ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

ភាគីថៃបានបញ្ជូនពលរដ្ឋខ្មែរ ១៩នាក់មកឲ្យកម្ពុជា ពាក់ព័ន្ធករណីលួចឆ្លងដែនខុសច្បាប់ទៅធ្វើការនៅប្រទេសថៃ

១១ មិថុនា ២០២០ | ព័ត៌មានជាតិ

ក្រុមការងារទំនាក់ទំនងព្រំដែនថៃ-កម្ពុជា ប្រចាំច្រកអន្តរជាតិ ឆងចម-អូរស្មាច់ បានបញ្ជូនប្រជាពលរដ្ឋខ្មែរចំនួន ១៩នាក់ មកឲ្យព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងករណីលួចឆ្លងដែនខុសច្បាប់ ទៅធ្វើការនៅប្រទេសថៃ ហើយត្រូវបានទាហានថៃ ចាប់ឃាត់ខ្លួន នៅវេលាម៉ោង ១៤និង០០នាទី ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ។


នគរបាលប្រចាំច្រកអន្តរជាតិ បានឲ្យដឹង កាលពីវេលាម៉ោង ១៨និង២០នាទី ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះថា ប្រជាពលរដ្ឋខ្មែរទាំង ១៩នាក់ ស្រី ០៨នាក់ និងក្មេង ០៣នាក់ នេះ មានមកពីខេត្តឧត្តរមានជ័យ ០៤នាក់, ខេត្តបន្ទាយមានជ័យ ០៥នាក់, សៀមរាប ០៧នាក់ និងខេត្តព្រៃវែង ០៣នាក់ បន្ទាប់មកបានបញ្ជូនមកស្នងការរដ្ឋាននគរបាលខេត្ត ដើម្បីធ្វើការអប់រំណែនាំ។

 


សូមជំរាបថាមន្ត្រីក្រសួងមហាផ្ទៃបានធ្វើការអំពាវនាវ ក៏ដូចជាមានចំណាត់ការ កុំអោយពលរដ្ឋធ្វើចំណាកស្រុក ឬលួចឆ្លងដែនខុសច្បាប់ទៅប្រទេសជិតខាង គឺដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវិដ ១៩ ។ ពាក់ព័ន្ធនឹងចំណាកស្រុកដើម្បីរកការងារធ្វើនេះដែរ មន្ត្រីក្រសួងមហាផ្ទៃធ្លាប់បានអោយដឹងថា ចំនួនពលករដែលវិលត្រឡប់មកកម្ពុជា ចាប់ពីក្នុងខែមិនា ឆ្នាំ២០២០មកដល់បច្ចុប្បន្ននេះមានជាង ៩ម៉ឺននាក់ហើយ ។


រាជរដ្ឋាភិបាល បានដោះស្រាយបញ្ហាជាច្រើនរួចមកហើយ ដូចជា ការផ្តល់ការឧបត្ថម្ភ ក្នុងការដោះស្រាយជីវភាព តាមរយៈរដ្ឋបាលខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំសង្កាត់ ក្រុមការងារចុះមូលដ្ឋាន សប្បុរសជន កាកបាតក្រហមកម្ពុជា វត្តអារាម វិហារសាសនា ...។ល។ ជាប់ជាហូរហែរ។ ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាល កំពុងដាក់ចេញនូវវិធានការស្រង់ទិន្នន័យ ដើម្បីដាក់បញ្ចូល ជនទេសន្តរប្រវេសន៍ ឬគ្រួសារ ដែលបាន និងកំពុងប្រឈមនឹងស្ថានភាពក្រីក្រ ដើម្បីទទួលបានប័ណ្ណក្រីក្រ ដើម្បីទទួលបានការឧបត្ថម្ភ និងការគាំទ្រសេវាផ្សេងៗពីរាជរដ្ឋាភិបាល ។

 


រាជរដ្ឋាភិបាល បាន និងកំពុងគាំទ្រថវិកាដល់សហគ្រាសខ្នាតតូច មធ្យម ដើម្បីពង្រីកអាជីវកម្ម និងអាចទទួលយកកម្លាំងពលកម្មបន្ថែមទៀត និងបានផ្សព្វផ្សាយអប់រំ ណែនាំដល់ប្រជាពលរដ្ឋ ក៏ដូចជាពលករ សុំកុំរង់ចាំតែឱកាសត្រឡប់ទៅធ្វើការក្រៅប្រទេស ព្រោះអាជីវកម្មនានា នៅកម្ពុជា មិនទាន់បិទផ្អាកជាទូទៅ ដូចក្នុងប្រទេសមួយចំនួន នៅឡើយទេ ។


បើទោះបីគ្មានស្រែចម្ការ តែក៏ត្រូវ ធ្វើការដាំដុះផ្គត់ផ្គង់ខ្លួន ជាដំណាំរួមផ្សំជុំវិញផ្ទះ ដើម្បីបំពេញសេចក្តីត្រូវការប្រចាំថ្ងៃ កាត់បន្ថយចំណាយ និងរកវិធីបង្កើនចំណូល ដោយសហការជាមួយមន្ទីស្ថាប័ន អង្គការមិនមែនរដ្ឋាភិបាល នានា ដែលនៅក្បែរខ្លួន ដែលរង់ចាំការជួយគាំទ្រ ។
កាលពីពេលថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជាក៏បានអោយដឹងដែរថា បច្ចុប្បន្នមានកម្មករ កម្មការិនីប្រមាណ១៣ម៉ឺននាក់កំពុងបាត់បង់ការងារធ្វើ ៕

រូបភាព៖អនាយកដ្ឋានអន្តោប្រវេសន៍

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024