ថ្ងៃព្រហស្បតិ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០២០

ឈុត សេរីវ៉ាន់ថង ប្ដឹងតវ៉ាលទ្ធផល ក្រោយចាញ់ពិន្ទុ អេលីត ចំរើន នៅភីអិនអិន

២៥ សីហា ២០២០ | កីឡា

អ្នកប្រយុទ្ធគុនខ្មែរជួរមុខវ័យក្មេង ឈុត សេរីវ៉ាន់ថង បានបង្ហាញការមិនពេញចិត្ត និងប្ដឹងតវ៉ាចំពោះលទ្ធផលចៅក្រមឲ្យខ្លួនចាញ់ពិន្ទុ អេលីត ចំរើន ៤ទល់១ ក្នុងកម្មវិធី”អធិរាជគុនខ្មែរ ISI PALM-ISI PIPE” នៅភីអិនអិន កាលពីថ្ងៃអាទិត្យ ទី២៣ ខែសីហា។ 


ជើងខ្លាំងមកពីខេត្តបាត់ដំបូង រៀបរាប់ប្រាប់ភីអិនអិន ក្រោយចប់ការប្រកួតភ្លាមៗថា ខ្លួនពុំ អាចទទួលយកលទ្ធផល ដែលចាញ់ទាំងមិនអស់ចិត្តមួយនេះឡើយ ហើយស្នើដល់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ធ្វើការវិនិច្ឆយឡើងវិញ។ 

 


«ការប្រកួតបីទឹកអម្បាញ់មិញនេះ មានភាពស្វិតស្វាញណាស់ ទាំងខ្ញុំ និងគាត់។ តែអ្វីដែលសំខាន់នោះ គឺខ្ញុំអត់អស់ចិត្តលទ្ធផលមួយនេះ។ ដោយការប្រកួតលទ្ធផល ៤ទល់១។ ខ្ញុំអត់ទទួលយកលទ្ធផលមួយនេះទេ។ ការប្រកួតលើកមុន និងលើកនេះ ដោយលើកមុនលទ្ធផលគេឲ្យខ្ញុំចាញ់ ៥ទល់០ ខ្ញុំក៏អត់ពេញចិត្តដែរ។ ហើយការប្រកួតលើកទី២នេះ ៤ទល់១ លទ្ធផល រឹតតែធ្វើឲ្យខ្ញុំអត់ពេញចិត្តទៀត។ ព្រោះខ្ញុំគិតថា ការប្រកួតលើកទី២នេះ ខ្ញុំធ្វើបានល្អជាងកាលពីលើកទី១ទៀត។ បាទ ចប់ការប្រកួតខ្ញុំចុះមកសរសេរតវ៉ាវិញភ្លាម អត់ចាំយូរទេ»។ 

 


ម្ចាស់ពាន ISI PALM រដូវកាលទី៣ ប្រភេទទម្ងន់៥៧គីឡូក្រាម រូបនេះ បន្ថែមថា ខ្លួននៅតែមានបំណងចង់ជម្រះបញ្ជីជាមួយ អេលីត ចំរើន សារជាថ្មី នាពេលខាងមុខ ប៉ុន្តែស្នើដល់ចៅក្រមកាត់ក្ដីដាក់ពិន្ទុ ដោយសុក្រឹត និងយុត្តិធម៌។    


«ការប្រកួត គឺខ្ញុំអត់ដែលខ្លាចកីឡាករណាទេ។ តែអ្វីដែលខ្ញុំខ្លាចគឺលទ្ធផលបែបនេះ។ ព្រោះវាប៉ះពាល់អារម្មណ៍របស់ខ្ញុំ ដោយមិនមែនថា គេឲ្យចាញ់ហើយ តវ៉ានោះទេ។ បើរៀបចំម្ដងទៀត ខ្ញុំនឹងប្រកួត ប៉ុន្តែសូមមេត្តាអង្គចៅក្រម ដាក់ពិន្ទុឲ្យសុក្រឹត្យ និងយុត្តិធម៌ឲ្យខ្ញុំផង»។

 


សូមបញ្ជាក់ថា ឈុត សេរីវ៉ាន់ចង ត្រូវបានចៅក្រមកាត់ក្ដីដោយលទ្ធផល ៤ទល់១ ចាញ់ពិន្ទុ ម្ចាស់ខ្សែក្រវាត់មាស ”អធិរាជគុនខ្មែរ ISI PALM-ISI PIPE” រដូវកាលទី២ អេលីត ចំរើន កាលថ្ងៃអាទិត្យ ទី២៣ ខែសីហា នៅសង្វៀន ភីអិនអិន ក្នុងជំនួបសងសឹកប្រកួតបីទឹក៕

អត្ថបទ និងរូបភាព៖ នូ ពៅ 
 

Copyright © 2016 PNN NEWS. All Rights Reserved.