ថ្ងៃអង្គារ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៥

អ្នកទស្សនាសាទរមហោស្រពភាពយន្តជប៉ុនខ្លាំង ទោះត្រូវផ្អាកកណ្តាលទី ដោយសារកូវីដ១៩

១១ ​វិច្ឆិកា ២០២០ | កម្សាន្ដ

   មហោស្រពភាពយន្តជប៉ុនឆ្នាំ២០២០ ត្រូវផ្អាកចាក់បញ្ចាំងកណ្តាលទី ដើម្បីការពារការរីករាលដាលជំងឺកូវីដ-១៩ តាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល ខណៈអ្នកបានទស្សនាហើយ ពោលសរសើរ និងសាទរខ្លាំងចំពោះរឿងចាក់បញ្ចាំងមហោស្រពឆ្នាំនេះមិនដាច់ពីមាត់។


បើទោះបីជាមហោស្រពភាពយន្តជប៉ុនឆ្នាំ២០២០ ត្រូវបានផ្អាកចាក់បញ្ចាំងកណ្តាលទី ដោយសារការរាតត្បាតជាថ្មីនៃជំងឺកូវីដ១៩ នេះក៏ពិតមែន ប៉ុន្តែមហាជនអ្នកបានចូលទស្សនាភាពយន្តមុនពេលប្រកាសបិទ បាននាំគ្នាពោលសរសើរ និងសាទររឿងក្នុងមហោស្រពឆ្នាំនេះមិនដាច់ពីមាត់។


តួយ៉ាង យុវជន គ្រី គីមហេង ដែលបច្ចុប្បន្នកំពុងសិក្សាថ្នាក់មហាវិទ្យាល័យឆ្នាំ២ និងជាអ្នកបានចូលរួមទស្សនារឿង AI Amok និយាយថា ខ្លួនមានអារម្មណ៍ថារំភើប ក្រោយបានទស្សនារឿងនេះ ព្រោះរឿងបែបនេះមិនសូវបានចាក់ផ្សាយនាពេលសព្វថ្ងៃនេះទេ។

 

សព្វថ្ងៃនេះ គេច្រើនចាក់រឿងបែប Super hero ឬឧក្រិដ្ឋកម្មផ្សេងៗ ដោយឡែករឿងនេះគឺនិយាយពីឧក្រិដ្ឋកម្ម AI ដែលជាការវាយលុកតាមប្រព័ន្ធអ៊ីនធឺណិត។

 


បន្ថែមពីលើនេះ គីមហេង ថា យើងគួរតែមកចូលរួមទស្សនារឿងដែលរៀបចំដោយមហោស្រពដោយសារ យើងអាចទស្សនារឿងថ្មីៗ និងអាចស្វែងរកចំណេះដឹងពីរឿងដែលគេចាក់បញ្ចាំងផងដែរ។

 

 

ហើយរឿងដែលចាក់បញ្ចាំងអាចនិយាយទាក់ទងពីប្រទេសជប៉ុន វប្បធម៌ជប៉ុន ដែលអាចឲ្យយើងស្វែងយល់កាន់តែច្រើន។

 

យុវជនរូបនេះ សង្ឃឹមថា មហោស្រពភាពយន្តជប៉ុននឹងរៀបចំឡើងរៀងរាល់ឆ្នាំ។ 


រីឯ ដារ៉ា អ្នកបានចូលរួមទស្សនាម្នាក់ទៀត ក៏បានលើកឡើងថា កញ្ញាមានអារម្មណ៍ថារឿងជប៉ុនប្លែក ថតមកទោះចំណាយថវិកាមិនសូវច្រើន តែគុណភាពគឺមានអារម្មណ៍ថាល្អច្រើន ហើយអាចឆ្លុះបញ្ចាំងពីសង្គមជប៉ុនបានច្រើន អាចយល់ដឹងពីវប្បធម៌ជប៉ុនថាខុសពីយើង។

 


