ថ្ងៃអង្គារ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៥

មហោស្រពភាពយន្តជប៉ុនឆ្នាំ២០២២ នៅតែលេចវត្តមាននៅរោងភាពយន្ត ទោះកំពុងស្ថិតក្នុងកាលៈទេសៈដ៏លំបាកនៃជំងឺកូវីដ១៩

១៨ មករា ២០២២ | កម្សាន្ដ

 


បើទោះបីជាកំពុងស្ថិតក្នុងកាលៈទេសៈដ៏លំបាកនៃជំងឺកូវីដ១៩ក៏ពិតមែន ក៏ព្រឹត្តិការណ៍មហោស្រពភាពយន្តជប៉ុនឆ្នាំ២០២២ លើកទី៧ នៅតែអាចលេចវត្តមាននៅរោងភាពយន្ត ដោយត្រូវអនុវត្តយ៉ាងម៉ត់ចត់នូវវិធានការគោលការណ៍ស្តង់ដាប្រតិបត្តិ (SOP) ដែលរៀបចំឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងសុខាភិបាល ព្រមទាំងវិធានការនានាដែលមានជាធរមាន។

 


ចាប់ពីឆ្នាំ២០១៥មក មហោស្រពភាពយន្តជប៉ុន បានរៀបចំនៅជារៀងរាល់ឆ្នាំក្នុងរាជធានីភ្នំពេញ និងខេត្តមួយចំនួននៃព្រះរាជាណាចក្រកម្ពុជា និងបាននាំមកនូវភាពយន្តជាច្រើន ប្រកបដោយគុណតម្លៃ សម្រាប់ប្រជាពលរដ្ឋកម្ពុជាបានទស្សនា និងសិក្សាស្វែងយល់ពីវប្បធម៌ ប្រពៃណី ទំនៀមទំលាប់ ការរស់នៅរបស់ប្រជាជនជប៉ុន ។

 

 

 

ក្រៅពីការចាក់បញ្ចាំងភាពយន្ត ប្រទេសជប៉ុនក៏បានចូលរួមចំណែកសំខាន់ក្នុងការបណ្តុះបណ្តាលជំនាញភាពយន្តជូនដល់ផលិតករ និងអ្នកបច្ចេកទេសភាពយន្តកម្ពុជា តួយ៉ាងប៉ុន្មានខែចុងក្រោយនេះ ក្រោមកិច្ចសហរវាងមូលនិធិជប៉ុន ការិយាល័យអាស៊ីភ្នំពេញ និងនាយកដ្ឋានសិល្បភាពយន្តនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអង្គការឈូករ័ត្នបានបើកវគ្គបណ្តុះបណ្តាលជំនាញសរសេរអត្ថបទភាពយន្ត ជំនាញថត ជំនាញកាត់តដំឡើងរូប ព្រមទាំងជំនាញយកសំឡេង ជូនដល់សិក្ខាកាមដែលជាយុវជនកម្ពុជាផងដែរ ។

 

 

សកម្មភាពទាំងអស់នេះ មិនត្រឹមតែជាការផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យភាពយន្តរវាងប្រទេសទាំងពីរនោះទេ តែបានឆ្លុះបញ្ចាំងឱ្យឃើញពីសហប្រតិបត្តិការគ្នាលើវិស័យវប្បធម៌រវាងប្រទេសទាំងពីរ និងមនោសញ្ចេតនាស្រលាញ់រាប់អាន និងចេះជួយគ្នាទៅវិញទៅមករវាងប្រជាជាតិ និងប្រជាជននៃប្រទេសយើងផងដែរ។ 

 


មានប្រសាសន៍ក្នុងបើកមហោស្រពភាពយន្តជប៉ុនឆ្នាំ២០២២ កាលពីចុងសប្តាហ៍ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចាត់ទុកថា ការរៀបចំមហោស្រពភាពយន្តជប៉ុននេះ គឺជាការជួយជំរុញនិងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីកម្ពុជា ជប៉ុន ឱ្យកាន់តែស្អិតរមួតថែមទៀត ពិសេសលើវិស័យសិល្បៈ វប្បធម៌ ហើយព្រឹត្តិការន៍នេះមិនគ្រាន់តែជាវេទិកាសម្រាប់ផ្សព្វផ្សាយពីភាពយន្តជប៉ុនប៉ុណ្ណោះទេ តែក៏ជាទីកន្លែងសម្រាបជួបជុំរវាងផលិតករ អ្នកបច្ចេកទេសភាពយន្តកម្ពុជា-ជប៉ុន ដើម្បីធ្វើការចែករំលែកបទពិសោធន៍ហើយជាការបង្កើតឱកាសវិនិយោគថ្មីៗបន្ថែមទៀត ក្នុងវិស័យភាពយន្ត ដើម្បីរួមចំណែកដល់ការវិវត្តរីកចំរើននៃឱស្សាហកម្មភាពយន្តរបស់ប្រទេសយើងទាំងពីរ រួមចំណែកក្នុងការបង្កើនការយល់ដឹងរវាងប្រជាជន និងប្រជាជន និងជាផ្នែកមួយជួយពង្រឹងទំនាក់ទំនងលើវិស័យវប្បធម៌។

