ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០២៤

សកម្មជនហុងកុងទទូចឲ្យ ធ្វើពហិការចំពោះភាពយន្ត “Mulan”

១០ កញ្ញា ២០២០ | កម្សាន្ដ

ស្របពេលចេញបញ្ចាំង ភាពយន្ត “Mulan” បានក្លាយជាប្រធានបទជជែកវែកញែកដ៏ក្ដៅគគុកជាថ្មី និងមានការបំផុសឲ្យធ្វើពហិការជាថ្មី ដោយសារតែតួឯកស្រីក្នុងភាពយន្តនេះបានសម្ដែងការគាំទ្រចំពោះសមត្ថកិច្ចហុងកុងសកម្មជនហុងកុងម្នាក់ឈ្មោះ Joshua Wong (ចស-ហ្សូវ៉ា-វ៉ង) បានលើកទឹកចិត្តឲ្យមានការធ្វើពហិការជាលក្ខណៈសកលលោកលើការចេញផ្សាយភាពយន្ត “Mulan” របស់ផលិតកម្ម Disney ដែលបានចាប់ផ្ដើមចាក់បញ្ចាំងកាលពីចុងសប្ដាហ៍កន្លងទៅ។

 


Hashtag "#BoycottMulan" និង "#BanMulan” នៅលើ Twitter ទើបតែផ្ទុះឡើងសាជាថ្មី ដែល Hashtag នេះត្រូវបានផ្សព្វផ្សាយដោយសកម្មជនមិនមែនតែនៅហុងកុងនោះទេ គឺមានទាំងសកម្មជននៅតៃវ៉ាន់ និងប្រទេសថៃផងដែរ។

 

 

គួររំឭកថា Hashtag ទាំងពីរបានផ្ទុះចេញតាំងពីឆ្នាំមុន ក្រោយតារាស្រីចិនដីគោកនាង Liu Yifei (លីវ អ៊ីហ្វី) ដែលជាតួឯកស្រី “Mulan” បានបង្ហាញការគាំទ្រចំពោះសមត្ថកិច្ចហុងកុងនៅលើបណ្ដាញសង្គម ដែលបានធ្វើឲ្យក្រុមអ្នកប្រឆាំងរដ្ឋាភិបាលមានការខឹងសម្បារខ្លាំង។

 

ជាងនេះទៅទៀត ទំនាក់ទំនងរបស់ភាពយន្ត “Mulan” ជាមួយនឹងតំបន់ Xinjaing (ស៊ីនជាំង) ជាតំបន់ដែលរដ្ឋាភិបាលចិនបានគាបសង្កត់លើជនជាតិភាគតិច Uighurs (អ៊ូអ៊ីហ្គឺស) បានធ្វើឲ្យភាពយន្តនេះទទួលរងការរិះគន់កាន់តែខ្លាំង។

 


ផលិតឡើងដោយចំណាយដើមទុន ២០០លានដុល្លារ ភាពយន្ត “Mulan” ដំបូងឡើយគ្រោងចេញបញ្ចាំងនៅខែមីនា ប៉ុន្តែក៏ត្រូវបានពន្យារពេលបន្តបន្ទាប់ដោយសារការផ្ទុះជំងឺកូវីដ១៩។

 

រហូតដល់ខែសីហា ក្រុមហ៊ុន Disney ក៏សម្រេចចិត្តចេញផ្សាយភាពយន្តនេះតាមរយៈសេវា Disney+ នៅតំបន់ភាគច្រើនរួមទាំងអាមេរិក ហើយនឹងចេញបញ្ចាំងតាមរោងភាពយន្តនៅចិនដីគោកនៅថ្ងៃ ១១ ខែកញ្ញា និងនៅហុងកុងនៅថ្ងៃទី១៧ ខែកញ្ញា ៕

 

ប្រែសម្រួល៖ វ៉ាន់ថន

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024