ថ្ងៃច័ន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤

ឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូច កើនដល់ ៣៤ពាន់លានដុល្លារ

០៨ ឧសភា ២០២៤ | សេដ្ឋកិច្ច

 

បើតាមទិន្នន័យពី ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ បានបង្ហាញឱ្យដឹងថា សមតុល្យឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូច នៅក្នុងត្រីមាសទី ១ ដើមឆ្នាំ ២០២៤នេះ ឈានដល់ ៣៤ពាន់លានដុល្លារអាមេរិក។

 

 

 

នៅក្នុងរបាយការណ៍ថ្មីមួយស្តីអំពី សន្ទស្សន៍ឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូច ត្រីមាសទី ១ ឆ្នាំ ២០២៤ របស់ ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ បានបង្ហាញឱ្យដឹងថា ទំហំសមតុល្យឥណទានលក្ខណៈបុគ្គលប្រើប្រាស់ សម្រាប់អាជីវកម្មខ្នាតតូច នៅក្នុងត្រីមាសទី ១ ឈានដល់ ៣៤ពាន់លានដុល្លារអាមេរិក។

 


របាយការណ៍ខាងលើនេះ បង្ហាញទៀតថា ឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូច សម្រេចបាននូវកំណើនដ៏រឹងមាំ ដោយសមតុល្យឥណទាន និងចំនួនគណនីឥណទាន មានការកើនឡើងក្នុងគ្រប់តំបន់។

 


លើសពីនេះ ចំនួននៃការស្នើសុំឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូច  មានការកើនឡើង ៣% ក្នុងត្រីមាសទី ១ បើប្រៀបធៀបនឹងត្រីមាសមុន ក្នុងនោះពាក្យស្នើសុំកម្ចីកសិកម្មមានការកើនឡើង ៩% ពាក្យស្នើសុំកម្ចីសំណង់មានការកើនឡើង ២% និងពាក្យស្នើសុំកម្ចីផ្សេងៗធ្លាក់ចុះ ១២%។

 


ដោយឡែក ចំនួនគណនីឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូចសរុប មានការថយចុះចំនួន ១% នាំឲ្យចំនួនគណនីសរុបមានចំនួនជិត ១លាន ៩សែនគណនី។

 


សូមជម្រាបថា គិតត្រឹមខែមេសា ឆ្នាំ២០២៤  ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ មានសមាជិកសរុបចំនួន ១៩៤ស្ថាប័ន រួមមាន ធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនភតិសន្យា និងគ្រឹះស្ថានឥណទានជនបទ ហើយក្រុមហ៊ុនបម្រើអតិថិជនជាង ៧លាននាក់ និងចេញរបាយការណ៍ឥណទានច្រើនជាង ៤៥លានរបាយការណ៍៕

 


 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ អ៊ិន អាត

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024