ថ្ងៃអង្គារ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៥
វិស័យ ហូលពិតាន ខ្មែរ កំពុងតែបាត់បង់បណ្តើរហើយ ដោយសារពុំមានអ្នកតម្បាញណាចាប់អារម្មណ៍វិស័យនេះទេ តែទោះជាយ៉ាងនេះក្តីលោក ផេង សុផល សុខចិត្តលះបង់កម្លាំងកាយចិត្តផលិតនិងថែរក្សា ហូលពិតាន ខ្មែរ កុំឱ្យបាត់បង់។
បច្ចុប្បន្ន តម្បាញហូលពិតាន ខ្មែរ ស្ទើរតែបាត់បង់អស់ទៅដោយដោយសារស្នាដៃនេះពុំសួវមានទីផ្សារ ហើយអ្នកត្បាញ ហូលពិតាន ខ្មែរ ក៏មានវ័យចំណាស់អស់ និងពុំមានអ្នកចង់រៀនផ្នែកនេះឡើយ។
ថ្ងៃនេះយើងសូមនាំអារម្មណ៍ទស្សនិកជនមកស្គាល់លោក ផេង សុផល ដែលបានចំណាយថវិការផ្ទាល់ខ្លួនធ្វើ ហូលពិតាន ដែលមានលក្ខណៈខុសប្លែកពីគេ ដើម្បីរក្សាទុកជាស្នាដៃដល់កូនចៅជំនាន់ក្រោយ បើទោះបីជាវិស័យនេះមិនសូវមានទីផ្សារក្តី ។
សិល្បៈតម្បាញហូលពិតាន ខ្មែរ ឬ ព្រះបត់ គឺជាសិល្បៈតម្បាញដែលមានលក្ខខណ្ឌខុសពីសិល្បៈតម្បាញហូលធម្មតា ពាក្យ « ពិតាន » គឺសំដៅទៅលើអ្វីដែលស្ថិតនៅខាងលើ អ្វីដែលជាទីគោរព ភាគច្រើនអ្នកត្បាញ ហូលពិតាន ច្រើនតែត្បាញពីរឿង ពុទ្ធប្រវត្តិ ឬជារឿងទេវកថា ឧទ្ទិសថ្វាយព្រះ ពិសេសក្នុងវិស័យព្រះពុទ្ធសាសនា ពិតាន មានប្រវត្តិជាមួយព្រះបត់ ខ្មែរ ។
ការត្បាញហូលពិតាន ដើម្បីជំនួសការគូព្រះបត់ គំនូរ ឬចម្លាក់ផ្សេងៗទាក់ទងនិងព្រះពុទ្ធសាសនានៅក្នុងវត្ត ។
លោក ផេង សុផល ម្ចាស់សប្បកម្មតម្បាញ « កីខ្មែរ » បានរៀបរាប់ថា លោកស្រឡាញ់សិល្បៈតម្បាញ ហូលពិតាន នេះជាយូរមកហើយ រហូតធ្វើឱ្យលោករក្សា នូវ ហូលពិតានចាស់ៗ ព្រមទាំងបានសម្រេចចិត្តធ្វើហូលពិតានឡើងវិញដោយស្នាដៃរបស់លោកផ្ទាល់ បើទោះបីជាវិស័យនេះមិនរកប្រាក់ចំណូលបានច្រើនដូចវិស័យ ហូល ធម្មតា ក្តី ។
មុននឹងបាន ហូលពិតាន ដ៏ប្រណិតមួយ ត្រូវចំណាយពេលវេលាយូរ ដែលធ្វើឱ្យអ្នកត្បាញមានការធុញទ្រាន់ ជាពិសេសមិនទទួលបានប្រាក់ចំណូលច្រើនទៀត។
ដូច្នេះហើយទើបធ្វើឱ្យម្ចាស់សប្បកម្មទាំងអស់ មិនចាប់អារម្មណ៍ពីការត្បាញហូលពិតាន រហូតធ្វើឱ្យវិស័យ ហូលពិតាន ខ្មែរ ស្ទើរតែបាត់បង់។ ជាក់ស្តែងការផលិតហូលពិតាន តម្រូវឱ្យមានភាពអត់ធ្មត់ដោយសារត្បាញហូលពិតានមានលក្ខណៈ ស្មុគស្មាញ សាំញុំា និងត្រូវចំណាយពេលវេលាយូរជាងការត្បាញតំពត់ ហូលធម្មតា ។
លោក ផេង សុផល បានបន្ថែមថា លក្ខណៈពិសេសរបស់ ហូលពិតាន គឺត្រូវប្រើពណ៌ធម្មជាតិ ដែលច្នៃចេញពីធម្មជាតិពិតៗ ដូចជា សំបកដើមព្រហ៊ូត ដើម្បីបានពណ៌ លឿង , ផ្លែ មក្លឿ ដើម្បីបានពណ៌ ខ្មៅ ឬប្រផេះ , ដើម ឬស្លឹក ត្រុំ ដើម្បីបានពណ៌ ខៀវ និង ពណ៌ក្រហម ចម្រាញ់ចេញពីអាចម៌សត្វល្អិតម្យ៉ាងតូចជាង ស្រមោច ។
