ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

ពលរដ្ឋចិនត្រៀមស្វាគមន៍ឆ្នាំថ្មីប្រពៃណីជាតិដែលនឹងចូលមកដល់នៅថ្ងៃ១កុម្ភៈ

ការលក់ទំនិញរូបខ្លាសម្រាប់ស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណីបងប្អូនជនជាតិចិន កំពុងហក់ឡើងខ្លាំង លក់ដាច់ខ្លាំង ដោយសារឆ្នាំ២០២២ ជាឆ្នាំខាល ជាឆ្នាំតំណាងដោយសត្វខ្លាតាមប្រតិទិនប្រពៃណីរបស់ប្រទេសចិន។

 

 

 

បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ជាពិធីបុណ្យជាតិដ៏សំខាន់បំផុតរបស់ប្រទេសចិន ជាពេលវេលាបញ្ជាក់ពីការអបអរស្វាគមន៍ការចាប់ផ្តើមឆ្នាំថ្មីរបស់បងប្អូនជនជាតិចិន ដែលមានទៅតាមទំនៀមទំលាប់គន្លងប្រពៃណីតាំងពីយូរលង់ណាស់មកហើយ។

 

សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនប្រចាំឆ្នាំ២០២២នេះ នឹងចូលមកដល់នៅថ្ងៃទី១ខែកុម្ភៈខាងមុខ។

 

ជាប្រពៃណី ពលរដ្ឋចិនតែងតែ សរសេរពាក្យកាព្យបុណ្យចូលឆ្នាំថ្មីជាពាក្យកាព្យ២ប្រយោគសរសេរនៅលើក្រដាសក្រហម ស្វាគមន៍ឆ្នាំថ្មីដ៏រុងរឿង។  អាំងប៉ាវក្រហម ជាមួយនឹងលុយសំណាង ត្រូវប្រគល់ទៅអោយក្មេងៗ ក្នុងបំណងអោយក្មេងៗមានសុខសំណាងល្អ​អំឡុងពេលឆ្នាំថ្មី។

 

 

 

ដោយសារឆ្នាំថ្មី ឆ្នាំ២០២២នេះ សម្រាប់ប្រទេសចិនជាឆ្នាំខាល ជាឆ្នាំតំណាងដោយសត្វខ្លា ដូច្នេះហើយរាល់គ្រប់ទំនិញដែលមានរូបសត្វខ្លា ឃើញថាលក់ដាច់ខ្លាំងនិងមានតម្រូវការខ្ពស់ពីបងប្អូនពលរដ្ឋចិន។

 

សម្រាប់សត្វខ្លានៅក្នុងប្រទេសចិន ត្រូវបានហៅថាជាស្តេចនៃសត្វប្រម៉ាញ់។ តាមវប្បធម៌ប្រពៃណីចិន សត្វខ្លាជាទូទៅជានិមិត្តសញ្ញានៃកម្លាំង និងការលើកជម្រុញទឹកចិត្ត។​

 

ក្មេងៗជាច្រើនពាក់មួក ឬស្បែកជើងរូបសត្វខ្លា ជានិមត្តិរូបតំណាងអោយសំណាងល្អ។

 

 

 

 

ហាងទំនិញជាច្រើន នៅលើផ្លូវYide Road ជាផ្លូវមួយដែលល្បីល្បាញមានហាងទំនិញច្រើនប្រចាំទីក្រុងGuangzhou ប្រទេសចិន។ ផ្លូវនេះ មានតាំងលក់គោមក្រហម ពាក្យកាព្យជូនពរបុណ្យចូលឆ្នាំចិន ហើយនិងស្រោមសំបុត្រជាអាំងប៉ាវក្រហម។ ទិដ្ឋភាពបែបនេះ បានបង្កើនបរិយាកាសរីករាយបន្ថែម ទៀតអោយទីក្រុងទំនើបមួយនេះរបស់ប្រទេសចិន ហើយហាក់ដូចហៅពេលវេលាបុណ្យចូលឆ្នាំចិនអោយកាន់តែចូលមកដល់អោយបានឆាប់ៗ។

