ថ្ងៃអាទិត្យ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២១

ថ្នាលគុនខ្មែរ គា ស្រ៊ុន និង អេលីត ប៊ុនតុង ប្ដេជ្ញា​ប្រជែង​ជើងឯក ម៉ារ៉ាតុន នៅភីអិនអិន

១២ សីហា ២០២០ | កីឡា

​ជើង​ខ្លាំង​រលកថ្មី កំពុងមានប្រជាប្រិយភាព​ ក្នុងចំណោមអ្នកប្រយុទ្ធ​គុនខ្មែរវ័យក្មេងពីររូប រួមមាន អេលីត ប៊ុនតុង និងម្ចាស់កំណត់ត្រា១២ប្រកួត​មិនស្គាល់ចាញ់ គា ស៊្រុន បាន​បង្ហាញជំនឿចិត្ត​ខ្ពស់រៀងៗ​ខ្លួន ដើម្បី​ត្រៀមប្រជែង​ជើងឯក ម៉ារ៉ាតុន ទម្ងន់៤៥គីឡូក្រាម កម្មវិធី “អធិរាជគុនខ្មែរ ISI PALM-ISI PIPE” នៅភីអិនអិន នាថ្ងៃអាទិត្យ ទី​១៦ ខែសីហា ចុងសប្ដាហ៍នេះ។
 
បទសម្ភាសជាមួយភីអិនអិន​ នៅ​ក្លិបហ្វឹកហាត់មុនការ​ប្រកួត កាលពី​ថ្ងៃទី​១០ ខែសីហា ថ្នាលគុនខ្មែរ​ទាំងពីររូប បង្ហាញការ​តាំង​ចិត្ត​រៀងៗ​ខ្លួន។ 

 


 
អេលីត ប៊ុនតុង​៖ “បាទបង ខ្ញុំ​ចូលប្រដាល់២ឆ្នាំ​មកនេះ អត់ដែលធ្លាប់លេង ម៉ារ៉ាតុន ផង​។ ពេលនេះ មានអារម្មណ៍សប្បាយចិត្ត ដែលបានចូលរួ​មនឹង​គេ។ ខ្ញុំបារម្ភជាង​គេគឺ គា ស្រ៊ុន ព្រោះអី​ថ្មីៗនេះ គាត់​កំពុងឡើង​ខ្លាំង​។ ខ្ញុំនឹង​ខំប្រឹង​ឲ្យអស់ពីសមត្ថភាព។ ខ្ញុំប្ដេជ្ញាខិតខំប្រកួតអស់ពីលទ្ធភាព។ ហើយសូមបងប្អូន​ជួយគាំទ្រ​ និង​ទស្សនា​ នា​ថ្ងៃអាទិត្យ ខ្ញុំនឹងប្រឹងប្រែងអស់ពីសមត្ថភាព​របស់​ខ្ញុំ​”។
 

 

គា ស្រ៊ុន៖ “ខ្ញុំបាន គា ស្រ៊ុន។ ខ្ញុំបានហ្វឹកហាត់ពេញល្អ​។ ដឹង​ហើយ​បង ខ្ញុំត្រូវប៉ះជាមួយ អេលីត ប៊ុនតុង។ ខ្ញុំអត់ដែលធ្លាប់ប៉ះគេកន្លងមកទេ។ ហើយខ្ញុំមានអារម្មណ៍សប្បាយចិត្ត ព្រោះអត់ដែលបានលេងពានចឹងទេ។ ខ្ញុំនឹង​ខំហាត់ជាងមុន ហើយ​ខំប្រឹងប្រែង​យកជ័យជម្នះ​ឲ្យបាន​។ ខ្ញុំនឹង​ប្ដេជ្ញាចិត្ត​ថា ខំប្រឹងប្រែង​ហាត់​ឲ្យខ្លាំង​ជាងមុន។ ហើយថ្ងៃទី១៦ សូមពុកម៉ែបងប្អូនជួយគាំទ្រខ្ញុំ គា ស្រ៊ុន ផង​បាទ”។

 


 
សូមបញ្ជាក់ថា កម្មវិធី ដណ្ដើម​ជើងឯក ម៉ារ៉ាតុន “អធិរាជគុនខ្មែរ ISI PALM-ISI PIPE” នៅភីអិនអិន នាថ្ងៃអាទិត្យ ទី​១៦ ខែសីហា សប្ដាហ៍នេះ បាន​ផ្ដល់ឱកាស​ដល់​ថ្នាលគុនខ្មែរ​ ទម្ងន់៤៥គីឡូក្រាមកំពុងឡើងកូដ ​៤រូប រួមមាន ព្រឿង សុចឺត, ឡុង ពិសិដ្ឋ, អេលីត ប៊ុនតុង និង​ គា ស៊្រុន នឹង​ធ្វើការ​ប្រជែង​គ្នារកជើងខ្លាំង​ម្នាក់ ​ក្លាយជា​ម្ចាស់ពាន និង​ប្រាក់រង្វាន់២លាន៦សែនរៀល។

 


 
លើសង្វៀន​តែមួយ កាន់តែជក់ចិត្តគូមិត្តភាព ជើងឯកម៉ារ៉ាតុន ទម្ងន់៥៤ “អធិរាជគុនខ្មែរ ISI PALM-ISI PIPE” យីប ឌុក ត្រូវតតាំង​ម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេម ២០១៩ ហ៊ីម គឹងរៀង ខណៈអ្នកប្រដាល់ទម្ងន់ធ្ងន់ ឡុង វ៉ៃ តទល់​ ទូច ទូ ផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍​ភីអិនអិន ផេកហ្វេសប៊ុក PNN Sports និង ISI STEEL ចាប់ពីម៉ោង១២ថ្ងៃត្រង់តទៅ៕
អត្ថបទ និង​រូបភាព៖ នូ ពៅ

Copyright © 2016 PNN NEWS. All Rights Reserved.