ប៉ុន្តែសព្វថ្ងៃនេះវត្ថុធាតុដើមទាំងនោះ មិនងាយស្រួលរកទេ ម្យ៉ាងវិញទៀតបច្ចេកវិទ្យា សព្វថ្ងៃកាន់តែទំនើប ប្រជាជន ខ្មែរ ងាកមកប្រើប្រាស់គីមី ជំនួសរបស់ធម្មជាតិពីបុរាណ តែទោះជាយ៉ាងណា ល័ក្ខធម្មជាតិ ធ្វើឱ្យហូលពិតានមានពណ៌ជាប់បានយូរ មិនឆាប់ស្លកពណ៌ ដូចល័ក្ខគីមីឡើយ ហេតុដូច្នេះហើយទើបធ្វើឱ្យ ហូលពិតាន ខ្មែរ មានតម្លៃថ្លៃជាង ហូលធម្មតា ។
នៅចុងឆ្នាំ ២០២០ នេះ លោក ផេង សុផល មានគម្រោងនឹងផលិត ហូលពិតាន ២ ផ្សេងទៀត ដែលជាមានលក្ខណៈពិសេសជាង ហូលពិតាន ដែលលោកបានធ្វើនាពេលកន្លងមក ស្នាដៃថ្មីនេះលោក សង្ឃឹមថា វានឹងចេញមកស្អាតដូចអ្វីដែលលោកបានគិត ។
តោះស្តាប់ការរៀបរាប់របស់លោក ផេង សុផល ទាំងអស់គ្នាអំពីស្នាដៃថ្មីរបស់លោក ។
ជាងមួយនិងស្នាដៃថ្មីនេះ លោក ផេង សុផល មិនគិតថា នឹងយកស្នាដៃនេះទៅលក់នៅលើទីផ្សារនោះទេ លោកមានគម្រោងទុកសម្រាប់ចូលរួមបង្ហាញក្នុងកម្មវិធីពិព៌រណ៌ធំៗ ទាំងក្នុងនិងក្រៅប្រទេស ។បើតាមគម្រោងស្នាដៃថ្មីនេះនឹងរួចរាល់នៅឆ្នាំក្រោយ ។
ទាក់ទិនទៅនិងទីផ្សារ ហូលពិតាន វិញ លោក ផេង សុផល នៅតែបង្ហាញនូវអារម្មណ៍រីករាយជាមួយនិងការបន្តធ្វើវិស័យនេះតទៅមុខទៀតលោកបានលើកឡើងថា ទោះបីជាវិស័យ ហូលពិតាន មិនសូវរកប្រាក់ចំណូលបានច្រើន តែលោកមិនបោះបង់ចោលនោះទេ លោកនឹងបន្តធ្វើរហូតដល់អស់លទ្ធភាព ។
ឆ្នាំនេះលោក ផេង សុផល មានវ័យជាង ៤០ ឆ្នាំហើយលោកធ្លាប់ធ្វើការនៅក្នុងអង្គការមួយជាង ១០ ឆ្នាំ តែដើម្បីចង់រក្សាស្នាដៃ និងអភិរក្ស លើវិស័យតម្បាញ ហូល ខ្មែរ លោកក៏បានងាកមកបើកសប្បមក្មតម្បាញផ្ទាល់ខ្លួន ដែលបានជួយប្រជាជននៅក្នុងខេត្ត តាកែវ ឱ្យមានការងារធ្វើ និងរកប្រាក់ចំណូលចិញ្ចឹមគ្រួសារដោយមិនបាច់ចំណាក់ស្រុក ។
នៅក្នុងផ្ទះរបស់លោក ផេង សុផល ក៏មានរៀបចំបើក ហាងទាក់ទងនិងតម្បាញ ខ្មែរ ដោយលោកបានយក សូត្រ ហូល ក្រមា ទាំងនោះមកច្នៃជា សម្លៀកបំពាក់ វត្ថុអនុស្សាវរីយ៍ និងសំភារៈប្រើប្រាស់នានា មើលទៅពិតជាគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់ ។
គួរបញ្ជាក់ផងដែរថា ដើម្បលើកទឹកចិត្ត និងចូលរួមអភិរក្សថែរក្សាសិល្បៈតម្បាញ ហូលពិតាន ខ្មែរ ឱ្យទូលំទូលាយឡើងវិញ នាយកដ្ឋានសិល្បៈសូនរូប និ សិប្បកម្ម បានរៀបចំពិព័រណ៌ ហូលពិតាន ខ្មែរ ដើម្បីឱ្យភ្ញៀវចូលរួមទ្សនាដោយឥតគិតថ្លៃរហូតដល់ទៅពេញមួយខែនៅ សារៈមន្ទីរ ខ្លែង ទល់មុខរដ្ឋភា ។
ពិព័រណ៌នេះរៀបចំឡើងក្នុងគោលបំណងលើកកម្កើងមរត៌វប្បធម៌ អរូបី តម្បាញហូលពិដានខ្មែរយើងឱ្យគង់វង្ស ពីព្រោះសិល្បៈតម្បាញពិតានខ្មែរកំពុងប្រឈម នឹងការបាត់បង់ ហើយពុំមានកូនចៅជំនាន់ក្រោយចង់រៀនជំនាញនេះផងដែរ អ្នកតម្បាញ ហូលពិដាន តិចតួចណាស់ហើយពួកគាតកាន់តែចាស់ៗអស់ ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា