ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

ធនាគារជាតិនៃកម្ពុជាសម្រេចអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ ដោយប្រកាសដាក់ដេញថ្លៃ លក់ប្រាក់ដុល្លារអាមេរិកជាលើកដំបូង

២៦ តុលា ២០២០ | សេដ្ឋកិច្ច

ធនាគារជាតិនៃកម្ពុជាសម្រេចអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ ដោយប្រកាសដាក់ដេញថ្លៃ លក់ប្រាក់ដុល្លារអាមេរិកចំនួន៥០ លានដុល្លារអាមេរិកជាលើកដំបូង ខណៈ អត្រាប្តូរប្រាក់ រៀលធៀបនឹងប្រាក់ដុល្លារអាមេរិកនៅក្នុងឆ្នាំ២០២០ នេះបានប្រែប្រួលខុសពីបណ្តាឆ្នាំមុនៗ។

 


លោកជំទាវ ជា សេរី អគ្គនាយិកាបច្ចេកទេសធនាគារជាតិនៃកម្ពុជាបានគូសបញ្ជាក់ថា ដោយសាតែសង្កេតឃើញថា  ក្នុងអំឡុងពេលការរីករាលដាលជំងឺកូវីដ ១៩ តម្លៃរូបិយវត្ថុភាគច្រើនក្នុងតំបន់បានប្រែប្រួល ដោយសារការថយចុះនៃសកម្មភាពសេដ្ឋកិច្ច ជាពិសេសបានទទួលរងការថយថ្លៃគួរឱ្យកត់សម្គាល់ ដែលក្នុងនោះប្រាក់រៀលក៏ទទួលសម្ពាធនេះផងដែរ ទោះជាការថយថ្លៃនេះមានកម្រិតទាបក៏ដោយ។

 


លោកជំទាវ ជា សេរី អះអាងបន្តថា ការសម្រេចអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ ដោយប្រកាសដាក់ដេញថ្លៃ លក់ប្រាក់ដុល្លារអាមេរិកចំនួន៥០ លានដុល្លារអាមេរិកគឺក្នុងគោលដៅរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការពង្រឹងអំណាចទិញនៃប្រាក់រៀល ដែលនឹងរួមចំណែកក្សាស្ថិរភាពថ្លៃអោយនៅកម្រិតទាប និងពង្រឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។

 


ជាមួយគ្នានេះដែរលោក បណ្ឌិត អ៊ិន ចាន់នី អគ្គនាយកប្រតិបត្តិធនាគារអេស៊ីលីដា បានបង្ហាញពីការគាំទ្រ និងបានអះអាងថា បើធនាគារអេស៊ីលីដា មានតម្រូវការប្រាក់ដុល្លារ ធនាគារអេស៊ីលីដាក៏នឹងចូលរួមដេញធ្វើថ្លៃដែរ។

 


លោកបណ្ឌិត អ៊ិន ចាន់នី បានឲ្យដឹងទៀតថា ប្រកាសដាក់ដេញថ្លៃ លក់ប្រាក់ដុល្លារអាមេរិកនេះគឺធ្វើឡើងស្របតាមគោលនយោបាយរូបិយវត្ថុជាតិដែលនឹងជួយធានាគុណតម្លៃនៃប្រាក់រៀលមិនឲ្យមានបម្រែបម្រួលខ្លាំង និងអាចផ្គត់ផ្គត់បានទៅនឹងតម្រូវការទីផ្សារជាក់ស្តែង។


សូមជម្រាបថា ការដាក់ដេញថ្លៃលក់ប្រាក់ដុល្លារអាមេរិកនេះនឹងមានការចូលរួមពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់ ដោយនឹងដាក់ឲ្យមានការដេញថ្លៃនៅក្នុងសប្តាហ៍នេះ៕

 

 

 

អត្ថបទ ស៊ឺន សុន និងរូបភាពឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024