ថ្ងៃអង្គារ៍ ទី១៣ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី១៣ ខែឧសភា ឆ្នាំ២០២៥
អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណៈ និងដឹកជញ្ជូនឯកឧត្តម ឈួន វុន បានប្រាប់ PNN នៅថ្ងៃសុក្រនេះថា ចាប់តាំងពីក្រសួងប្រកាសដាក់អោយមានការធ្វើលេខរថយន្តពិសេសផ្ទាល់ខ្លួនតាំងពីថ្ងៃទី៦ខែមករា ដល់ថ្ងៃទី២៩ ឧសភា ២០២០ បានចំនួន ១៣៦៩លេខហើយ ។
ឯកឧត្តមបន្តថា ក្នុងនោះទទួលបានថវិការជាង១៥ពាន់លានរៀល ដែលប្រហែលជិត៤លានដុល្លា ដោយថវិការនេះចូលជាថវិការជាតិខ្លះ និងធ្វើជាសប្បុរសធម៌ខ្លះ ។ ឯកឧត្តមបានបញ្ជាក់ថា ការធ្វើលេខពិសេសផ្ទាល់ខ្លួននេះដែរ មិនអនុញ្ញាតអោយយកឈ្មោះជាទ្រព្យសម្បត្តិសាធារណៈ និងសម្បត្តិវិប្បធម៌របស់ជាតិមកដាក់បានទេ ។
ពាក់ព័ន្ធនឹងការធ្វើលេខស្លាកលេខពិសេសផ្ទាល់ខ្លួននេះដែរ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង លោក អូន ប៊ុនហាក់ អនុប្រធានគណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះ បញ្ជីរថយន្ត តំណាងលោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត បានដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពីវឌ្ឍនភាពនៃការលក់លេខចុះបញ្ជីយានយន្តរបស់គណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់ លេខចុះបញ្ជីរថយន្ត ដោយមានការចូលរួមពីសមាជិកសមាជិកាគណៈកម្មកាអន្តរក្រសួង និងមន្ត្រី ជំនាញនាយកដ្ឋានពាក់ព័ន្ធផងដែរ។
កិច្ចប្រជុំនេះផ្តោតជាសំខាន់លើវឌ្ឍនភាពនៃប្រព័ន្ធលក់លេខពិសេសផ្ទាល់ខ្លួនក្រោយពីបានដាក់ឱ្យ ដំណើរការជាផ្លូវការនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីធានាឱ្យការគ្រប់គ្រងការចុះបញ្ជីយានយន្តមានប្រសិទ្ធភាព ក៏ដូចជាធានាដល់ការគ្រប់គ្រងចំណូលពីការលក់លេខចុះ បញ្ជីយានយន្តមានតម្លាភាព ៕