ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

សម្ដេចតេជោ និងមេដឹកនាំអាស៊ាន នឹងបើកកិច្ចប្រជុំកំពូល ក្រោមមូលបទ «ភាពស្អិតរមួត និងការឆ្លើយតប»

២៤ មិថុនា ២០២០ | ព័ត៌មានជាតិ

សម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា និងបណ្ដាមេដឹកនាំប្រទេសសមាជិកអាស៊ាន នឹងបើកកិច្ចប្រជុំកំពូល នាថ្ងៃទី២៦ ខែមិថុនា ខាងមុខនេះ។ កិច្ចប្រជុំនេះ នឹងត្រូវធ្វើឡើង តាមយៈប្រព័ន្ធវីដេអូ ដោយមានប្រទេសវៀតណាម ជាប្រធានដឹកនាំកិច្ចប្រជុំ។ ភាពស្អិតរមួត និងការឆ្លើយតប គឺជាមូលបទនៃជំនួបថ្នាក់កំពូលអាស៊ាន លើកទី៣៦នេះ។

 


យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងដឹកនាំរដ្ឋមន្ត្រី៥រូប រួមមានឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម, ឯកឧត្តម ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា, ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្ដីក្រសួងសុខាភិបាល និងលោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ព្រមទាំងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួន ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ក្រោមមូលបទភាពស្អិតរមួត និងការឆ្លើយតប។

 


កិច្ចប្រជុំដឹកនាំដោយនាយករដ្ឋមន្រ្តីវៀតណាម ង្វៀន សួនហ្វុក ក្នុងឋានៈជាប្រធានប្ដូរវេនអាស៊ាន ក្រសួងការបរទេសបានឱ្យដឹងទៀតថាសម្ដេចតេជោ និងបណ្ដាថ្នាក់ដឹកនាំកំពូលអាស៊ាន នឹងផ្តោតការយកចិត្តទុកដាក់លើកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន ក្នុងការដោះស្រាយជម្ងឺរាតត្បាតជាសកលកូវីដ-១៩ និងការលើកកម្ពស់ការស្តារសេដ្ឋកិច្ច-សង្គមក្រោយជម្ងឺកូវីដ-១៩ វិធីនិងមធ្យោបាយនានាដើម្បីសម្រេច បាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ និងទំនាក់ទំនងរបស់អាស៊ានជាមួយដៃគូខាងក្រៅ និងសហគមន៍ពិភពលោក។


ស្របពេលជាមួយកិច្ចប្រជុំកំពូលនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏នឹងអញ្ជើញចូលរួមកិច្ច ប្រជុំ មួយចំនួន ដូចជាសម័យប្រជុំពិសេសរបស់ថ្នាក់ដឹកនាំអាស៊ាន នាឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ស្តីពីការលើកកម្ពស់តួនាទីស្រ្តីក្នុងយុគសម័យឌីជីថល, កិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានជាមួយតំណាងអន្តរសភាអាស៊ាន, កិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានជាមួយតំណាងយុវជនអាស៊ាន និងកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានជាមួយតំណាងក្រុមប្រឹក្សាផ្តល់យោបល់ធុរកិច្ចអាស៊ាន។ នេះតាមខ្លឹមសារនៃសេចក្ដីប្រកាសព័ត៌មានដដែល។

 


គួរកត់សំគាល់ដែរថានៅមុនកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ព្រមទាំងរដ្ឋមន្រ្ដីការបរទេសអាស៊ានផ្សេងទៀត នឹងអញ្ជើញចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្រ្ដីការបរទេសអាស៊ាន កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សន្តិសុខ-នយោបាយអាស៊ានលើកទី២១ និងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី២៦  តាមរយៈប្រព័ន្ធវីដេអូ ដែលនៅក្នុងឱកាសនោះ ឯកឧត្តម នឹងពិភាក្សាលើប្រធានបទសំខាន់ៗមួយចំនួន ជាពិសេស ការត្រៀម រៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦៕

អត្ថបទ៖ រ៉េន រតនៈ     រូបភាព៖ ឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024