 


លោកជំទាវបណ្ឌិតសភាចារ្យ សង្កត់ធ្ងន់ថា៖ «ក្នុងនាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមជំរុញ និងលើកទឹកចិត្តដល់ផលិតករភាពយន្តជប៉ុន ដើម្បីពិនិត្យលទ្ធភាពបង្កើតឱកាសវិនិយោគលើវិស័យភាពយន្តនៅកម្ពុជា ពិសេសការប្រើប្រាស់ទឹកដីកម្ពុជា ជាទីកន្លែងសម្រាប់ថតភាពយន្ត ស្របតាមគោលនយោបាយជាតិស្តីពីវប្បធម៌។» ឆ្លៀតក្នុងឱកាសជាមួយគ្នានេះ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព របស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណលោកជំទាវ ភឿង សកុណា ដែលបានអញ្ជើញចូលរួមពិធីបើកជារៀងរាល់ឆ្នាំ ខណៈដែលលោកជំទាវមានការមមាញឹកយ៉ាងណាក៏ដោយ។ 

 


ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ បន្តថា៖ «ខ្ញុំពិតជារីករាយក្រៃលែង ដែលបានចូលរួមក្នុងពិធីបើកមហោស្រពភាពយន្តជប៉ុនឆ្នាំ២០២២។ យើងខ្ញុំសូមថ្លែងអំណរគុណចំពោះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មជ្ឈមណ្ឌលអាស៊ីនៃមូលនិធិជប៉ុន និង CJCC ដែលបានខិតខំប្រឹងប្រែងរៀបចំព្រឹត្តិការណ៍នេះ សម្រេចបានក្នុងរយៈពេលដ៏ខ្លី ដោយសារឥទ្ធិពលនៃកូវីដ-១៩ ។ មហោស្រពភាពយន្តជប៉ុន បន្ថែមពីការទទួលបានភាពរីករាយទស្សនាភាពយន្ត ខ្ញុំសង្ឃឹមថា ប្រជាជន កម្ពុជានឹងបានស្វែងយល់សង្គម និងវប្បធម៌ជប៉ុនដ៏សម្បូរបែប តាមរយៈភាពយន្តជាច្រើនប្រភេទផ្សេងៗ ហើយចាប់អារម្មណ៍លើប្រទេសជប៉ុន។

 

 

ខ្ញុំសូមអញ្ជើញលោក លោកស្រី ក្មួយៗ ដែលមិនសូវមានទំនាក់ទំនង ឬ ស្គាល់ជប៉ុនមកទស្សនាភាពយន្តជប៉ុនទាំងនេះកុំបីខាន។ ដោយសារតែការរីករាលដាលនៃវីរ៉ុសកូវីដ១៩បំលែងខ្លួនថ្មី យើងបន្តចាំបាច់ត្រូវមានភាពប៉ិនប្រសព្វ និងចាត់វិធានការការពារការឆ្លងសម្រាប់ការរៀបចំព្រឹត្តិការណ៍វប្បធម៌ដូចឆ្នាំមុនៗ។ ទោះបីស្ថិតនៅក្នុងបរិយាកាសតាមបែបគន្លងថ្មីក៏ដោយ ក្នុងនាមស្ថានទូត លោកចង់ធ្វើកិច្ចការយ៉ាងសកម្មដោយសហប្រតិបត្តិការជាមួយស្ថាប័ន ពាក់ព័ន្ធផ្សេងៗ ដើម្បីឱ្យប្រជាជនកម្ពុជាបានស្គាល់ប្រទេសជប៉ុនកាន់តែច្រើនឡើង»។


ភាពយន្តឆ្លុះបញ្ចាំងពីជីវិត និងរឿងគំនូរជីវចលជាច្រើន បានកំពុង ចាក់បញ្ចាំងក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តជប៉ុនឆ្នាំ២០២២ ចាប់ពីថ្ងៃទី ១៤,១៥,១៦ និង ថ្ងៃទី២២,២៣ ខែមករា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ នៅរោងភាពយន្ត Major Cineplex Aeon Mall Sen Sok city។ លោកអ្នកអាចតាមដានរកកាលវិភាគលម្អិតនៃការចាក់បញ្ចាំងបាន តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ Japanese Film Festival – Cambodia។

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025