ថ្ងៃអាទិត្យ ទី០៦ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី០៦ ខែកក្កដា ឆ្នាំ២០២៥
រយៈពេលជាង១ឆ្នាំហើយ នៅទីបំផុតខេត្តសៀមរាប ជាខេត្តប្រវត្តិសាស្រ្តនៃព្រះរាជាណាចក្រកម្ពុជា បានចាប់ផ្តើមផ្លាស់ប្តូរមុខមាត់មកជារស់រវើកឡើងវិញម្តងទៀត ក្រោយរងការខូតខាតយ៉ាងដំណំដោយសារបញ្ហាការរាតត្បាតនៃជំងឺកូវីដ១៩។ កត្តានេះបានជម្រុញឱ្យកើតមានការប្រារព្ធព្រឹត្តិការណ៍ «មហោស្រពសិល្បៈអន្តរជាតិអង្គរឆ្នាំ២០២១» ឡើង ក្រោមការចូលរួមឧបត្ថមពីវិស័យឯកជន។
«មហោស្រពសិល្បៈអន្តរជាតិអង្គរឆ្នាំ២០២១» រៀបចំឡើងដោយក្រុមហ៊ុន Cambodian Arts and Festival Enterprise Co. Ltd. ក្រោមកិច្ចសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរ ទៅកាន់សាធារណៈជន ទាំងក្នុង និងក្រៅស្រុក។«មហោស្រពសិល្បៈអន្តរជាតិអង្គរឆ្នាំ២០២១» នេះ ត្រូវគេរំពឹងថា អាចនឹងជួយឱ្យក្រុងសៀមរាមទាក់ទាញការចាប់អារម្មណ៍ពីភ្ញៀវទេសចរ ក៏ដូចជាជួយជម្រុញឱ្យភ្ញៀវទេសចរមកទស្សនាខេត្តសៀមរាប វិញកាន់តែច្រើនឡើង ចាប់ពីសប្តាហ៍ក្រោយនេះតទៅ។
លោក ស៊ីយ៉ុន សុផារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់ឱ្យដឹងថា «នៅថ្ងៃទី ១០ ១១ ១២ យើងមានការចាក់ផ្សាយកុន និងការសម្តែងនានាដែរ អ៊ីចឹង! ព្រឹត្តិការណ៍នេះយើងធ្វើដើម្បី ទី១ ឱ្យប្រជាជនខ្មែរទូទៅបានដឹងថាក្រុងសៀមរាបយើងបានដាក់បញ្ចូលជាទីក្រុងវប្បធម៌របស់អាស៊ាន។ ទី២ គឺឱ្យកាត់បានយល់អំពីតម្លៃនៃវប្បធម៌ផ្សេងៗរបស់ស្រុកខ្មែរដែលយើងចាក់ផ្សាយ។ ទី៣ គឺឱ្យពិភពលោកបានដឹង។ យើងជឿ និងសង្ឃឹមថា ការបើកឆាកហ្នឹង នឹងទាក់ទាញភ្ញៀវទេសចរឱ្យរស់ឡើងវិញ ព្រោះទេសចរក៏ជាផ្នែកមួយនៃសេដ្ឋកិច្ចរបស់ជាតិដែរ។»
លោកបន្តថា «ខ្ញុំអរគុណទាំងអស់គ្នា! ហើយជាពិសេសខាងអ្នកឧបត្ថមកម្មវិធីដែលគេជួយជាថវិកាក្នុងការរៀបចំ។ បើអត់មានថវិកាទាំងអស់ហ្នឹងទេ យើងនឹងមានការលំបាកខ្លាំង។ ខ្ញុំសូមអរគុណដល់អ្នកគាំទ្រ ជាមហាជនទូទៅនៅលើពិភពលោក ដែលចូលរួមទស្សនា ព្រោះការចូលរួមទាំងអស់គ្នាហ្នឹងឯង ដែលធ្វើឱ្យកិច្ចការទាំងអស់ហ្នឹង បានជោគជ័យបាន។»
ក្រុមហ៊ុនឯកជនពាក់ព័ន្ធផ្សេងៗជាច្រើនទៀត ក៏ត្រូវបានថ្លែងអំណរគុណ ក្នុងការចូលរួមឧបត្ថមគាំទ្រ ជាចំណែកដ៏សំខាន់នាំឱ្យកើតមានព្រឹត្តិការណ៍ «មហោស្រពសិល្បៈអន្តរជាតិអង្គរឆ្នាំ២០២១» អាចកើតឡើងលើទឹកដីអង្គរ ខេត្តសៀមរាប នេះផងដែរ។
សូមជម្រាបថា «មហោស្រពសិល្បៈអន្តរជាតិអង្គរឆ្នាំ២០២១» ជាការរៀបចំឡើងលើកដំបូងបំផុតនៅក្នុងខេត្តសៀមរាប។ មហោស្រពនេះ នឹងប្រារព្ធរៀបចំឡើងរយៈពេល៣ថ្ងៃ គឺថ្ងៃទី ១០ ១១ និង ១២ ខែធ្នូ ឆ្នាំ២០២១នេះ នៅក្នុងខេត្តសៀមរាប និងឧទ្យានអង្គរ។
កម្មវិធីសប្បាយៗជាច្រើននឹងកើតមានក្នុង «មហោស្រពសិល្បៈអន្តរជាតិអង្គរឆ្នាំ២០២១» ដូចជា៖ «ការធ្វើបទបង្ហាញអំពីរឿងខ្លែងឯក» «ការបង្ហោះខ្លែងឯក» «កម្មវិធីភាពយន្តអំពីខ្លែងឯក» «បទបង្ហាញពី ផ្លយ» «ការសម្តែង ចាប៉ីដងវែង» «ការសម្តែងល្ខោនខោល» «ការសម្តែងល្បុក្កតោ» «ស្បែកធំ (ល្ខោនស្រមោលស្បែកធំ)» «កម្មវិធីពាក់ព័ន្ធអ្នកនិពន្ធ និងអ្នកអាន» «ការជជែកជាមួយសិល្បករ» «ការគូរគំនូរផ្ទាល់ដោយក្រុមហ្វារ» «ការតាំងពិព័រណ៌» និងសកម្មភាពសិល្បៈជាច្រើនទៀត។
កុំភ្លេចចូលរួមកម្សាន្ត «មហោស្រពសិល្បៈអន្តរជាតិអង្គរឆ្នាំ២០២១» នៅចុងសប្តាហ៍នេះឱ្យបានច្រើនកុះករ ដើម្បីអបអរក្រុងសៀមរាប ត្រូវបានដាក់បញ្ចូលជាទីក្រុងវប្បធម៌របស់អាស៊ាន។ កុំភ្លេចអនុវត្ត វិធាន ៣កុំ៣ការពារ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ផ្តល់ឱ្យ និង Page Angkor International Festival of the Arts