ថ្ងៃច័ន្ទ ទី៣០ ខែមិថុនា ឆ្នាំ២០២៥

មន្ត្រីថា ត្រៀមរួចរាល់ហើយ សម្រាប់អនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ អំឡុងកូវីដ-១៩

០៩ មិថុនា ២០២០ | ព័ត៌មានជាតិ

ដោយមានកិច្ចសហការយ៉ាងដិតដល់ និង កិច្ចខិតខំប្រឹងយ៉ាងយកចិត្តទុកដាក់សស្រាក់ សស្រាំពីគ្រប់ភាគីពាក់ព័ន្ធ  ឥឡូវនេះ អ្វីៗគ្រប់យ៉ាងត្រូវបានត្រៀមរួចរាល់អស់ហើយ សម្រាប់ អនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និង ងាយរងគ្រោះអំឡុង ពេល ជំងឺកូវីដ ១៩ ដែលក្នុងនោះ មានដូចជាបញ្ជីគ្រួសារក្រីក្រ និង ងាយរងគ្រោះ ការបណ្តុះបណ្តាលប្រតិបត្តិករ និង លិខិតបទដ្ឋានគតិយុត្តិនានា ជាដើម គឺបានរៀបចំរួចរាល់ហើយ រង់ចាំតែសេចក្តីសម្រេចចុងក្រោយប៉ុណ្ណោះ ។ នេះគឺជាការអះអាងរបស់លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម នៃ ក្រួសង្គមកិច្ច ដែលជាមនុស្សដ៏សំខាន់ម្នាក់ក្នុងអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និង ងាយរងគ្រោះអំឡុងពេលជំងឺកូវីដ ១៩ ។

 


សូមជម្រាបថា ជាកិច្ចអន្តរាគមន៍ពិសេស សម្រាប់ដំណាក់កាលជំងឺកូវីដ ១៩ នេះ រាជរដ្ឋាភិបាល កម្ពុជា បានដាក់ចេញកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និង ងាយរងគ្រោះអំឡុងពេលជំងឺកូវីដ ១៩ ហើយប្រសិនបើគ្មានការប្រែប្រួលទេនោះ កម្មវិធីនេះ នឹងត្រូវបានចាប់ផ្តើមអនុវត្តចាប់ពីពាក់កណ្តាលខែ មិថុនា ពោលគឺប៉ុន្មានថ្ងៃខាងមុខនេះ ហើយគេមិនគួរច្រឡំកម្មវិធីនេះ ទៅនឹងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និង កុមារក្រោមអាយុ ២ ឆ្នាំ ក្នុងគ្រួសារក្រីក្រ ឡើយ ពោលគឺវាជាកម្មវិធី ២ ផ្សេងគ្នា ។

 


ក៏គប្បីរំឭកផងដែរថា រាជរដ្ឋាភិបាល ក៏បានដាក់ចេញ និង កំពុងអនុវត្តនូវកម្មវិធីស្រដៀងគ្នានេះ ចំពោះកម្មករកម្មការិនីដែលរងផលប៉ះពាល់នៅក្នុងវិស័យការ់ដេរ និង វិស័យទេសចរណ៍សរុបប្រមាណជា ៥ ម៉ឺននាក់ មកពី ១៦៥ រោងចក្រសហគ្រាស ៕


អត្ថបទ៖ ខឿន សាឃាង រូបភាព៖ ឆិល សុភ័ស្ត
 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025