ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

រាជរដ្ឋាភិបាល ផ្តល់ម៉ាស៊ីនផលិតទឹកបរិសុទ្ធទំនើបដល់មន្ទីរពេទ្យរដ្ឋ ក្នុងរាជធានីភ្នំពេញ

២៩ កក្កដា ២០២០ | ព័ត៌មានជាតិ

ម៉ាស៊ីនផលិតទឹកបរិសុទ្ធទំនើបដែលជាអំណាយរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ត្រូវបានឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាំយកប្រគល់ជូនដល់មន្ទីរពេទ្យកាល់ម៉ែត នៅថ្ងៃទី២៨ ខែកក្កដានេះ។ ឯកឧត្តមបានលើកឡើងថា ម៉ាស៊ីនផលិតទឹកបរិសុទ្ធថ្មីនេះ នឹងផ្តល់ឲ្យប្រជាពលរដ្ឋជាពិសេសអ្នកជំងឺក្នុងមន្ទីពេទ្យ ទទួលបានទឹកស្អាតបរិភោគប្រកបដោយសុវត្ថិភាព និងជួយសន្សំសំចៃថវិកាផងដែរ។

 


ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ថា ម៉ាស៊ីនផលិតទឹកបរិសុទ្ធដោយបរិយាកាសធម្មជាតិ-WATERGEN (ប្រភេទ GEN-M) ជាបច្ចេកវិទ្យាមកពីប្រទេសអ៊ីស្រាអែល ដែលមានសមត្ថភាពអាចផលិតទឹកបរិសុទ្ធដោយស្វ័យប្រវត្តិពីខ្យល់ក្នុងបរិយាកាស បានប្រមាណ៨០០លីត្រក្នុងមួយថ្ងៃ ដោយមិនចាំបាច់តភ្ជាប់ជាមួយប្រភពទឹកទុយោ និងអាចផ្គត់ផ្គង់ទឹកប្រកបដោយគុណភាព សុវត្ថិភាពខ្ពស់ និងកាត់បន្ថយផលប៉ះពាល់បរិស្ថានថែមទៀតផង។ 

 


ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានមានប្រសាសន៍ថា មន្ទីរពេទ្យនឹងប្រើប្រាស់ម៉ាស៊ីនផលិតទឹកបរិសុទ្ធនេះ ជាអត្ថប្រយោជន៍សម្រាប់ប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីពេទ្យ និងក្រុមគ្រូពេទ្យប្រមាណជាង ៧ពាន់នាក់។

 


គួរបញ្ជាក់ថា ក្រៅពីមន្ទីរពេទ្យកាល់ម៉ែត ម៉ាស៊ីនផលិតទឹកបរិសុទ្ធដោយបរិយាកាសធម្មជាតិចំនួន ៤គ្រឿងទៀត ត្រូវបានផ្តល់ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងកាកបាទក្រហមកម្ពុជា (រួមជាមួយនឹងរថយន្តចល័ត និងម៉ាស៊ីងភ្លើងមួយឈុត ដើម្បីធ្វើសកម្មភាពមនុស្សធម៌នៅតាមមជ្ឈដ្ឋាននានា ដែលអាចជួបគ្រោះរាំងស្ងួត ឬមានតម្រូវការប្រើប្រាស់ទឹកស្អាតជាចាំបាច់។ ម៉ាស៊ីននេះ ក៏អាចយកទៅប្រើប្រាស់បាននៅតាមសាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាពរបស់បណ្ដាភូមិ ឃុំ ស្រុកទាំងឡាយណាដែលខ្វះខាតទឹកប្រើប្រាស់បានផងដែរ៕

អត្ថបទ៖ អឿន ភារ៉ា រូបភាព៖ សុខ ពិសិដ្ឋ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024