ថ្ងៃសៅរ៍ ទី១២ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី១២ ខែកក្កដា ឆ្នាំ២០២៥
ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានផ្ញើលិខិតទៅកាន់មេដឹកនាំនៃប្រទេសចំនួនប្រាំបីកាលពីថ្ងៃពុធដើម្បីជូនដំណឹងថា សហរដ្ឋអាម៉េរិកនឹងយកពន្ធបដិការចាប់ពី២០%ដល់៥០%លើទំនិញដែលនាំចូលពីប្រទេសទាំងនេះចាប់ពីថ្ងៃទី១ ខែសីហា។
លិខិតពន្ធរបស់លោក ត្រាំ ដំបូងបានបង្ហាញថា ពន្ធ៣០%នឹងត្រូវដាក់លើប្រទេសលីប៊ី អ៊ីរ៉ាក់ អាល់ហ្សេរី និងស្រីលង្កា ហើយ២៥%លើប្រទេសប្រ៊ុយណេ និងម៉ុលដាវី ចំណែក២០%លើប្រទេសហ្វីលីពីន។ លោក ត្រាំ ក៏បានប្រកាសយកពន្ធ៥០%លើទំនិញនាំចូលពីប្រទេសប្រេស៊ីលដែលនឹងចូលជាធរមាននៅថ្ងៃនោះផងដែរ។ ប្រទេសប្រេស៊ីលបានបញ្ចេញប្រតិកម្មថា វាអយុត្តិធម៌ណាស់ដែលអាម៉េរិកយកពន្ធ៥០%លើផលិតផលរបស់ពួកគេព្រោះថាប្រេស៊ីលគ្មានហេតុផលអ្វីដែលអាម៉េរិកត្រូវដំឡើងពន្ធដ៏ច្រើនលើពួកគេដូច្នេះឡើយ ហើយថា អត្រាពន្ធដ៏ច្រើននេះនឹងប៉ះពាល់ដល់សេដ្ឋកិច្ចរបស់អាម៉េរិកដោយសារមានសមាហរណកម្មពាណិជ្ជកម្ម។
លោក ត្រាំ ក៏បានប្រាប់មេដឹកនាំអាហ្វ្រិកចំនួន៥រូបនៅក្នុងជំនួបនៅសេតវិមានកាលពីថ្ងៃពុធដែរថា លោកនឹងផ្លាស់ប្ដូរគោលនយោបាយរបស់អាម៉េរិកចំពោះទ្វីបនេះពីការផ្ដល់ជំនួយទៅជាឱកាសពាណិជ្ជកម្មវិញហើយថា អាម៉េរិកគឺជាដៃគូល្អប្រសើរជាងប្រទេសចិនសម្រាប់ទ្វីបមួយនេះ។ ដូច្នេះហើយលោក ត្រាំ បាននិយាយថា ប្រទេសអាហ្វ្រិកទាំង៥នេះរួមមានហ្កាបុន ហ្គីណេប៊ីសូ លីបេរីយ៉ា ម៉ូរីតានី និងសេណេហ្កាល់ទំនងជាមិនប្រឈមនឹងការជាប់ពន្ធរបស់សហរដ្ឋអាម៉េរិកនោះឡើយ៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន