ថ្ងៃអង្គារ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៥

“ទេវអង្គរ» ឈុតច្នៃពីការគូរក្បូរក្បាច់លើសាច់ក្រណាត់ និងបណ្ដុំក្បាច់លើក្រដាសខ្មុក កំពុងទទួលការចាប់អារម្មណ៍ 

០៩ ធ្នូ ២០២០ | កម្សាន្ដ

សិល្បករវ័យក្មេង សេក វិសាល ដែលល្បីល្បាញតាមរយៈស្នាដៃសិល្បៈច្នៃប្រឌិតបង្កើតសម្លៀកបំពាក់ពីគំនូរ កាលពីពេលថ្មីៗទើបបើកបង្ហាញស្នាដៃទី១០របស់ខ្លួន បង្កការចាប់អារម្មណ៍យ៉ាងខ្លាំងដល់អ្នកប្រើប្រាស់ហ្វេសប៊ុក ពោលសរសើរមិនដាច់ពីមាត់។ 

 



យុវជន សេក វិសាល ដែលគ្រប់តែងស្គាល់តាមរយៈស្នាដៃសិល្បៈច្នៃប្រឌិតបង្កើតសម្លៀកបំពាក់ពីគំនូរ ថ្មីៗនេះទើបបើកបង្ហាញស្នាដៃទី១០របស់ខ្លួន ឈ្មោះថា «ទេវអង្គរ» តាមបណ្តាញសង្គមហ្វេសប៊ុក បង្កការចាប់អារម្មណ៍យ៉ាងខ្លាំងដល់អ្នកប្រើប្រាស់។

 

 

ផ្តល់បទសម្ភាសន៍ជាមូយភីអិនអិនកាលពីពេលថ្មីៗ ម្ចាស់ស្នាដៃ «ទេវអង្គរ» រូបនេះថា ស្នាដៃទី១០របស់លោកនេះ គឺជាការច្នៃបង្កើតថ្មីសុទ្ធសាធ ដោយយកលំនាំតាមសន្ថាននៃក្បូរក្បាច់លើប្រាង្គប្រាសាទអង្គរវត្តខ្មែរ។

 

 

ស្នាដៃថ្មីនេះទៀតសោត មិនត្រូវបង្កើតឡើងក្នុង ឬដើម្បីឱកាសអ្វីពិសេសនោះទេ ពោល គឺដើម្បីទាក់ទាញ និងទាញអារម្មណ៍អ្នកទស្សនាមកមើលអ្វីប្លែកថ្មីពីការប្រើប្រាស់ការគូសជាគំនូរលើសាច់ក្រណាត់ សរុបជារួមគឺចង់ឲ្យគ្រប់គ្នាងាកមកចាប់អារម្មណ៍ផ្នែកគំនូរកាន់តែច្រើនជាងនេះ ព្រោះកន្លងទៅលោកមើលឃើញថា មានអ្នកច្នៃម៉ូដជាច្រើនបានជ្រើសប្រភេទក្រណាត់មានផ្កាភ្ញីមកច្រើនហើយ ទើបចង់ពង្រីកសក្កានុពល តាមរយៈការបង្កើតស្នាដៃថ្មីៗ។

 

 

ការឈ្មុសឈ្មុលបង្កើតស្នាដៃថ្មីៗជារឿយៗរបស់យុវជនរូបនេះ ក៏ដើម្បីលើកស្ទួយវិស័យច្នៃម៉ូដលក្ខណៈបែបឈុតតំណាងជាតិ (National Custom) ខណៈបច្ចុប្បន្នប្រទេសកម្ពុជាកំពុងចាប់អារម្មណ៍ច្រើនខ្លាំង លើកម្មវិធីប្រកួតបវរកញ្ញានានា ហើយកម្មវិធីទាំងនោះត្រូវបានរៀបចំឡើងជាបន្តបន្ទាប់ ដូច្នេះហើយក្នុងនាមអ្នកសិល្បករម្នាក់ពោរពេញដោយគំនិតច្នៃប្រឌិត លោកនៅតែបន្តបង្កើតស្នាដៃច្នៃប្រឌិតថ្មីឡើង ធ្វើយ៉ាងណាឲ្យគ្រប់យ៉ាងវាដើរទន្ទឹមគ្នា។ 

 


ម៉្យាង យុវជននេះមើលឃើញថា ប្រទេសជិតខាងគេជឿនលឿនលើផ្នែកនេះទៅឆ្ងាយហើយ ដូច្នេះយើងគួរផ្តើមធ្វើម្នាក់បន្តិច ដើម្បីសិល្បៈ វប្បធម៌របស់ខ្មែរយើងមានការរីកច្រើនទៅមុខដែរ។ «ទេវអង្គរ» ដែលគ្រងដោយនាថការីផ្នែករបាំបុរាណកញ្ញា សុគា គឹមលាង តួទេពធីតាឆ្នាំ២០១៨ ជាបន្ទុកផ្ទាល់ខ្លួនរបស់យុវជន សេក វិសាល ដោយឈុតនេះលោកចំណាយអស់ថវិកា ១លានចំនួន១លានរៀនក្នុងការច្នៃបង្កើតឡើង។

 

 

ឈុតនេះច្នៃឡើងដោយ ក្រដាសខ្មុក ថ្នាំពណ៌ និងក្រណាត់ធម្មតាតែសម្រាប់គូសូគំនូរ។

 

ក្រដាសខ្មុក ត្រូវប្រើប្រាស់លើផ្នែកគ្រឿងអលង្ការតែលម្អ ក្រណាត់ប្រើលើអាវ ចំណែកថ្នាំពណ៌គឺប្រើត្រង់ក្បិន ហើយក្នុងឈុតនេះក្បិនជាចំនុចពិសេសជាងគេព្រោះ យកគំនូរទាំងស្រុងទៅប្រើប្រាស់ដើម្បីស្លៀក។ ឲ្យដឹងក្នុងបទសម្ភាសន៍ខាងលើ អតីតនិស្សិតរៀននៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងសព្វថ្ងៃជាសិល្បករ សេក វិសាល ថា លោករីករាយនិងសហការជាមួយប្រសិនបើអ្នករៀបចំកម្មវិធីប្រកួតណាមួយពេញចិត្តស្នាដៃលោក ហើយមានបំណងទាក់ទងដើម្បីយកទៅចូលរួមប្រកួតជាឈុតតំណាងណាជាតិ។

 

 

គួររំលឹកថា ស្នាដៃច្នៃប្រឌិតគំនូរឲ្យទៅជាសម្លៀកបំពាក់របស់សិល្បករវ័យក្មេង សេក វិសាល តែងល្បីខ្ចរខ្ចាយតាមបណ្តាញសង្គមជាញឹកញាប់ លើសពីនេះស្នាដៃពីមុនរបស់លោកក៏ធ្លាប់នាំចេញទៅប្រកួតតាមកម្មវិធីបវរកញ្ញាអន្តរជាតិផងដែរ ក្នុងនោះរួមមាន Miss Tourism International 2017, Miss Tourism World 2017 និង Miss Crystal Angel International 2019។ 

 

 

 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ភីអិនអិន និងផ្តល់ឲ្យ 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025