ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

អ្នកជំនាញនៅក្នុងវិស័យធានារ៉ាប់រងកម្ពុជា កំពុងស្វែងរកយុទ្ធសាស្រ្តថ្មី សម្រាប់សង្គ្រោះដល់វិស័យធានារ៉ាប់រង

២១ កក្កដា ២០២០ | សេដ្ឋកិច្ច

អ្នកជំនាញនៅក្នុងវិស័យធានារ៉ាប់រងកម្ពុជាកំពុងស្វែងរកយុទ្ធសាស្រ្តីថ្មីសម្រាប់សង្គ្រោះដល់វិស័យធានារ៉ាប់រងខណៈដែលវិស័យនេះត្រូវបានរងផលប៉ះពាល់ខ្លាំងដោយសារការរីករាលដាល់នៃជំងឺកូវីដ ១៩ ដែលពិសេសគឺផលិតផលធានារ៉ាប់រងទូទៅដែលផ្តោតជាសំខាន់លើវិស័យឧស្សាហកម្មផលិតក្នុងស្រុកដែលបច្ចុប្បន្នសហគ្រាសផលិតទាំងនោះស្ថិតនៅក្នុងស្ថានភាពស្រពិចស្រពិលចំពោះការសម្រេចចិត្តចាប់ផ្តើមឡើងវិញ ក៏ដូចជាការបង្កើតថ្មីជាដើម។

 

លោក យក់ ចំរើនប្ញទ្ធិ បានឲ្យដឹងថា ក្នុងរយៈពេលបីខែដើមឆ្នាំ២០២០ ដំណើរការផ្តល់សេវាធានារ៉ាប់រងនៅរក្សាបានកំណើនមួយខ្ពស់ជុំវិញ២០ភាគរយ ប៉ុន្តែចូលមកដែលខែទី៤ និងទី៥កំណើននេះបានបន្តធ្លាក់ចុះទៅវិញជាបន្តបន្ទាប់ពី១៥ភាគរយ មកដល់ត្រឹម៧ភាគរយ និងអាចបន្តធ្លាក់ចុះតទៅទៀតសម្រាប់ខែកក្កដានេះក៏ដូចជាខែសីហាខាមុងផងដែរ។

 


លោកបន្តថា ដោយសារតែមើលឃើញពីសញ្ញានៃការធ្លាក់ចុះនេះបានជំរុញឲ្យក្រុមអ្នកជំនួញនៅក្នុងវិស័យធានារ៉ាប់រង និងវិស័យផ្សេងៗបានផ្លាស់ប្តូរយុទ្ធសាស្រ្តរបស់ខ្លួនដោយខ្លះបានបង្កើតផលិតផលថ្មីបន្ថែមដែលតម្រូវទៅតាមស្ថានភាពនៃវិបត្តិកូវីដ១៩ និងពិសេសគឺពង្រីកយុទ្ធសាស្រ្តទីផ្សារអនឡាញ។
លោកចំរើនប្ញទ្ធីបញ្ជាក់បន្ថែមថា នៅក្នុងវិបត្តិគឺតែងតែមានឱកាសដូច្នេះយើងចាំបាច់ត្រូវចេះចាប់យកឱកាសដោយបានកែប្រែយុទ្ធសាស្រ្តស្របតាមស្ថានភាពដូចជាបង្កើតនូវផលិតផលថ្មីៗបន្ថែមរួមមាន ផលិតផលធានារ៉ាប់រងលើកូវីដ ១៩ សម្រាប់អ្នកវិនិយោគបរទេសស្របតាមការចង្អុលបង្ហាញរបស់រាជរដ្ឋាភិបាលតាមរយៈក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ច។


អ្នកជំនាញនៅក្នុងវិស័យធានារ៉ាប់រងរូបនេះបានបន្តឲ្យដឹងទៀតថា ស្ថិតនៅក្នុងដំណាក់កាលនៃវិបត្តិកូវីដ ១៩ នេះ ផលប៉ះពាល់សម្រាប់សេដ្ឋកិច្ចសកលគឺមានសម្ពៀតខ្លាំង ខណៈមើលឃើញថាប្រទេសមួយចំនួននៅបន្តបិទទ្វារ និងបើទោះបីបើកទ្វារក៏មិនទាន់សកម្មភាពសេដ្ឋល្អនៅឡើយ ហើយស្ថិតនៅក្នុងដំណាក់កាលនេះដែរអ្នកវិនិយោគមួយចំនួនក៏កំពុងតែពិចារណាឡើងវិញអំពីគោលនយោបាយវិនិយោគរបស់ពួកគាត់ថាតើនឹងត្រូវចាប់យកវិស័យណាជំនួសមកជំនួស និងក៏សង្ឃឹមផងដែរថាវិស័យថ្មីដែលអ្នកវិនិយោគទាំងនោះនឹងច្បាមយកពេលនេះគឺវិស័យឌីជីថលនឹងមានការរីកចម្រើនខ្លាំង។


របាយការណ៍សមាគមធានារ៉ាប់រងកម្ពុជា ក្នុងរយៈពេលបីខែដំបូងដើមឆ្នាំ២០២០ នេះ ទាំងធនារ៉ាប់រងទូទៅ និងធនារ៉ាប់រងអាយុជីវិតនៅតែរក្សាបានកំណើនល្អដដែល ក្នុងនោះបុព្វលាបសរុបរបស់ធានារ៉ាប់រងទូទៅមានចំនួនប្រមាណ៤២,៨ លានដុល្លារអាមេរិក កើនឡើងជាង ២១ ភាគរយ ធានារ៉ាប់រងអាយុជីវិតទទួលបានបុព្វលាបសរុបមានប្រមាណ ៣៧,៦លានដុល្លារ កើនឡើងជាង ១៨ភាគរយផងដែរ។


លោក យក់ ចំរើនប្ញទ្ធិ បានឲ្យដឹងទៀតថា វិស័យធានារ៉ាប់រងនៅកម្ពុជានឹងនៅតែបន្តរងផលប៉ះពាល់ខ្លាំងដោយសារជំងឺកូវីដ ១៩  ហើយក៏នឹងធ្វើឲ្យប៉ះពាល់ខ្លាំងទៅដល់ចំណូល ដែលនឹងធ្វើឲ្យចំណូលធ្លាក់ចុះបន្តទៀត ខណៈចំណូលបានមកវីស័យដឹកជញ្ជូន ចំណូលបានមកពីវិស័យអចលនទ្រព្យ និងចំណូលនៃអាជីវកម្មផ្សេងៗកំពុងត្រូវបានធ្លាក់ចុះផងនោះ៕


អត្ថបទ៖ ស៊ឺន សុន 


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024