ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

ក្រុមហ៊ុន ISI STEEL និងPNN ផ្ដើមបេសកកម្មមស្វែងរកម្ចាស់ខ្សែក្រវាត់អធិរាជគុនខ្មែរ ISI PALM-ISI PIPE ជាថ្មី

០១ តុលា ២០២០ | កីឡា

ឆ្លងកាត់២រដូវកាលដំបូងជាមួយគ្នាយ៉ាងជោគជ័យ  ក្រុមហ៊ុន ISI STEEL ពុំស្ទាក់ស្ទើរ សោះឡើយ ក្នុងការបន្តកិច្ចសន្យាជាមួយស្ថានីយទូរទស្សន៍PNN ក្នុងភាពជាដៃគូដ៏រីករាយដើម្បី បន្តដំណើរការ ការប្រកួតប្រដាល់ក្នុងកម្មវិធី អធិរាជគុនខ្មែរ  ISI PALM - ISI PIPE រៀងរាល់ថ្ងៃអាទិត្យ  វេលាម៉ោង១២ ថ្ងៃត្រង់ ។

 

រដូវកាល ទី១ និង ទី២ ទម្រង់នៃកម្មវិធីគឺយុទ្ធនាការប្រកួតជម្រុះចាញ់ធ្លាក់ ឈ្នះឡើងដើម្បីឆ្ពោះទៅដណ្តើមខ្សែក្រវាត់មាស និង ប្រាក់រង្វាន់ ៤០លានរៀល ដែលទីបំផុត ក្ដោបក្ដាប់បានដោយ ឡៅ ចិត្រា ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម និង អេលីត ចំរើន ក្នុងប្រភេទទម្ងន់ ៥៧ គីឡូក្រាម ។

 

PNN និងISI STEEL តែងព្យាយាមគិតរកអ្វីដែលថ្មី និងអ្វីដែលផ្ដល់ផលប្រយោជន៍ដល់ការអភិរក្ស និងអភិវឌ្ឍគុនខ្មែរ ពិសេសការជួយកសាងធនធានមានសមត្ថភាព សម្រាប់កម្ពុជា ដើម្បីប្រជែងយកមេដាយលើឆាកអន្តរជាតិ ពិសេសស៊ីហ្គេម ២០២៣ និងឆ្នាំបន្តបន្ទាប់ ។

 

ក្រោមមូលហេតុនេះទើប PNN និងក្រុមហ៊ុន ISI STEEL បានឯកភាពគ្នា បង្កើតយុទ្ធនាការថ្មីក្នុងរដូវកាលទី៣ គឺការប្រកួតដណ្តើមជើងឯកម៉ារ៉ាតុន រៀងរាល់សប្ដាហ៍ដើម្បី ផ្ដល់ឱកាស និង ច្នៃជើងខ្លាំងរលកថ្មីឱ្យល្បីខ្ទរខ្ទារ ក្លាយជាពេជ្រ ចែងចាំង។

 

 

តាមរយៈដំណើរការ ការប្រកួតប្រជែងដណ្ដើជើងឯកម៉ារ៉ាតុន និងប្រាក់រង្វាន់ ២លាន៦សែនរៀល តាមប្រភេទគីឡូនីមួយៗអស់រយៈជាង៣ខែកន្លងមកនេះ ក្រុមហ៊ុនដែកដែលផលិតឡើងដោយស្នាដៃកូនខ្មែរ និងស្តង់ដាអន្តរជាតិ ក៏ដូចជាស្ថានីយទូរទស្សន៍ PNN បានសម្លឹងឃើញសក្ដានុពលកីឡាករវ័យក្មេង និងកីឡាករ កម្រិត “ខ” មួយចំនួន ហាក់កើនសមត្ថភាព និងកំពុងស្រេកឃ្លានជ័យជម្នះ រួមទាំងចង់ក្រសោបបានងារជាអធិរាជក្នុងប្រភេទទម្ងន់របស់ខ្លួន ដូច្នេះហើយទើប ក្រុមហ៊ុន ISI STEEL និង PNN សម្រេចរៀបចំបង្កើតសករាជថ្មី នៃរដូវកាលទី៣នេះ គឺការប្រកួតដណ្ដើមខ្សែក្រវាត់ក្នុងប្រភេទទម្ងន់ស្រាល ៥៤ គីឡូ ដែលចាប់ពីដើមខែតុលា ឆ្នាំនេះតទៅ។