 

ពលរដ្ឋជាច្រើននាំគ្នារុញរទេះទិញទំនិញបុណ្យចូលឆ្នាំចិន ហើយខ្លះត្រូវតំរង់ជួរ ដើម្បីបង់ប្រាក់ថែមទៀតផង។

 

លោកស្រី Guo ជាពលរដ្ឋម្នាក់រស់នៅទីក្រុង Guangzhou  បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានយើងថា លោកស្រីត្រៀមរៀបចំអាំងប៉ាវ១០០ ទៅ២០០ សន្លឹក ដើម្បីចែកចាយទៅអោយក្រុមគ្រួសារលោកស្រីរួមនិងមិត្តភ័ក្តិរបស់លោកស្រីផងដែរ។

 

បរិយាកាសបុណ្យចូលឆ្នាំថ្មីក៏បានរំលេចឡើងនៅវត្ត Town God នៅទីក្រុងសៀងហៃផងដែរ នៅទីនោះមនុស្សម្នាជាច្រើននាំគ្នាទិញទំនិញសម្រាប់តុបតែងលំអរបុណ្យចូលឆ្នាំថ្មី ជារូបសត្វខ្លា និងគោមលំអរដោយរូបខ្លា។

 

ម្ចាស់ហាងម្នាក់បានប្រាប់យ៉ាងដូច្នេះថា ផលិតផលសិល្បៈច្នៃពីក្រណាត់មានរូបនាគ រូបតោ និងរូបខ្លា ជាទំនិញដែលមានប្រជាប្រិយភាពបំផុត»។ ជាមួយគ្នានៅក្នុងទីក្រុងសៀងហៃ គ្រឿងអលង្ការមាស រួបខ្លា ក៏ជាទំនិញមានប្រជាប្រិយភាពខ្លាំងផងដែរ។

 

 

 

ងាកទៅកាន់ទីក្រុងហុងកុងវិញឃើញថា ខណៈបុណ្យចូលឆ្នាំថ្មីកាន់តែខិតជិតចូលមកដល់ ពលរដ្ឋចិនជាច្រើន នាំគ្នាទៅកាន់ផ្សារលក់ផ្កា។

 

ប៉ុន្តែការឆ្លងរាលដាលជំងឺកូវីដ១៩វីរុសអូមីក្រុង ក្លាយជារឿងគំរាមកំហែងមួយ។ ទោះជាយ៉ាងនេះក្តី ស្ថិតនៅអំឡុងពេលនេះគេឃើញថា កសិករដាំផ្កាមួយចំនួននៅតែត្រៀមរៀបចំតូបដើម្បីលក់ផ្កា។

 

 

 

 

ផ្កាអ័រគីដេ តាមវប្បធម៌ចិនត្រូវបានចាត់ទុកថាជាផ្កាដ៏ពិសេសមួយសម្រាប់បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន។ ពណ៌ក្រហមរបស់ផ្កាអ័រគីដេ ជានិមិត្តរូបនៃភាពរីករាយ និងការអបអរស្វាគមន៍។ ពលរដ្ឋចិនជាច្រើន បានទៅផ្សារផ្កា ទិញផ្កាអ័រគីដេនេះទុកសម្រាប់អបអរស្វាគមន៍បុណ្យឆ្លងឆ្នាំថ្មី។

 

ប៉ុន្តែដោយសារជំងឺឆ្លងកូវីដ១៩អូមីក្រុង និងជៀសវាងការខាតបង់ដូចឆ្នាំមុន នៅឆ្នាំនេះ កសិករដាំផ្ការបស់ប្រទេសចិន សម្រេចនាំចូលផ្កាអ័រគីដេពីបរទេស ហើយតម្លៃផ្កាថ្លៃជាងសព្វដង២០ភាគរយ។ យ៉ាងណាក៏ដោយអ្នកលក់ផ្កាយល់ថា ពលរដ្ឋទីក្រុងហុងកុងនៅតែគាំទ្រ។

 

 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024