ថ្ងៃច័ន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤
ថ្ងៃច័ន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤
ការនាំចូល និងការនាំចេញទំនិញ ដឹកជញ្ជូនតាមផ្លូវដែកចិន និងឡាវ បានកើនឡើង ៣៣% ក្នុងរយៈពេល ៤ខែដំបូងនៃឆ្នាំ ២០២៤ ដោយតួលេខឈានដល់ ១លាន ៨សែនតោន។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មាន CCTV នៅថ្ងៃនេះ។ផ្លូវដែកចិន-ឡាវ ដែលជាគម្រោងដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវដែលមានគុណភាពខ្ពស់ បានចាប់ផ្តើមប្រតិបត្តិការនៅខែធ្នូ ឆ្នាំ ២០២១។
តួនាទីរបស់ផ្លូវដែក ក្នុងការសម្របសម្រួលពាណិជ្ជកម្ម បន្តកើនឡើងនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយរចនាសម្ព័ន្ធនៃប្រព័ន្ធដឹកជញ្ជូន ត្រូវបានកែលម្អ ជាមួយនឹងផលិតផលបច្ចេកវិទ្យាខ្ពស់ជាច្រើនទៀតរបស់ប្រទេសចិន ត្រូវបាននាំចេញទៅក្រៅប្រទេស។
ដោយឡែក ចិន មានការកើនឡើងនៃ ការនាំចូលផលិតផលកសិកម្ម អាហារ និងសារធាតុរ៉ែ បានជំរុញឱ្យមានការកើនឡើងនៃបរិមាណដឹកជញ្ជូន។អាជ្ញាធរគយក្នុងក្រុងគុនមីង បានបង្ហាញថា សេវាកម្មដឹកជញ្ជូនអន្តរជាតិ នៅលើផ្លូវដែកចិន-ឡាវ បានកើនឡើងជាមធ្យម ១២រថភ្លើងក្នុងមួយថ្ងៃ ដោយតួលេខនេះ កើនពី ២រថភ្លើង ក្នុងមួយថ្ងៃនៅពេលបើកដំណើរការដំបូង។
លើសពីនេះ សេវាដឹកអ្នកដំណើរអន្តរជាតិ នៅលើផ្លូវដែកចិន-ឡាវ បានធ្វើឱ្យការធ្វើដំណើរឆ្លងកាត់ព្រំដែន មានភាពប្រសើរឡើងយ៉ាងខ្លាំង ដោយសារការដឹកជញ្ជូនដ៏លឿន និងសម្រួលដំណើរការឯកសារគយ។សូមរម្លឹកថា ផ្លូវដែកចិន-ឡាវ ដែលជាគម្រោងដ៏សំខាន់ ដោយ ឆ្លងកាត់ព្រំដែនប្រវែង ១,០៣៥គីឡូម៉ែត្រ តភ្ជាប់ទីក្រុងគុនមីង ប្រទេសចិន ជាមួយរដ្ឋធានីវៀងចន្ទន៍របស់ឡាវ៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