ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ការនាំចេញបង្គាវៀតណាម រក្សាបានកំណើន ៥% ក្នុងឆមាសទី ១ ឆ្នាំនេះ

៣១ កក្កដា ២០២០ | សេដ្ឋកិច្ច

សមាគមអ្នកនាំចេញ និងផលិតគ្រឿងសមុទ្រវៀតណាម បានលើកឡើងថា តម្លៃបង្គាវៀតណាម កំពុងស្ថិតនៅក្នុងទំនោរកើនឡើងជាលំដាប់ ដោយសារតែ ទីផ្សារសំខាន់ៗ ដូចជា ជប៉ុន អាមេរិក និងសហភាពអឺរ៉ុប មិនបានស្តុកទុកបង្គា ច្រើនដូចមុននោះទេ ដូច្នេះហើយ ការនាំចេញបង្គាវៀតណាម អាចនឹងកើនឡើងបន្តទៀត នៅក្នុងរយៈពេល ៣ ទៅ៤ខែខាងមុខទៀត។


ក្នុងនោះតម្លៃបង្គា ស កើនឡើង ១១% ហើយបរិមាណនាំចេញបង្គា ស ស្មើនឹង ៧០% នៃការនាំចេញសរុប ខណៈតម្លៃបង្គារផ្សេងទៀតធ្លាក់ចុះ ១៥%។


សហរដ្ឋអាមេរិក នៅតែជា អ្នកទិញបង្គាវៀតណាម ច្រើនជាងគេបង្អស់ រហូតដល់ទៅ ២១% នៃការនាំចេញបង្គាសរុបរបស់វៀតណាម ហើយក្នុងឆមាសទី ១នេះ វៀតណាម នាំចេញបង្គា ដែលមានតម្លៃសរុបជាង ៣២៣លានដុល្លារអាមេរិក ទៅកាន់អាមេរិក កើនឡើង ២៩% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។
បង្គាវៀតណាម មានសមត្ថភាពប្រកួតប្រជែងខ្លាំង នៅក្នុងទីផ្សារអាមេរិក ដោយសារតែ វៀតណាម អាចរក្សាស្ថិរភាពផលិតកម្ម បានលឿនជាងគេបំផុត កំឡុងពេលកូវីដ១៩នេះ ខណៈអ្នកនាំចេញបង្គាផ្សេងៗដូចជា ឥណ្ឌា និងអេក្វាទ័រ នៅតែបន្តទទួលរងគំនាបពី វិធានការបិទទីក្រុង និងកង្វះខាតកម្មកររោងចក្រ។

 


ដោយឡែកការនាំចេញបង្គា ទៅកាន់ទីផ្សារចិន ក្នុងខែមិថុនា កន្លងទៅ មានការកើនឡើង ២៣% ដោយសារតែ អ្នកផ្គត់ផ្គង់បង្គាសំខាន់ៗ ទៅកាន់ចិន បានជួបប្រទះនឹងបញ្ហា បន្ទាប់ពី រកឃើញមេរោគកូវីដ១៩ នៅលើទំនិញរបស់ពួកគេ ដែលវាជាការបើកឱកាសឲ្យ បង្គាវៀតណាម អាចចូលទៅក្នុងទីផ្សារចិន បានកាន់តែច្រើន។


គួរជម្រាបថា វៀតណាម គឺស្ថិតនៅក្នុងចំណោមបណ្តាប្រទេស ដែលនាំចេញបង្គាធំជាងគេបំផុតលើសកលលោក ដោយបាននាំចេញបង្គា ក្នុងតម្លៃជាង ៣ពាន់ ៤រយលានដុល្លារអាមេរិក កាលពីឆ្នាំ ២០១៩៕


អត្ថបទ៖ ងួន សុភ័ត្រ្តា 
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024