲ្យ មានប្រសិទ្ធភាព ។

 


ដោយឡែកសម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ ឬ សាលារដ្ឋ វិញ មិនឃើញត្រូវបានរាប់បញ្ចូលនៅក្នុងសេចក្តីជូនដំណឹង អនុញ្ញាតនេះទេ ហើយឯកឧត្តម រស់ សុវាចា បញ្ជាក់ថា ក្រសួងអប់រំ នឹងជូនដំណឹងនៅពេលក្រោយ ៕

អត្ថបទ៖ ខឿន សាឃាង     រូបភាព៖ ឯកសារ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024