ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

រដ្ឋមន្រ្តីការបរទេស ណែនាំដល់កងកម្លាំងមួកខៀវ ដែលកំពុងធ្វើចត្តាឡីស័ក អោយបន្តថែទាំសុខភាព និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល

២៨ កញ្ញា ២០២០ | ព័ត៌មានជាតិ

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញានេះ បានជួបសំណេះសំណាលជាមួយកងកម្លាំងមួកខៀវ ដែលត្រលប់ពីប្រទេសម៉ាលី និងកំពុងធ្វើចត្តាឡីស័ក នៅវិទ្យាស្ថានហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពបណ្តុះបណ្តាល បោសសំអាត មីន និងកាកសំណល់សង្គ្រាម នៅស្រុកឧដុង្គ។ ក្នុងឱកាសសំណេះសំណាលនេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានណែនាំដល់កងកម្លាំងមួកខៀវ ដែលកំពុងធ្វើចត្តាឡីស័ក ត្រូវបន្តថែទាំងសុខភាព និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។ 

 


ក្នុងឱកាសជួបសំណេះសំណាលដោយធ្វើឡើងអនុវត្តតាមវិធានការការពារជំងឺកូវីដ-១៩របស់ក្រសួងសុខាភិបាល នៅវិទ្យាស្ថានហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពបណ្តុះបណ្តាល បោសសំអាត មីននិងកាកសំណល់សង្គ្រាមនៅស្រុកឧដុង្គ នាព្រឹកមិញនេះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានណែនាំដល់កងកម្លាំងមួកខៀវដែលកំពុងធ្វើចត្តាឡីស័កទាំងអស់ ត្រូវបន្តថែទាំងសុខភាព និងអនុវត្តអោយបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល។

 


សូមជម្រាបជូនថា គិតមកត្រឹមថ្ងៃទី២៥ កញ្ញានេះ គឺមានរយៈពេល១២ថ្ងៃហើយ ដែលកងកម្លាំងមួកខៀវបានធ្វើចត្តាឡីស័កតាមការណែនាំរបស់ក្រសួងសុខាភិបាល បន្ទាប់ពីធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជា ក្រោយពីបញ្ចប់បេសកកម្មនៅសាធារណៈរដ្ឋម៉ាលី។

 


ជាមួយគ្នានោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ក៏បានបញ្ជាក់ដែរថា កងកម្លាំងដែលកំពុងធ្វើចត្តាឡីស័កគឺបានទទួលការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក៏មានការតាមដានសុខភាពយ៉ាងយកចិត្តទុកដាក់ពីសំណាកក្រុមពេទ្យជាប្រចាំនៅទីតាំងធ្វើចត្តាឡីស័កផងដែរ។ 

 


គួរបញ្ជាក់ថា យប់ថ្ងៃទី១៣ ខែកញ្ញា កងកម្លាំងមួកខៀវចំនួន១៣៩នាក់ បានធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជា ក្រោយពីបញ្ចប់បេសកកម្មដោយជោគជ័យ រយៈពេលពេញ១ឆ្នាំ នៅសាធារណៈរដ្ឋម៉ាលី។បន្ទាប់ពីយកសំណាកភ្លាមៗនៅព្រលានយន្តហោះ ដើម្បីវិភាគរកមេរោគកូវិដ១៩ កងកម្លាំងមួកខៀវទាំង១៣៩នាក់ ត្រូវបានចាត់បញ្ជូនទៅធ្វើចត្តាឡីស័កនៅវិទ្យាស្ថានហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពបណ្តុះបណ្តាល បោសសំអាត មីននិងកាកសំណល់សង្គ្រាមនៅស្រុកឧដុង្គ ចំនួន៤៥នាក់ និង នៅសាលាហ្វឹកហ្វឺនកងកម្លាំងពហុសាសន៍ ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ចំនួន៩៤នាក់  ៕

អត្ថបទ៖ សន រដ្ឋា រូបភាព៖ ញិល សុជា
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024