កញ្ញា យល់ថា វាពិតជាសំខាន់ដែលត្រូវមកចូលរួមទស្សនារឿងរបស់មហោស្រពភាពយន្តជប៉ុន ម៉្យាងកញ្ញាមានចំនូលចិត្តច្រើននិងជប៉ុន ដូចនេះហើយគឺត្រូវតែមកមើល។ កញ្ញា ចង់ឲ្យមហោស្រពនេះកើតមានរៀងរាល់ឆ្នាំ ដើម្បីឲ្យប្រជាជនខ្មែរទូទៅស្គាល់ និងស្វែងយល់ពីប្រទេសជប៉ុនកាន់តែច្រើន។

 


ត្បិតមានការពោលសរសើរ និងសាទរ បែបនេះពីសំណាក់អ្នកបានចូលទស្សនាហើយក្តី តែពិតជាគួរឲ្យសោកស្តាយដែលមហោស្រពភាពយន្តជប៉ុនឆ្នាំ២០២០ ត្រូវបានផ្អាកការចាក់បញ្ចាំងពាក់កណ្តាលទី នៅថ្ងៃទី០៨ ខែវិច្ឆិកា កន្លងទៅ តាមសេចក្តីប្រកាសបិទរោងភាពយន្ត របស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីការពារការរីករាលដាលជំងឺកូវីដ-១៩។

 


យ៉ាងណាមិញ សម្រាប់អ្នកគាំទ្រ និងនិយមទស្សនាភាពយន្តជប៉ុន នៅតែអាចបន្តទស្សនារឿងពីមហាស្រពភាពយន្តជប៉ុនបានតាមរយៈ មហោស្រពភាពយន្តជប៉ុនបែបអនឡាញ ដែលមានឈ្មោះថា Japanese Film Festival Plus។ 

 


JFF Plus ជាកម្មវិធីមហាស្រពភាពយន្តជប៉ុនដូចគ្នាដែរ តែត្រូវបង្កើតជាលើកដំបូង តាមប្រព័ន្ធឌីជីថលទំនើបក្នុងទម្រង់បែបអនឡាញ អំឡុងការរាតត្បាតនៃវីរ៉ុសកូវីដ១៩ដែលរាលដាលលើសកលលោករួមទាំងកម្ពុជាផងដែរ ដើម្បីឲ្យប្រទេសផ្សេងទៀតមានលទ្ធភាពទស្សនារឿងបាន ទោះមិនបានការរៀបចំ។

 

 

JFF Plus មាន២០ប្រទេសចូលរួម រួមទាំងប្រទេសប្រទេសកម្ពុជាផងដែរ។

 

លោកអ្នកអាចចូលរួមទស្សនារឿងពី JFF Plus បាននៅខែធ្នូ ខាងមុខ ចាប់ពីថ្ងៃទី ០៤ ដល់ថ្ងៃទី១៣ តាមការវិភាគដែលរៀបចំដោយ JFF Plus។

 


គួររំលឹកថា មហោស្រពភាពយន្តជប៉ុនឆ្នាំ២០២០ ត្រូវបានប្រកាសបើកជាផ្លូវការនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមការចូលរួមយ៉ាងខ្ពង់ខ្ពស់ពីសំណាក់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង ឯកឧត្តម MIKAMI Masahiro (មីកាមិ ម៉ាសាហ៊ីរ៉ុ) ឯកអគ្គរាជទូតនៃប្រទេសជប៉ុនប្រចាំកម្ពុជា មជ្ឈមណ្ឌលអាស៊ីនៃមូលនិធិជប៉ុន និងសិស្សានុសិស្សមួយចំនួនទៀត។

 


ជារឿងគួររឲ្យសោកស្តាយ ដែលមហោស្រពភាពយន្តជប៉ុនឆ្នាំ២០២០ ទើបដំណើរការបានប៉ុន្មានថ្ងៃប៉ុណ្ណោះ ក៏ត្រូវផ្អាកចាក់បញ្ចាំងទៅវិញដើម្បីការពារការរីករាលដាលជំងឺកូវីដ-១៩ តាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។

 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា  រូបភាព៖ ឃាង ទូច

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025