ថ្ងៃច័ន្ទ ទី៣០ ខែមិថុនា ឆ្នាំ២០២៥

មន្ត្រីថា កូវីដ-១៩ មិនបង្អាក់ដំណើរការឧបត្ថម្ភសាច់ប្រាក់ស្ត្រីមានផ្ទៃពោះ និងកុមារក្រីក្រទេ

០៥ មិថុនា ២០២០ | ព័ត៌មានជាតិ

ខណៈការងារមួយចំនួន បានរាំងស្ទះ ឬយ៉ាងហោចណាស់ ពន្យឺត និងពន្យារ ដោយសារតែជំងឺកូវីដ ១៩ ប៉ុន្តែមន្ត្រីទទួលបន្ទុក អះអាងថា កូវីដ ១៩ បានជំរុញឱ្យអ្នកពាក់ព័ន្ធប្រតិបត្តិការងារក្នុងការផ្តល់សាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ កាន់តែល្អប្រសើរហើយថវិកាទាំងនោះ បានរួមចំណែកទ្រទ្រង់ដល់ជីវភាពដល់គ្រួសារក្រីក្រមួយចំណែក នៅក្នុងដំណាក់កាលកូវីដ ១៩ នេះ ។

 


ជំងឺកូវីដ ១៩ មិនត្រឹមតែមិនបានបន្ទច់បង្អាក់ ដល់ដំណើរការចុះឈ្មោះ និង ផ្តល់សេវា នៃ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដល់ស្ត្រីមានផ្ទៃពោះ និង កុមារក្រោមអាយុ ២ ឆ្នាំ ក្នុងគ្រួសារក្រីក្រប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបានជំរុញឱ្យស្ថាប័នពាក់ព័ន្ធបង្កើន ការយកចិត្តទុកដាក់ និង ប្រសិទ្ធភាពការងាររបស់ខ្លួនទៀតផង ហើយជាលទ្ធផល គិតពីត្រឹមថ្ងៃទី ១ ខែ កុម្ភៈ ដល់ត្រឹមថ្ងៃទី ៤ ខែ មិថុនា ឆ្នាំ ២០២០ នេះ ស្ត្រីមានផ្ទៃពោះ និង កុមារក្រោមអាយុ ២ ឆ្នាំ ជាង ១ ម៉ឺន ៩ ពាន់ ៥ រយ នាក់ហើយ ដែលបានចុះឈ្មោះ ទទួលបានសេវា និង ការឧបត្ថម្ភសាច់ប្រាក់ សរុបជាទឹកប្រាក់ជាង ៥ ពាន់ ៦៧ លានរៀល ។ នេះគឺជាការអះអាងរបស់លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម នៃ ក្រសួងសង្គមកិច្ច ដែលជាអ្នកទទួលបន្ទុកដឹកនាំការអនុវត្តផ្ទាល់ នូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និង កុមារក្រោមអាយុ ២ ឆ្នាំ ក្នុងគ្រួសារក្រីក្រ ។

 


គប្បីរំឭកថា ក្នុងគោលបំណងលើកកម្ពស់អាហារូបត្ថម្ភ ដើម្បី កសាងមូលធនមនុស្ស រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និង កុមារក្រោមអាយុ ២ ឆ្នាំ ក្នុងគ្រួសារក្រីក្រ រយៈពេលប្រមាណជា ១ ឆ្នាំមកហើយ ដែលបានសេចក្តីថា គោលដៅ នៃ សេវា និង ថវិកា ដែលបានផ្តល់ជូនខាងលើដូចដែលលោក ឈួរ សុបញ្ញ អះអាងមកនេះ គឺ សម្រាប់លើកកម្ពស់អាហារូបត្ថម្ភកុមារ ។ ប៉ុន្តែនៅអំឡុងពេលជំងឺកូវីដ ១៩ នេះ ការអង្កេតរហ័សមួយត្រូវបានធ្វើឡើង ហើយបានរកឃើញថា ថវិកាដែលបានពីកម្មវិធីនេះ ត្រូវបានភាគច្រើនបំផុត នៃ គ្រួសារទាំងនោះ យកទៅប្រើប្រាស់ ដើម្បី ទ្រទ្រង់ដល់ជីវភាពប្រចាំថ្ងៃ នៃ គ្រួសាររបស់ពួកគាត់បានមួយចំណែក ។

 


ក៏សូមជម្រាបផងដែរថា ថ្មីៗនេះរាជរដ្ឋាភិបាល បានបង្កើតអនុគណៈកម្មាធិការជំនួយសង្គម ដើម្បី សហការជាមួយស្ថាប័នពាក់ព័ន្ធក្នុងការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ និង ងាយរងគ្រោះពីជំងឺកូវីដ ១៩ ដើម្បី ឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារទាំងនោះ ហើយកម្មវិធីដ៏សំខាន់មួយនោះ រំពឹងថា នឹងត្រូវបានអនុវត្តនៅក្នុងអំឡុងខែ មិថុនា ពោលគឺប៉ុន្មានថ្ងៃខាងមុខនេះ ៕

 

អត្ថបទ៖ ខឿន សាឃាង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025