ថ្ងៃអង្គារ៍ ទី១៣ ខែឧសភា ឆ្នាំ២០២៥

មន្ត្រីថា ជនមានពិការភាព មានឱកាសរៀនសូត្រ និងទទួលការងារ មុខរបរសមរម្យក្នុងសង្គម

២២ ធ្នូ ២០២១ | ព័ត៌មានជាតិ

 


សម័យកាលនេះ ជនមានពិការភាពគ្រប់ភេទ មានកាសដូចមនុស្សទូទៅដែរក្នុងការសិក្សារៀនសូត្រ ចាប់យកចំណេះ និង ជំនាញ ដោយសារមានរាជរដ្ឋាភិបាល និង ដៃគូពាក់ព័ន្ធជាបង្អែក ជាអ្នកផ្តល់ការយកចិត្តទុកដាក់ និង ផ្តល់ឱកាស ។ ហេតុនេះជនមានពិការភាពមិនមែនជាបន្ទុក នៃ សង្គមទេ ជនពិការភាពគឺជាផ្នែកដ៏សំខាន់មួយមិនអាចខ្វះបាន ក្នុងការអភិវឌ្ឍគ្រួសារ សហគមន៍ និង ប្រទេសជាតិ ។ ជាក់ស្តែងជនមានពិការភាពយ៉ាងច្រើនទទួលបានការអប់រំ ការបណ្តុះបណ្តាល និង មានការងារ មុខរបរសមរម្យស្មើមុខស្មើមាត់នៅក្នុងសង្គមនាពេលបច្ចុប្បន្ននេះ ។

 

 

ហេតុនេះសូមជនមានពិការភាពគ្រប្រភេទទាំងអស់នៅទូទាំងប្រទេស ក៏ដូចជាក្រុមគ្រួសារ នៃ ជនមានពិការភាព កុំបណ្តែតបណ្តោយឱ្យពិការភាពជាន់ឈ្លី ត្រូវជឿជាក់ ស្ទុះស្ទារ អភិវឌ្ឍខ្លួនឱ្យស្របតាមតម្រូវការសង្គម ។ ប្រសិនបើមិនខិតខំប្រឹងប្រែងទេនោះ កុំថាឡើយជនមានពិការភាព សូម្បីតែមនុស្សដែលមានកាយសម្បទាគ្រប់គ្រាន់ ក៏នឹងក្លាយជាមនុស្សទន់ខ្សោយ ឬ ជាបន្ទុករបស់គ្រួសារ និង របស់សង្គមដែរ ។ នេះគឺជាការលើកឡើងរបស់ឯកឧត្តម ហឿង សុផុន អនុរដ្ឋលេខាធិការ នៃ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា នាឱកាសបើកផ្តល់ប្រាក់របបគោលនយោបាយដល់ជនមានពិការភាពក្រីក្រ នៅឯសមាគមសំនៀងតន្ត្រីជនពិការ នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ នេះ ។

 


ដោយឡែកចំពោះការបើកប្រាក់របបគោលនយោបាយជូនជនពិការក្រីក្រ នេះ លោក យៀប ម៉ាលីណូ ប្រធាននាយកដ្ឋានសុខុមាលភាពជនពិការ នៃ ក្រសួងសង្គមកិច្ច បានឱ្យបានដឹងថា រហូតមកដល់ពេលនេះ ជនមានពិការភាពប្រមណជា ១ ម៉ឺន ៧ ពាន់នាក់ នៅក្នុង ១៧ រាជធានី ខេត្ត ដែលទទួលបានរបបគោលនយោបាយនេះ ដោយឈរលើកគោលការណ៍២ផ្នែក គឺ គាត់ជានជនមានពិការភាពអនចិន្ត្រៃយ៍ និងជាជនមានពិការភាពនៅក្នុងគ្រួសារក្រីក្រ ហើយថាដែលអាចដឹងថាគាត់ជាជនមានពិការភាពស្ថិតនៅក្នុងកត្តាវិនិច្ឆ័យទាំង ២ នេះទៅបាន អាស្រ័យលើព័ត៌មានសំខាន់ៗ បំផុត ពីកាធ្វើអត្តសញ្ញាណកម្មពិការភាពតាមបែបគំរូសង្គម ។


ដោយឡែកក្នុងក្របខ័ណ្ឌរាជធានីភ្នំពេញ ក្នុងរយៈពេល ៣ ថ្ងៃមកនេះ បានរៀបចំពិធីបើកប្រាក់របបគោលនយោបាយជូនជនមានពិការភាពបានជិត ៧០០ នាក់ ។ 
ដោយសារព័ត៌មានដែលបានមកពីកាធ្វើអត្តសញ្ញាណកម្មពិការភាពតាមបែបគំរូសង្គម គឺជាប្រភពដ៏សំខាន់បំផុតក្នុងការផ្តល់ផលប្រយោជន៍ដល់ជនមានពិការភាពគ្រប់ប្រភេទនេះ លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច រាជធានីភ្នំពេញ បានឱ្យដឹងថា មន្ទីរសង្គមកិច្ច បាន និង កំពុងមមាញឹក្នុងការធ្វើអត្តសញ្ញាណកម្មជូនជនមានពិការភាពគ្រប់ប្រភេទ ហើយថារហូតមកដល់ពេលនេះសម្រេចបានជាង ៧០០០ នាក់ហើយ ។ ក្នុងន័យនេះ លោកស្រី មុំ ចាន់ដានី ក៏សំណូមពរដល់ជនមានពិការភាព ក៏ដូចក្រុមគ្រួសាររបស់ជនមានពិការភាពទាំងអស់ មេត្តាផ្តល់កិច្ចសហការពេញលេញក្នុងការផ្តល់ព័ត៌មានដល់មន្ត្រីក្នុងកាធ្វើអត្តសញ្ញាណកម្មពិការភាព ឱ្យបានគ្រប់ៗគ្នា ពីព្រោះកាធ្វើអត្តសញ្ញាណកម្មពិការភាពតាមបែបគំរូសង្គម នេះ នាំមកនូវផលប្រយោជន៍យ៉ាងច្រើនដល់ជនមានពិការភាព ក៏ដូចជាប្រសិទ្ធភាពចំគោលដៅ នៃ ការងាររបស់ស្ថាប័នរាជរដ្ឋាភិបាល និង ដៃគូអភិវឌ្ឍន៍នានា ។


គប្បីជម្រាបជូនថា បច្ចុប្បន្ននេះ នៅទូទាំងប្រទេសកម្ពុជា ជនមានពិការភាពប្រមាណជា ៦៩ ម៉ឺន នាក់ ដែលចំនួននេះ ធ្វើឱ្យជនពិការភាព នឹងក្លាយជាចលករដ៏សំខាន់ក្នុងការកសាងប្រទេសជាតិ ដូចអ្វីដែលឯកឧត្តម ហឿង សុផុន លើកឡើងខាងដើមនេះស្រាប់ ប្រសិនបើជនមានពិការភាពទាំងនោះ មានចំណេះដឹង និង ជំនាញត្រឹមត្រូវ  ៕

 

 

អត្ថបទ៖ ខឿន សាឃាង     រូបភាព៖ ឆិល សុភ័ស្ត

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025