 

 

អ្នកប្រយុទ្ធគុនខ្មែរមកពី៨ក្លិបផ្សេងគ្នាត្រូវបាន PNN និង ក្រុមហ៊ុន ISI STEEL សម្រិតសម្រាំងដើម្បីជ្រើសយកមកប្រកួតប្រជែងគ្នាដណ្ដើមខ្សែក្រវាត់អធិរាជគុនខ្មែរ ISI PALM-ISI PIPE និងប្រាក់រង្វាន់៣០លានរៀល។ អ្នកស្នងគុនខ្មែរទាំង៨រូប រួមមាន រិន ដេវីត, ពេជ្រ ប៊ុនសិដ្ឋ, ស៊ឺន ថៃសាន់, ខេម ចាន់, ភួន ឡាំងកូស៊ីន, ម៉ន ភារម្យ, ធន់ អៀនឡៃ និង យីប ឌុក។

 

 

គួរបញ្ជាក់ថា កីឡាករទាំង៨រូបខាងលើនេះ ត្រូវចែកចេញជា២ពូល និងត្រូវប្រកួតគ្នាដើម្បីសន្សំពិន្ទុ ឈានដល់ជុំចុងក្រោយ នឹងស្វែងរកជើងខ្លាំង២រូបដែលមានពិន្ទុច្រើនជាងគេក្នុងពូលទាំងនីមូយៗ ឡើង ទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដើម្បីធ្វើការប្រកួតខ្វែង និងស្វែងអ្នកខ្លាំងឡើងទៅវគ្គផ្ដាច់ព្រ័ត្រ។

 

 

ក្រៅពីការប្រកួតដណ្តើមខ្សែក្រវាត់ PNNក៏បានរៀបចំការប្រកួតមិត្តភាពរងគូឯក និងគូឯកលំដាប់ ក(A) នៅគូទី ១ និងគូទី៣។   សរុបទៅរៀងរាល់សប្តាហ៍លោកអ្នកនឹងបានទស្សនាការប្រកួតដ៏ជក់ចិត្តដិតអារម្មណ៍៤គូ នៅPNN។ 

 

 

ការប្រកួតដណ្ដើមខ្សែក្រវាត់អធិរាជគុនខ្មែរISI PALM-ISI PIPE ប្រភេទទម្ងន់៥៤គីឡូក្រាម រដូវកាលទី ៣ នឹងចាប់ផ្ដើមពីថ្ងៃអាទិត្យទី ០៤ ខែ តុលា ឆ្នាំ ២០២០ តទៅ។


ក្នុងសបា្តហ៍ បើកឆាកនៃជំពូកថ្មីនេះ អ្នកស្នងគុនខ្មែរល្អគ្រប់គ្រឿង ធន់ វិស្ណុ ត្រូវប៉ះរន្ទះជើងឥតមេត្តា ឡុង ពិសិដ្ឋ, គូខ្សែក្រវាត់ គ្រុឌជំទង់ រិន ដេវីត ប្រជែងពិន្ទុជាមួយ កីឡាករមាឌល្អិតចិត្តពាសមេឃ ស៊ឺន ថៃសាន់, ឥស្សីបោសលាន ធន់ ចាន់តាក់ ប៉ះខ្លាខ្មៅចង្កូមពិស មុត ខ្លឹមខ្លៅ, គូខ្សែក្រវាត់ទី២ កណ្ដាប់ដៃលោហិត ភួន ឡាំងកូស៊ីន ប៉ះ មនុស្សថ្ម ធន់ អៀនឡៃ។

 

 

ការប្រកួតដណ្ដើមខ្សែក្រវាត់អធិរាជគុនខ្មែរ ISI PALM-ISI PIPE រដូវកាលទី៣ ផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ PNN និងផ្សាយបន្តលើផេកហ្វេសប៊ុក PNN Sports ផេកហ្វេសប៊ុក ISI STELL រៀងរាល់ថ្ងៃ អាទិត្យ  ចាប់ពីម៉ោង ១២ថ្ងៃត្រង់តទៅ៕

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024