ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

បេក្ខជនបាក់ឌុប ជាប់ជាង ៦៥ ភាគរយ ហើយនិទ្ទេស A ច្រើនជាងឆ្នាំ២០១៩ ជិត ៤ ដង

១៥ មករា ២០២២ | ព័ត៌មានជាតិ



បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប ដែលបានប្រឡងជាប់នាឆ្នាំនេះមានសរុប ៧ ម៉ឺន ២ ពាន់ ១៦ នាក់ ស្មើនឹង ៦៥,៦៥ ភាគរយ នៃ បេក្ខជនសរុបដែលបានចូលរួមប្រឡង ។ នេះគឺជាការប្រកាសឱ្យដឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ពោលគឺមុននេះបន្តិច ។


ជាការកត់សម្គាល់ អត្រាភាគរយនេះ បានថយចុះបន្តិច បើប្រៀបធៀបទៅកាលពីឆ្នាំ២០១៩ ដែលបេក្ខជនបានប្រឡងជាប់ចំនួន៦៨,៦២ ភាគរយ ។ ប៉ុន្តែចំពោះបេក្ខជនដែលបានប្រឡងជាប់ និងទទួលបាននិទ្ទេស A នៅឆ្នាំនេះ មានចំនួន ១ ៧៥៣ នាក់ ពោលគឺកើនឡើងជិត ៤ ដងឯណោះ បើធៀបទៅនឹងកាលពីឆ្នាំ២០១៩ ដែលមានបេក្ខជននិទ្ទេស A ត្រឹមតែចំនួន ៤៤៣ នាក់ប៉ុណ្ណោះ ។


ចំណែកបេក្ខជនទទួលបាននិទ្ទេស B ក៏ខុសគ្នាគួរឱ្យកត់សម្គាល់ដែរ គឺឆ្នាំនេះបេក្ខជនទទួលបាននិទ្ទេស B ចំនួន ៥ ២១៥ នាក់ គឺបានកើនឡើងជាង ២ ដង បើធៀបទៅនឹងកាលពីឆ្នាំ២០១៩ ដែលមានបេក្ខជននិទ្ទេស B ត្រឹមតែ ២ ៤៣០ នាក់ប៉ុណ្ណោះ ។


រាជធានីខេត្តចំនួន ៨ ដែលមានបេក្ខជនទទួលបាននិទ្ទេស A ច្រើនជាងគេ គឺរាធានីភ្នំពេញ ៥៦៥ នាក់ , ខេត្តសៀមរាប ១៥៣ នាក់ , ខេត្តកណ្តាល ១២៧ នាក់ , ខេត្តបាត់ដំបង ១២៣ នាក់ , ខេត្តកំពង់ចាម ១១៨ នាក់ ចំណែកខេត្តបន្ទាយមានជ័យ និង ខេត្តតាកែវ មានបេក្ខជនទទួលបាននិទ្ទេស A ចំនួន ៩៩ នាក់ តែរៀងៗខ្លួន ខណៈខេត្តព្រៃវែង មានចំនួន ៨៧ នាក់ ។


សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប បានប្រព្រឹត្តទៅកាលពីថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ ដោយមានបេក្ខជនចូលរួមប្រឡងប្រមាណជា ១១ ម៉ឺននាក់  ។ ពីដំបូងឡើយ ក្រសួងអប់រំគ្រោងថា នឹងប្រកាសលទ្ធផល នៃ ការប្រឡងបាក់ឌុប នេះនៅថ្ងៃទី១៨ និង ១៩ ខែមករា ឆ្នាំ២០២២ នេះ ។

 

ប៉ុន្តែស្រាប់តែត្រូវបានប្រកាសនៅថ្ងៃទី១៤ និង ១៥ នេះវិញ ត្រូវបានឯកឧត្តមបណ្ឌិត រស់ សុវាចា មន្ត្រីនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ពន្យល់ថា ដោយសារការបូកស្រង់ពិន្ទុ និងការផ្ទៀងផ្ទាត់ពិន្ទុ បានបញ្ចប់មុនការគ្រោងទុក ក្រោមកិច្ចសហការស្អិតល្មួតពីគ្រប់ភាគីពាក់ព័ន្ធប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តន៍បទបញ្ញត្តិនានា នៃ ការប្រឡង ។

 


ជាមួយគ្នានេះ ក្រសួងអប់រំបានចេញសេចក្តីណែនាំ ៦ ចំណុចដល់អ្នកពាក់ព័ន្ធ ធ្វើយ៉ាងណាចាត់ចែង កុំឱ្យបេក្ខជនដែលទៅមើលលទ្ធផលប្រឡងរបស់ពួកគេប្រមូលផ្តុំគ្នា ព្រោះក្រសួងអប់រំ ក៏កំពុងបារម្ភចំពោះហានិភ័យនៃ មេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មីអូមីក្រុង ដែលត្រូវបានរកឃើញកើនឡើងជាបន្តបន្តាប់រយៈពេលប៉ុន្មានថ្ងៃមកនេះ ។

 

 

ក្នុងន័យនេះ ក្រសួងអប់រំ ក៏ប្រកាសលទ្ធផលប្រឡងនេះ នៅតាមហ្វេសប៊ុកផ្លូវការរបស់ក្រសួងផងដែរ ។ ដូច្នេះមធ្យោបាយល្អបំផុត បេក្ខជនមិនចាំបាច់ទៅមើលលទ្ធផលប្រឡងរបស់ខ្លួននៅតាមមណ្ឌលប្រឡងនីមួយៗក៏បានដែរ គឺអាចឆែកមើលលទ្ធផលប្រឡងរបស់ខ្លួននៅតាមហ្វេសប៊ុករបស់ក្រសួងអប់រំជាជំនួសវិញ ក៏ជាប្រការល្អប្រសើរបំផុត៕
 

 

 

អត្ថបទ៖ ខឿន សាឃាង  រូបភាព៖ ឆិល សុភ័ស្ត

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024