ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

តម្លៃកៅស៊ូចាប់ផ្តើមស្ទុះងើបឡើងវិញតិចតួចក្នុងខែកក្កដា និងដើមខែសីហា

០៦ សីហា ២០២០ | សេដ្ឋកិច្ច

ថ្លែងនៅក្នុងសន្និសីទសាព័ត៌មានស្តីពីវិធានការជំរុញផលិតផលកសិកម្ម ទៅកាន់ទីផ្សារពិភពលោក ឯកឧត្តម ប៉ុល សុផា អគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូបានលើកឡើងថា  តម្លៃកៅស៊ូមានការវិវត្តប្រែប្រួលចុះឡើងខ្ពស់ដែលធៀបនឹងឆ្នាំ២០១១ តម្លៃអតិបរមាខ្ពស់បំផុតនៅលើទីផ្សារអន្តរជាតិជាង ៦ពាន់ដុល្លារក្នុងមួយតោន ខណៈនៅកម្ពុជាលក់បានត្រឹមតែ ៥ពាន់៨រយដុល្លារក្នុងមួយតោន។ ហើយតាំងពីនោះមកតម្លៃកៅស៊ូបានបន្តធ្លាក់ចុះជាបន្តបន្ទាប់រហូតដល់ឆ្នាំ២០១៥ មកនៅត្រឹម១ពាន់២រយដុល្លារក្នុងមួយតោនតែប៉ុណ្ណោះ ប៉ុន្តែយ៉ាងណាតម្លៃនេះចាប់ផ្តើមងើបឡើងវិញដែលថ្មីៗនេះ តម្លៃកៅស៊ូដែលកម្ពុជាអាចលក់បានក្នុងតម្លៃ ១ពាន់៤រយដុល្លារក្នុងមួយតោន។


ឯកឧត្តមបញ្ជាក់ថា តម្លៃកៅស៊ូកម្ពុជាចាប់ងើបឡើងវិញក្នុងខែកក្កដា និងដើមខែសីហានេះដែលមួយតោនអាចលក់បានក្នុងតម្លៃ ១ពាន់៤រយដុល្លារ ប៉ុន្តែយ៉ាងណាកសិករទទួលបានក្នុងតម្លៃតែ ១ពាន់១រយដុល្លារប៉ុណ្ណោះក្នុងមួយតោន។


ឯកឧត្តមបន្ថែមទៀតថា ផលិតផលកៅស៊ូរបស់កម្ពុជាបច្ចុប្បន្នមិនមានការកកស្ទះនោះទេចំពោះទីផ្សារនាំចេញឆ្ពោះទៅកាន់ទីផ្សារអន្តរជាតិ ដែលរួមមាននាំចេញទៅទីផ្សារវៀតណាម ម៉ាឡេស៊ី សឹង្ហបុរី ចិន និងទៅសហគមន៍អឺរ៉ុបមួយចំនួនផងដែរ។


បច្ចុប្បន្ននេះកម្ពុជាមានផ្ទៃដីដាំកៅស៊ូ ប្រមាណ ៤១ ម៉ឺនហិកតា ដែលគ្របដណ្តប់លើ២០ខេត្ត ខណៈផ្ទៃដីដែលអាចប្រមូលផលបានជាង ២៩ម៉ឺនហិកតា។ បច្ចុប្បន្នផលិតផលកៅស៊ូកម្ពុជាតាមការគ្រោងទុកនៅឆ្នាំ២០២០នេះប្រមូលផលបាន ៣៥ម៉ឺនតោន ដោយបាននាំចេញជាង ១០ម៉ឺនតោនរួចហើយ គិតត្រឹមរយៈពេល៦ខែដើមឆ្នាំ២០២០នេះ និងសង្ឃឹមផងដែរថា កម្ពុជានឹងអាចនាំចេញបានរង្វង់៣០ម៉ឺតោននៅក្នុងឆ្នាំនេះ។

 


សូមជម្រាបថា កាលពីឆ្នាំ២០១៩ កម្ពុជាបាននាំចេញកៅស៊ូសរុបចំនួនជាង ២៨ម៉ឺនតោន ដោយទទួលបានចំណូលប្រមាណ ៣៧៧លានដុល្លារ កើនឡើង ៣០ ភាគរយ បើធៀបនឹងឆ្នាំ២០១៨៕


អត្ថបទ៖ ស៊ឺន សុន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024