ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

យីប ឌុក ចាត់ទុកជើងឯកម៉ារ៉ាតុន នៅភីអិនអិន ជាជោគជ័យធំបំផុតតាំងពីចាប់ផ្ដើមអាជីព

០៣ សីហា ២០២០ | កីឡា

ក្រោយក្លាយជាម្ចាស់ជើងឯក ម៉ារ៉ាតុន ទម្ងន់៥៤គីឡូក្រាម កម្មវិធី “អធិរាជគុនខ្មែរ ISI PALM-ISI PIPE” នៅភីអិនអិន កាលពីថ្ងៃអាទិត្យ ទី០២ ខែសីហា ដោយយកឈ្នះពិន្ទុ ធន់ ស៊ីហុង នាវគ្គផ្ដាច់ព្រ័ត្រ ថ្នាលជម្រើសជាតិគុនខ្មែរ យីប ឌុក បង្ហើបថា នេះជាជោគជ័យធំបំផុតសម្រាប់ខ្លួន ក្រោយប្រឡូកអាជីពលើសង្វៀនជាច្រើនឆ្នាំកន្លងមក។ 

 


ប្រាប់ភីអិនអិន ក្រោយចប់ការប្រកួត អ្នកប្រដាល់គុនខ្មែរ ដើមកំណើតពីខេត្តសៀមរាប បង្ហាញក្ដីរំភើបរបស់ខ្លួនថា៖ «ខ្ញុំពិតជារំភើបខ្លាំងមែនទែន។ ខ្ញុំឈ្នះម៉ារ៉ាតុនម្ដងដែរ នៅសង្វៀនគ្រូ ស៊ន អេលីត តែកាលនោះប្រកួតតែមួយប្រកួតទេ។ នៅភីអិនអិននេះ ជាជោគជ័យធំណាស់សម្រាប់ខ្ញុំ។ កាលប្រកួតលើកមុននៅសង្វៀនគ្រូ ស៊ន អេលីត បានប្រាក់រង្វាន់ ១លានរៀល តែនៅទីនេះបានដល់ទៅ ២លាន ៦សែន។ ការប្រកួតនេះ ស្វិតស្វាញមែនទែន គឺខ្ញុំប្រឹងអស់រលីងតែម្ដង។ ធន់ ស៊ីហុង គាត់ល្អជង្គង់។ បីទឹកអម្បាញ់មិញពិបាកខ្លាំង ពិសេសចុងទឹក២ និងទឹក៣ ខ្ញុំចង់អស់កម្លាំងទៅហើយ។ ខ្ញុំអរគុណអ្នកគាំទ្រដល់រូបខ្ញុំ ហើយអរគុណដល់ភីអិនអិន ដែលតែងតែយករូបខ្ញុំមកប្រកួត»។

 


ម្ចាស់ជើងឯកម៉ារ៉ាតុន ទម្ងន់៥៤គីឡូក្រាម កម្មវិធី “អធិរាជគុនខ្មែរ ISI PALM-ISI PIPE” រូបនេះ បានបង្ហាញការចិត្តពង្រឹងសមត្ថភាព ឲ្យកាន់តែរឹងមាំបន្ថែមទៀត ដើម្បីសារប្រជាប្រិយ និងកេរ្ត៍ឈ្មោះល្បីល្បាញ ឆ្ពោះទៅសម្រេចក្ដីស្រមៃ ក្នុងវិថីគុនខ្មែររបស់ខ្លួន នាពេលខាងមុខ។


សូមបញ្ជាក់ថា យីប ឌុក បានក្លាយជាជើងឯក ម៉ារ៉ាតុន ប្រភេទទម្ងន់៥៤គីឡូក្រាម សប្ដាហ៍ទី៤ នៃកម្មវិធី ”អធិរាជគុនខ្មែរ ISI PALM-ISI PIPE” នៅភីអិនអិន កាលពីថ្ងៃអាទិត្យ ទី០២ ខែសីហា ដោយផ្ដួល វ៉ន វ៉ុន ក្នុងទឹកទី១ និងឈ្នះពិន្ទុ ធន់ ស៊ីហុង វគ្គផ្ដាច់ព្រ័ត្រ។ លើសង្វៀនតែមួយគូមិត្តភាព អេ ណារ័ត្ន បន្តឈ្នះ យុគ យក្សផ្លែ ខណៈ ឃីម បូរ៉ា ដណ្ដើមជ័យជម្នះលើ តាញ់ មករា ជាលើកទី៣៕

អត្ថបទ និងរូបភាព៖ នូ ពៅ 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024