ថ្ងៃច័ន្ទ ទី៣០ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី៣០ ខែមិថុនា ឆ្នាំ២០២៥
ស្ថាប័នទាំងអស់ចំណុះក្រសួងសង្គមកិច្ច ពិសេសមណ្ឌលនានា ដែលជាកន្លែងរស់នៅប្រមូលផ្តុំ ដូចជាមណ្ឌកុមារកំព្រា មណ្ឌស្តារនីតិសម្បទា មណ្ឌលបន្សាបគ្រឿងញៀន និង មណ្ឌលជនពិការ ជាដើម ទោះជាក្រោមឱវាទរដ្ឋ ឬ ក្រោមការគ្រប់គ្រងរបស់អង្គការក៏ដោយ មេត្តាកុំទម្លាក់ដៃឱ្យទាល់តែសោះ ពោលគឺត្រូវបន្តអនុវត្តវិធានការការពារ ទប់ស្កាត់នូវការឆ្លងជំងឺកូវដី ១៩ ឱ្យបានខ្ជាប់ខ្ជួនតទៅទៀត ព្រោះ កម្ពុជា មិនទាន់មានសុវត្ថិភាពពីកូវីដ ១៩ នៅឡើយទេ ។ នេះគឺជាការក្រើនរំឭករបស់ឯកឧត្តម តូច ចាន់នី អគ្គនាយកបច្ចេកទេស នៃ ក្រសួងសង្គមកិច្ច ។
អ្នកជំងឺកូវដី ១៩ ចុងក្រោយនៅ កម្ពុជា ត្រូវបានព្យាបាលឱ្យជាសះស្បើយត្រឹមថ្ងៃទី ១៦ ខែ ឧសភា នេះ ហើយមិនបានរកឃើញអ្នកឆ្លងថ្មី តាំងពីពាក់កណ្តាលខែ មេសា មកម៉្លេះ គឺប្រការនេះឯងហើយ បណ្តាលឱ្យសាធារណជន និយាយជារួម និង មណ្ឌលរស់នៅប្រមូលផ្តុំនិយាយដោយឡែក ត្រូវបានមើលឃើញថា បានបន្ថយការប្រុងប្រយ័ត្នមួយកម្រិត ។
ប៉ុន្តែជាបន្តបន្ទាប់សម្តេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និង អង្គការសុខភាពពិភពលោក តែងតែបានសំណូមពរ និង ពន្យល់យ៉ាងទទូចថា ត្រូវតែប្រុងប្រយ័ត្ន និង អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវការពារខ្លួនដូចជាលាងសម្អាតដៃ ពាក់ម៉ាស់នៅពេលចាំបាច់ និង នៅឱ្យឃ្លាតគ្នាពី ១ ទៅ ២ ម៉ែត្រជាដើម ហើយថាគ្រប់ពេលវេលា កម្ពុជា អាចនឹងរងការវាយប្រហារដោយរលកទី ២ នៃ ជំងឺកូវីដ ១៩ ដែលអាចនឹងធ្ងន់ធ្ងរជាងអ្វីដែលកម្ពុជា បានរងកន្លងមក ប្រសិនបើកម្ពុជា ធ្វេសប្រហែស ។
ចំពោះមណ្ឌលនានាដែលជាកន្លែងរស់នៅប្រមូលផ្តុំ ជាពិសេសមណ្ឌដែលមនុស្សនៅទីនោះជាអ្នកមានបញ្ហាផ្លូវចិត្ត ដូចជាមណ្ឌលបន្សាបគ្រឿងញៀន និង មណ្ឌស្តារនីតិសម្បទាជនវិបល្លាសស្មារតី ជាដើម គឺជាកន្លែងដែលប្រឈមខ្ពស់ក្នុងការឆ្លងជំងឺកូវីដ ១៩ គឺក្នុងន័យនេះហើយ ទើបឯកឧត្តម តូច ចាន់នី តែងតែបានក្រើនរំឭកជាបន្តបន្ទាប់ដល់អ្នកគ្រប់គ្រងមណ្ឌលទាំងនោះ ឱ្យប្រុងប្រយ័ត្នជានិច្ចចំពោះជំងឺកូវដី ១៩ ៕
អត្ថបទ៖ ខឿន សាឃាង