ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

រដ្ឋមន្ដ្រីក្រសួងសាធារណការ៖ ផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប ដល់ពេលត្រូវសិក្សារៀបចំផែនការមេ ដើម្បីជួសជុសកែលម្អឡើងវិញ

៣០ មិថុនា ២០២០ | ព័ត៌មានជាតិ

ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ដល់ពេលដែលត្រូវសិក្សារៀបចំផែនការមេ ដើម្បីធ្វើការជួសជុស កែលម្អឡើងវិញ ដូចក្រុងព្រះសីហនុ ឱ្យសាកសមជាទីក្រុងទេសចរណ៍ ដើម្បីលើកស្ទួយមុខមាត់ប្រទេសជាតិ នៅលើឆាកអន្តរជាតិ តាមរយៈភ្ញៀវទេសចរណ៍អន្តរជាតិ។ នេះជាការលើកឡើងរបស់ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកិច្ចប្រជុំជាមួយអភិបាលខេត្តសៀមរាប និងមន្ត្រីពាក់ព័ន្ធ កាលពីចុងសប្តាហ៍កន្លងទៅ។

 


កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យ និងសិក្សាទៅលើគម្រោងខ្សែផ្លូវមេចំនួន ៣៨ខ្សែ ប្រវែងជាង ៩៨គ.ម ក្នុងនោះ ផ្លូវពីរគន្លង មានប្រវែងប្រមាណ ៤៤គ.ម និងផ្លូវបួនគន្លង មានប្រវែងប្រមាណ ៥៤គ.ម លាតសន្ធឹងក្នុងសង្កាត់ទាំង១២ របស់ក្រុងសៀមរាប និងមួយផ្នែកនៃស្រុកបាគង ដែលស្ថិតក្នុងគម្រោងអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធក្នុងក្រុងសៀមរាប។

 


ឯកឧត្តមរដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល កំពុងសិក្សាស្វែងរកប្រភពថវិកាដើម្បីអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនេះ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ក្នុងខេត្ត កាត់បន្ថយពេលវេលាក្នុងការដឹកជញ្ជូន និងចរាចរណ៍ទំនិញគ្រប់ប្រភេទ កាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ជាដើម។ 

 


គួរកត់សម្គាល់ថា ក្រុងសៀមរាប ជាក្រុងគោលដៅបន្ទាប់ពីក្រុងព្រះសីហនុ ដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវទូទាំងក្រុងឡើងវិញ។ កន្លងទៅ រាជរដ្ឋាភិបាលបានទម្លាក់កញ្ចប់ថវិកាប្រមាណជិត ៣០០លានដុល្លារអាមេរិក ដើម្បីស្ថាបនាផ្លូវក្នុងក្រុងព្រះសីហនុចំនួន ៣៤ខ្សែ ប្រវែងជាង ៨២គ.ម។ នៅពេលនេះ ផ្លូវចំនួន៣៨ខ្សែ ប្រវែងជិត១០០គ.ម ក្នុងក្រុងសៀមរាប ក៏កំពុងត្រូវបានសិក្សាឲ្យដូចក្រុងព្រះសីហនុ ដើម្បីលើកកម្ពស់សោភ័ណភាព ឱ្យសាកសមជាទីក្រុងទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រ របស់កម្ពុជា៕


អត្ថបទ៖ អឿន ភារ៉ា     រូបភាព៖ ផ្តល់ដោយជំនាញ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024