ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

តម្លៃសាច់ជ្រូករស់អាចនឹងហក់ឡើងថ្លៃស្មើនឹងតម្លៃដើមវិញឬលើសជាងសម្រាប់បុណ្យចូលឆ្នាំចិននេះ

១៣ មករា ២០២២ | សេដ្ឋកិច្ច

 

សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាឲ្យដឹងថា បន្ទាប់ពីកម្ពុជាសម្រេចឲ្យដំណើរការសេដ្ឋកិច្ចឡើងវិញតម្រូវការសាច់ជ្រូកនៅលើទីផ្សារបានចាប់ផ្តើមមានកំណើនឡើងវិញ និងតម្លៃសាច់ជ្រូករស់ក៏បានហក់ឡើងថ្លៃខ្ពស់ឡើងវិញជាបណ្តើរៗដែរគិតចាប់តាំងពីចុងឆ្នាំ២០២១មក។


លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានគូសបញ្ជាក់ប្រាប់ភីអិនអិនថា តម្លៃសាច់ជ្រូករស់នៅលើទីផ្សារចាប់ផ្តើមរំកិលកើនឡើងវិញម្តងបន្តិចៗ ដែលការរំកិលកើនឡើងដូចគ្រាដើមវិញជុំវិញ១ម៉ឺន៣ពាន់រៀលក្នុង១គីឡូក្រាម ឬអាចលើសពីនេះ ពិសេសនៅអំឡុងពេលបុណ្យឆ្នាំចិននេះតែម្តង ខណៈតម្រូវការសាច់ជ្រូកពីប្រទេសជិតខាងកំពុងតែកើនឡើងខ្លាំងដែរ។

 


លោកស្រ៊ុន ពៅបានបន្តអះអាងថា ការផ្គត់ផ្គង់សាច់ជ្រូកក្នុងស្រុកពេលនេះមិនទាន់គ្រប់គ្រាន់នៅឡើយទេ ចាំបាច់ត្រូវតែមានតម្រូវការនាំចូលបន្ថែម ប៉ុន្តែការរំពឹងការនាំចូលបែបនេះកំពុងជួបការលំបាកដែរ ដោយសារតែតម្លៃសាច់ជ្រូកប្រទេសជិតខាងបានកំពុងហក់ឡើងថ្លៃខ្ពស់ និងកំពុងមានតម្រូវការសាច់ជ្រូកច្រើន ខណៈការផ្គត់ផ្គង់មិនគ្រប់តម្រូវការ។

 


លោកស្រ៊ុន ពៅបានបន្ថែមថា ស្ថិតនៅក្នុងអំឡុងពេលដែលកម្ពុជាកំពុងមានតម្រូវការសាច់ជ្រូកកើនឡើងនេះ ក្នុងនាមប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាសូមស្នើមិនឲ្យមានការនាំចូលសាច់បង្កកនោះឡើយ ហើយក៏សូមស្នើឲ្យប្រជាពលរដ្ឋអ្នកចិញ្ចឹមទាំងឡាយបន្តការចិញ្ចឹមជាមួយនឹងភាពប្រុងប្រយ័ត្នខ្ពស់អំពីការធ្វើអនាម័យ ធានាការឆ្លងជំងឺផ្សេងៗផងដែរ៕

 

 

 អត្ថបទ ស៊ឺន សុន និងរូបភាពឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024